ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker សាទរ ABA ក្នុងនាមជា ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ របស់ប្រទេសកម្ពុជា ជាលើកទី 5
07/Dec/2022
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា1 ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព "ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2022 របស់ប្រទេសកម្ពុជា" ពី ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ដែលជាគ្រឹះស្ថានបោះពុម្ពផ្សាយធនាគារ និងហិរញ្ញវត្ថុរបស់ Financial Times Group (ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស) ជាលើកទី 5។ ឆ្នាំនេះ ទស្សនាវដ្ដីបានប្រារព្ធពិធី និងប្រកាសម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងឡុងដ៏។
ធនាគារ ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អ និងអភិវឌ្ឍសេវាធនាគាររបស់ខ្លួន ក៏ដូចជាយុទ្ធសាស្ដ្ររបស់ធនាគារ ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យានវានុវត្តន៍ និងផលិតផល សេវាកម្មឌីជីថល។
ក្នុងឆ្នាំ 2022 ធនាគារបានបង្កើនសមត្ថភាពកម្មវិធីធនាគារលើទូរស័ព្ទរបស់ខ្លួន ដើម្បីផ្ដល់សេវាកម្មកាន់តែងាយស្រួល។ កម្មវិធីទទួលបានមុខងារ ABA QR ដោយបានភ្ជាប់ទៅនឹងកូដ KHQR ស្ដង់ដារថ្នាក់ជាតិ។ មុខងារនេះ អនុញ្ញាតឲ្យអតិថិជន ABA ទទួលប្រាក់ទូទាត់ពីអតិថិជនធនាគារផ្សេង ដែលស្ថិតនៅក្នុងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា ដោយឥតគិតថ្លៃ។
អតិថិជន ABA ដែលជាអ្នកប្រើសេវាបើកប្រាក់បៀវត្ស ឥឡូវ អាចទទួលបានអត្ថប្រយោជន៍ពីសេវា កម្ចីប្រាក់បៀវត្ស ក្នុង ABA Mobile។ មុខងារនេះ ផ្ដល់ហិរញ្ញប្បទានរហ័សសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនចាំបាច់មានលក្ខខណ្ឌទ្រព្យតម្កល់ ហើយផ្ដល់ជូននូវជម្រើសបង់ផ្ដាច់បានគ្រប់ពេលវេលា។
ថ្មីៗនេះ ABA បានណែនាំ គណនី Junior នៅលើកម្មវិធីធនាគារទូរស័ព្ទរបស់ខ្លួន។ កម្មវិធីនេះ អនុញ្ញាតឲ្យកុមារ ឬក្មេងជំទង់អាយុពី 10-17 ឆ្នាំ អាចប្រើសេវាធនាគារទំនើប និងឧបករណ៍បែបឌីជីថលជាច្រើនទៀត តាមកម្មវិធី ABA Mobile ផ្ទាល់ខ្លួនរបស់ពួកគេ។ គណនី Junior លើកទឹកចិត្តឲ្យកុមារមានទម្លាប់ល្អក្នុងការចាត់ចែងលុយកាក់ និងយល់ដឹងអំពីសារៈសំខាន់នៃការសន្សំ។
គណៈវិនិច្ឆ័យក៏បានសាទរធនាគារចំពោះការដាក់ដំណើរការម៉ាស៊ីនបើកកាតដំបូងគេនៅកម្ពុជាផងដែរ។ ឥឡូវ អតិថិជនអាចស្នើបើកកាតប្លាស្ទិករបស់ខ្លួនបានពីកម្មវិធី ABA Mobile ហើយអញ្ជើញទៅបើកផ្ទាល់ពីម៉ាស៊ីនបើកកាត ABA ដោយប្រើពេលមិនដល់ 2 នាទី។ សេវាកម្មនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន ABA ដោយកាតចំនួន 200,000 ត្រូវបានបើកពីម៉ាស៊ីនបើកកាត។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “យើងខ្ញុំមានសេចក្ដីរីករាយដែលត្រូវបានទទួលស្គាល់ជាធនាគារឆ្នើមបំផុត ប្រចាំឆ្នាំ 2022 របស់ប្រទេសកម្ពុជា។ គណៈវិនិច្ឆ័យរបស់ The Banker សាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការនាំយកហិរញ្ញវត្ថុកម្ពុជាទៅកាន់ កម្រិតខ្ពស់មួយទៀត។”
