S&P​ ផ្តល់​ចំណាត់ថ្នាក់​ដល់ ​ABA ​ជា​ថ្មី​ ជាមួយនឹង​ទស្សនវិស័យ​ “​វិជ្ជមាន​”​

30/Nov/2018

S&P​ ផ្តល់​ចំណាត់ថ្នាក់​ដល់ ​ABA ​ជា​ថ្មី​ ជាមួយនឹង​ទស្សនវិស័យ​ “​វិជ្ជមាន​”​

ធនាគារ​ ABA​ ដែល​ជា​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ សូម​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ឈានមុខ​គេ​លើ​ពិភពលោក​ ឈ្មោះ​ថា​ Standard​ and​ Poor’s​ (S&P)​ Global​ Ratings​ បាន​អះអាង​ជា​ថ្មី​នូវ​ចំណាត់ថ្នាក់​ឥណទាន​ “B”​ រយៈពេល​វែង​ និង​រយៈពេល​ខ្លី​ សម្រាប់​ធនាគារ​ ABA​ និង​មាន​ទស្សន​វិ​ស្ស័​យ​ជា​ “​វិជ្ជមាន​”​ ចំពោះ​ធនាគារ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​ចំណែក​ទីផ្សារ​។​

យោង​ទៅ​តាម​អ្នក​ស្រាវជ្រាវ​របស់​ S&P​ ទស្សនវិស័យ​វិជ្ជមាន​ចំពោះ​ ABA​ គឺ​ពឹងផ្អែក​ទៅ​លើ​ការ​កើន​ឡើងជា​បន្តបន្ទាប់​នៃ​ប្រាក់​កម្ចី​និង​បញ្ញើ​របស់​ធនាគារ​ ការ​កើនឡើង​នៃ​ចំណែក​ទីផ្សារ​ និង​ប្រាក់​ចំណេញ​។​ “​ការ​កែប្រែ​ទស្សន​វិ​ស្ស័​យ​របស់​យើង​ចំពោះ​ ABA​ ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ផ្នែក​ធុរកិច្ច​របស់​ធនាគារ​ ដែល​គាំទ្រ​ដោយ​ការ​កើនឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៃ​ចំណែក​ទីផ្សារ​របស់​ខ្លួន​។​ ABA​ បន្ត​ពង្រីក​ចំណែក​ទីផ្សារ​កម្ចី​របស់​ខ្លួន​ បណ្តាញ​ចែកចាយ​រូប​វន្ត​និង​ឌី​ជី​ថ​ល​ និង​អតិថិជន​របស់​ខ្លួន​។​ តាម​គំនិត​របស់​យើង​ ម​ហិ​ច្ច​តា​នៃ​ការ​ពង្រីក​ខ្លួន​របស់​ធនាគារ​ និង​ប្រសិទ្ធភាព​ប្រតិបត្តិការ​ល្អ​ ជួយ​គាំទ្រ​ដល់​ប្រាក់​ចំណេញ​លើស​កម្រិត​មធ្យម​របស់​ខ្លួន​”​ បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​នេះ​។​

បន្ថែម​ពីលើ​នេះ​ទៀត​ អ្នកជំនាញ​បាន​សរសើរ​ទម្រង់​ឌី​ជី​ថ​ល​ឈានមុខ​របស់​ ABA​ និង​រចនា​សម្ពន្ធ​អភិបាលកិច្ច​ ដែល​បង្កើត​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​កំណើន​ដ៏​សន្ធឹកសន្ធាប់​។​ “​យើង​បាន​វាយតម្លៃ​ទម្រង់​ឌី​ជី​ថ​ល​របស់​ ABA​ ឃើញ​ថា​ជា​ប្រយោជន៍​ដ៏​សំខាន់​ដែល​គាំទ្រ​ការ​កើនឡើង​នៃ​ប្រាក់​កម្ចី​ និង​បញ្ញើ​។​ ធនាគារ​ ABA​ ក៏​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ជឿនលឿន​ រួម​ទាំង​ការ​វិភាគ​រំហូរ​សាច់ប្រាក់​ ដើម្បី​គាំទ្រ​ការ​សម្រេចចិត្ត​លើ​ឥណទាន​របស់​ខ្លួន​ បើ​ប្រៀបធៀប​នឹង​ក្រុមហ៊ុន​ក្នុងស្រុក​ដទៃ​។​ យើង​កំពុង​វាយតម្លៃ​ភាព​ខ្លាំង​នៃ​ធុរកិច្ច​របស់​ ABA​ ជា​ពិសេស​និរន្តរភាព​នៃ​ប្រាក់​ចំណេញ​ និង​រង្វាស់​គុណភាព​ទ្រព្យសកម្ម​ល្អ​ នៅ​ក្នុង​បរិយាកាស​រីក​ចម្រើន​ឥណទាន​ដែល​យឺត​ជាង​មុន​ ហើយនឹង​ការ​កើនឡើង​ចំណែក​ទីផ្សារ​របស់​ខ្លួន​”​ នេះ​បើ​តាម​ S&P​។​

អ្នកវិភាគ​របស់​S&P​ បាន​លើក​ឡើងជា​ពិសេស​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ដ៏​សំខាន់​ និង​ការ​ថយ​ចុះ​ហានិភ័យ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ដោយសារ​តែ​មានការ​គ្រប់គ្រង​កំណើន​ប្រាក់​កម្ចី​ពេល​ថ្មីៗ​នេះ​ និង​ការ​ចាត់វិធានការ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បញ្ចុះ​កម្តៅ​ទីផ្សារ​អចលនទ្រព្យ​ និង​គ្រប់គ្រង​រំហូរ​ឥណទាន​ តាម​រយៈ​ការ​បង្កើន​មូលធន​ខ្ពស់​ជាង​មុន​ និង​តម្រូវការ​សាច់ប្រាក់​តឹង​រឹង​ជាង​មុន​។

S&P​ បាន​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ “B”​ រយៈពេល​វែង​និង​រយៈពេល​ខ្លី​ដល់​ធនាគារ​ ABA​ នៅ​ខែមិថុនា​ឆ្នាំ​ 2017​។​

​អំពី​ S&P​ Global​ Ratings
ជាមួយ​ការ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ដ៏​លេចធ្លោ​ប្រមាណ​ជាង​ ១​លាន​ ដល់​ស្ថាប័ន​រដ្ឋាភិបាល​,​ សាជីវកម្ម​,​ វិស័យ​ហិរញ្ញវត្ថុ​,​ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​និង​មូល​ប​ត្រ​អន្តរជាតិ​ S&P​ Global​ Ratings​ គឺជា​ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ឈានមុខ​កម្រិត​ពិភពលោក​។​ ការ​វិភាគ​ហានិភ័យ​ឥណទាន​ ការ​ស្រាវជ្រាវ​ និង​ទិន្នន័យ​នានា​នៃ​ស្ថាប័ន​នេះ​ ជួយ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​តម្លាភាព​ និង​សន្ទនីយ​ភាព​ទីផ្សារ​លើ​ពិភពលោក​។​ S&P​ Global​ Ratings​ មាន​អ្នកជំនាញ​ប្រមាណ​ជាង​ 1,500​ ក្នុង​ 28​ប្រទេស​ លើ​ពិភពលោក​។​ មាន​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​ ទីក្រុង​ញ៉ូ​យ៉​ក​ សហរដ្ឋអាមេរិក​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់ ​www.spratings.com​។​