ABA​ បន្ថែម​មុខងារ​ផ្តល់​កម្ចី​ភា្ល​មៗ ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ របស់​ខ្លួន​

27/Jan/2020

ABA​ adds​ Instant​ Loan 3ABA​ adds​ Instant​ Loan 3

ធនាគារ​ ABA​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា​ នៅ​ថ្ងៃនេះ​ ប្រកាស​ឲ្យ​ប្រើប្រាស់​មុខងារ​ថ្មី​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ហៅ​ថា​ «​កម្ចី​ភ្លាមៗ​ តាម​រយៈ​បញ្ញើ​មាន​កាលកំណត់​»​។​ មុខងារ​ «​កម្ចី​ភ្លាមៗ​»​ អាច​ឲ្យ​អតិថិជន​ទទួល​បាន​ប្រាក់​កម្ចី​ខ្នាត​តូច​សម្រាប់​តម្រូវការ​សាច់ប្រាក់​បន្ទាន់​នានា​ ដោយ​មិន​ចាំបាច់​បិទ​គណនី​បញ្ញើ​មាន​កាលកំណត់​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ការ​ប្រាក់​នោះ​ឡើយ​។​ ធនាគារ​ ABA​ បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ទទួល​បាន​ប្រាក់​កម្ចី​ភ្លាមៗ​តាម​ទូរស័ព្ទ​ដៃ​។​

​ជាមួយ​មុខងារ​នេះ​ អតិថិជន​អាច​ទទួល​បាន​កម្ចី​ភ្លាមៗ​ តាម​រយៈ​ការ​ប្រើប្រាស់​គណនី​បញ្ញើ​មាន​កាលកំណត់​ ABA​ ជា​ដុល្លារ​អា​មេ​រិ​ក​ ឬ​ប្រាក់​រៀល​ដោយ​មិន​គិតថ្លៃ​សេវា​ទេ​។​ មិនតែប៉ុណ្ណោះ​អតិថិជន​អាច​បង់​សង​ប្រាក់​កម្ចី​បាន​គ្រប់ពេល​ដោយ​គ្មាន​ការ​ពិន័យ​សម្រាប់​ការ​សង​ប្រាក់​មុន​កាលកំណត់​ឡើយ​ ដោយ​ធ្វើការ​បង់ការ​ប្រាក់​តាម​ចំនួន​ថ្ងៃ​ជាក់ស្ដែង​ដែល​ពួក​គេ​បាន​ខ្ចី​ប៉ុណ្ណោះ​។​

ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​ភ្លាមៗ​ តាម​រយៈ​បញ្ញើ​មាន​កាលកំណត់​ អតិថិជន​ដែល​ប្រើ​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ធនាគារ​ ABA​ ត្រូវ​អនុវត្ត​តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​នេះ​៖

  1. ​បើក​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​ប៊ូ​តុង​ ប្រាក់​កម្ចី​ ដែល​មាននៅ​លើ​អេ​ក្រង់​ដើម​។​
  2. ជ្រើសរើស​គណនី​បញ្ញើ​មាន​កាលកំណត់​ ធ្វើ​ជា​ទ្រព្យ​ធានា​ប្រាក់​កម្ចី​ភ្លាមៗ​។​
  3. ​បញ្ចូល​ចំនួន​ប្រាក់​កម្ចី​ដែល​អាច​ខ្ចី​បាន​រហូត​ដល់​ 90%​ នៃ​ចំនួន​ទឹកប្រាក់​បញ្ញើ​មាន​កាលកំណត់​ បន្ទាប់​មក​ចុច​ប៊ូ​តុង​ទទួល​កម្ចី​។​
  4. បញ្ជាក់​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​ដោយ​ចុច​លេខ​សម្ងាត់​ 4​ ខ្ទង់​ ABA​ Mobile​ បន្ទាប់​មក​ប្រាក់​កម្ចី​នឹង​ត្រូវ​ផ្តល់​ជូន​អតិថិជន​ភ្លាមៗ​។​