លោកបានបន្ថែមថា “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ សម្រាប់ទំនុកចិត្តក្នុងការប្រើសេវាធនាគារជាមួយយើងខ្ញុំ។ ABA នឹងបន្ដអនុវត្តយុទ្ធសាស្ដ្រផ្ដោតលើអ្នកប្រើប្រាស់ជាអាទិភាព នៅពេលអភិវឌ្ឍសេវាកម្ម និងផ្លែតហ្វមថ្មីៗសម្រាប់អតិថិជនរបស់យើង” ។
លោក Joy Macknight និពន្ធនាយករបស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker មានប្រសាសន៍ក្នុងឱកាសនោះថា៖ “សូមអបអរសាទរធនាគារ ABA ដែលបានឈ្នះពានរង្វាន់ ធនាគារឆ្នើមបំផុត ប្រចាំឆ្នាំ 2022 របស់ប្រទេសកម្ពុជា។ អំឡុងពេលនៃការពិនិត្យពាក្យស្នើសុំ ធនាគារបានធ្វើបច្ចុប្បន្នភាពសេវាធនាគាររបស់ខ្លួនដោយជោគជ័យ និងអភិវឌ្ឍមុខងារថ្មីៗដូចជា មុខងារ ABA KHQR ក្នុងកម្មវិធីធនាគារទូរស័ព្ទរបស់ខ្លួន ដែលធ្វើឲ្យការផ្ទេរប្រាក់ពីគណនី ទៅគណនីកាន់តែរហ័ស និងសុវត្ថិភាព។”
ពានរង្វាន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker គឺជាស្ដង់ដាគំរូនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានបោះពុម្ភអន្ដរជាតិលំដាប់ពិភពលោក ដែលមាន វ័យចំណាស់ជាងគេ ហើយ ABA បានទទួលពានរង្វាន់កំពូលរួចមកហើយ កាលពីឆ្នាំ 2014, 2016, 2019 និងឆ្នាំ 2021។
ធនាគារ ABA មានទ្រព្យសកម្មសរុប 8.8 ពាន់លាន ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022 ហើយបច្ចុប្បន្នគ្រប់គ្រងជាង 2.5 លានគណនី តាមរយៈបណ្ដាញសាខាចំនួន 85 សាខា ម៉ាស៊ីនស្វ័យធនាគារជាង 1 ពាន់ គ្រឿង និងកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម និងធនាគារតាមទូរស័ព្ទដ៏ទំនើប។
អំពីទស្សនាវដ្តី The Banker ទស្សនាវដ្តី
The Banker គឺជាធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោករបស់ក្រុមហ៊ុន Financial Times Group។ ចាប់ផ្តើមបោះពុម្ពផ្សាយនៅក្នុងឆ្នាំ 1929 ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មានអំពីវិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិករបស់សាជីវកម្ម ទេសភិបាលធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង 180 ប្រទេស ទូទាំងពិភពលោក។
The Banker គឺជាប្រភពដ៏សំខាន់ក្នុងការផ្តល់ទិន្នន័យ និងការវិភាគសម្រាប់វិស័យធនាគារ។ ចំណាត់ថ្នាក់ធនាគារពិភពលោក កំពូលៗ ចំនួន1,000 របស់ The Banker ត្រូវបានប្រើប្រាស់ជាស្ដង់ដាតាំងពីឆ្នាំ 1970 ដោយផ្ដល់ការព័ត៌មានទាក់ទងនឹងទ្រព្យ សម្បត្តិ និងស្ថានភាពនៃ វិស័យធនាគារគ្រប់ជ្រុងជ្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ www.thebanker.com/top1000។ The Banker គឺជាសេវាកម្មមួយរបស់ the Financial Times។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។