កម្មវិធី Xero ភ្ជាប់ជាមួយប្រព័ន្ធសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម
09/Sep/2021
ធនាគារ ABA ប្រកាសថា Xero ដែលជាកម្មវិធីគណនេយ្យនៅលើអ៊ីនធឺណិតដ៏ពេញនិយម ឥឡូវនេះ បានភ្ជាប់ជាមួយប្រព័ន្ធសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) ដែលជាផ្នែកមួយនៃការបន្តអភិវឌ្ឍន៍បណ្តាញសេវាធនាគារឌីជីថលរបស់ធនាគារ។
ឥឡូវនេះ ម្ចាស់អាជីវកម្មអាចភ្ជាប់គណនី Xero ជាមួយនឹងគណនីក្រុមហ៊ុន ABA របស់ខ្លួន និងអនុវត្តនូវមុខងារកត់ត្រាបញ្ជី។ ដោយសារការភ្ជាប់ប្រព័ន្ធនេះ អ្នកប្រើប្រាស់កម្មវិធី Xero អាចទទួលបាននូវអត្ថប្រយោជន៍ ដូចខាងក្រោម៖
- ទាញយកប្រតិបត្តិការពីគណនីក្រុមហ៊ុន ABA ចូលទៅក្នុងកម្មវិធី Xero ដើម្បីធ្វើការផ្ទៀងផ្ទាត់តាមពេលវេលាជាក់ស្តែង។
- ចំណេញពេល និងកាត់បន្ថយកំហុសឆ្គងដោយមិនបាច់ត្រូវបញ្ចូលទិន្នន័យដោយដៃ។
- បែងចែកប្រតិបត្តិការឥណទាន ឬឥណពន្ធ ជាចំណូល ឬចំណាយ ដោយស្វ័យប្រវត្តិ។
- ទទួលបានទិន្នន័យហិរញ្ញវត្ថុបច្ចុប្បន្នភាព ដោយសារការភ្ជាប់ប្រព័ន្ធសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) និងកម្មវិធី Xero ធ្វើសមកាលកម្មជាប្រចាំ។
ការភ្ជាប់ប្រព័ន្ធនេះជួយឲ្យអ្នកប្រើប្រាស់សេវាធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) ចំណេញពេល ដោយធ្វើឲ្យងាយស្រួលនូវការងារបញ្ជីគណនេយ្យបញ្ចូលដោយដៃ ដូច្នេះពួកគេមានពេល និងកម្លាំងបន្ថែមសម្រាប់កំណើនអាជីវកម្មរបស់ខ្លួន។
លោក Zokhir Rasulov នាយកផ្នែកឌីជីថល នៃធនាគារ ABA បានប្រសាសន៍ថា៖ “យើងចាត់ទុកថា ការភ្ជាប់សេវាធនាគារអនឡាញសម្រាប់អាជីវកម្មរបស់យើង ជាមួយ Xero ដែលជាកម្មវិធីគណនេយ្យឈានមុខ គឺជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងចំណោមសមិទ្ធផលថ្មីៗដែលយើងសម្រេចបាន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យការប្រើប្រាស់សេវាធនាគារ ជាមួយ ABA កាន់តែមានភាពងាយស្រួល សម្រាប់សហគ្រាសធុនតូច និងមធ្យម និងបណ្ដាធុរកិច្ចថ្មីនៅក្នុងប្រទេស។ ការរួមបញ្ចូលសមត្ថភាពរវាងសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម និងកម្មវិធី Xero នឹងជួយដល់អតិថិជនផ្នែកធុរកិច្ច ឲ្យទទួលបានបទពិសោធផ្នែកប្រតិបត្តិការហិរញ្ញវត្ថុកាន់តែប្រសើរ និងត្រួសត្រាយផ្លូវ សម្រាប់ប្រសិទ្ធភាពការងារ និងកំណើនកាន់តែខ្ពស់ថែមទៀត”។
លោកក៏បានបន្ថែមផងដែរថា៖ “តាមរយៈការភ្ជាប់បញ្ចូលគ្នានេះ អាជីវកម្ម ឬក្រុមហ៊ុននានា អាចពិនិត្យមើលប្រតិបត្តិការពីគណនី ABA របស់ខ្លួននៅក្នុងកម្មវិធី Xero បានដោយរលូន និងបំពេញកិច្ចការគណនេយ្យរបស់ខ្លួនបាន់កាន់តែមានប្រសិទ្ធភាព”។
“យើងខ្ញុំរីករាយដែលបានចាប់ដៃគូជាមួយABA ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ដើម្បីជួយធ្វើឲ្យ ជីវិតកាន់តែងាយស្រួលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងភ្ជាប់ពួកគេទៅនឹងដំណោះស្រាយដែលពួកគេត្រូវការសម្រាប់ការរីកចម្រើន។ ជាមួយនឹងការសហការណ៌នេះ យើងនឹងបន្តជួយឲ្យអាជីវកម្មខ្នាតតូចដំណើរការកាន់តែរលូនជាមួយនឹងការត្រួតពិនិត្យ ដែលមានតម្លាភាពលើការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេ”។ បើតាម ប្រសាសន៍របស់លោក Kevin Fitzgerald នាយកគ្រប់គ្រង Xero ប្រចាំតំបន់អាស៊ី។
ដើម្បីដឹងបន្ថែម សូមចូលទៅកាន់ទំព័រ ភ្ជាប់ប្រព័ន្ធគណនេយ្យ Xero នៅលើវិបសាយរបស់ធនាគារយើងខ្ញុំ។
ប្រសិនបើអ្នកមិនទាន់ប្រើសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្មរបស់អ្នក និងចង់ដឹងបន្ថែមអំពីផលិតផលនេះ សូមទាក់ទងក្រុមការងារ IBB របស់យើងខ្ញុំតាមអ៉ីមែ៉ល digitalsupport@ ឬទូរស័ព្ទមកផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមលេខ 023 925 333។ ababank.com