លោក​ Zokhir​ Rasulov​ ប្រធាន​ផ្នែក​ឌី​ជី​ថ​ល​នៅ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ «​សម្រាប់​អតិថិជន​មួយ​ចំនួន​ដែល​ជា​ម្ចាស់​គណនី​បញ្ញើ​មាន​កាលកំណត់​ អាច​នឹង​អាច​ជួប​ស្ថានភាព​ខ្លះ​ដែល​ត្រូវការ​សាច់ប្រាក់​បន្ទាន់​ពី​គណនី​របស់​ខ្លួន​។​ ជា​ពិសេស​ អតិថិជន​ដែល​ដាក់​ប្រាក់​សន្សំ​រយៈពេល​វែង​ ហើយ​មិន​ចង់​ដក​ប្រាក់​មុន​កាលកំណត់​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ការ​ប្រាក់​។​ ដើម្បី​ជា​ដំណោះស្រាយ​សម្រាប់​ករណី​បែប​នេះ​ យើង​ក៏​បាន​ធ្វើការ​បង្កើត​ឲ្យ​មាន​ប្រាក់​កម្ចី​ភ្លាមៗ​តាម​រយៈ​បញ្ញើ​មាន​កាលកំណត់​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ដូច្នេះ​អតិថិជន​របស់​យើង​ អាច​បើក​គណនី​មាន​កាលកំណត់​ ដែល​ទទួល​បានការ​ប្រាក់​ខ្ពស់​ពី​ការ​សន្សំ​រយៈពេល​វែង​ ហើយ​អាច​ប្រើ​គណនី​នេះ​ធ្វើ​ជា​មធ្យោបាយ​សម្រាប់​ទទួល​កម្ចី​ក្នុង​ករណី​ត្រូវការ​ប្រាក់​បន្ទាន់​ »​។​

លោក​បន្ថែម​ទៀត​ថា​៖​ «​ដំណើរការ​ផ្តល់​ប្រាក់​កម្ចី​ គឺ​ស្វ័យប្រវត្ដិ​ និង​ភ្លាមៗ​៖​ ដោយ​មិន​ចាំបាច់​បំពេញ​ឯកសារ​ស្នើ​សុំ​,​ មិន​ចាំបាច់​ប្រមូល​ឯកសារ​,​ មិន​ចាំបាច់​រង់ចាំ​ការ​ត្រួតពិនិត្យ​ឯកសារ​។​ អតិថិជន​ភាគច្រើន​នា​ពេល​បច្ចុប្បន្ន​ ជា​ពិសេស​យុវជន​ ត្រូវការ​ផលិតផល​ និង​សេវាកម្ម​ដែល​អាច​ទទួល​បាន​ស្រួល​ និង​ភ្លាមៗ​ ហើយ​កម្ចី​ភ្លាមៗ​នេះ​ គឺជា​ដំណោះស្រាយ​ដ៏​សម​ស្រប​បំផុត​ដែល​ឆ្លើយ​តប​តម្រូវការ​របស់​ពួក​គាត់​»​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រាក់​កម្ចីរ​ភ្លាមៗ​ក្នុង​ ABA​ Mobile​ សូម​ចូល​ទៅ​កាន់​លីងនេះ​​។​

ធនាគារ​ ABA​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ឌី​ជី​ថ​ល​ពេញលេញ​ដែល​មាន​ធនាគារ​អន​ឡាញ​ និង​បណ្តាញ​ស្វ័​យ​សេវា​។​ ថ្មីៗ​នេះ​សមិទ្ធផល​របស់​ធនាគារ​ក្នុង​នាំ​មក​នូវ​ឌ្ឍ​នភា​ព​ឌី​ជី​ថ​ល​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ទស្សនាវដ្តី​ Asiamoney​ ដែល​បាន​ប្រសិទ្ធ​នាម​ធនាគារ​ ABA​ ថា​ «​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​2019»​។​