សេចក្ដី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់ពាក់ព័ន្ធ ​នឹង​ក្រដាសប្រាក់​ដែល​មិន​អាច​ប្រើប្រាស់​បាន​

25/Jan/2019

aba public announcement 25 Jan 2019

ថ្មីៗ​នេះ​ ធនាគារ​ ABA​ បាន​សង្កេត​ឃើញ​ថា​ មាន​អតិថិជន​មួយ​ចំនួន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​ ដោយ​អះអាង​ថា​ពួក​គាត់​បាន​ដក​ប្រាក់​ពី​ម៉ាស៊ីន​ ATM​ និង​បញ្ជរ​របស់​ ABA​ នៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា​ទូ​ទាំង​ប្រទេស​ ហើយ​ឃើញ​នៅ​លើ​ក្រដាសប្រាក់​ផ្នែក​ខាង​មុខ​មាន​ពាក្យ​ “COPY”​ ឬ​ជា​ពាក្យ​ខ្មែរ​ថា​ “​លុយ​សែន​”​ ឬ​ “​ក្រដាសសែន​”​ (​ដែល​យើងខ្ញុំ​ ហៅ​ថា​ “​ក្រដាសប្រាក់​ដែល​មិន​អាច​ប្រើប្រាស់​បាន​”)​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ធនាគារ​យើងខ្ញុំ​សូម​ជម្រាប​ថា​ គ្រប់​ករណី​ដែល​អតិថិជន​បាន​លើក​ឡើង​ ត្រូវ​បាន​កត់ត្រា​យ៉ាង​ត្រឹមត្រូវ​ និង​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​បំផុត​។​ លទ្ធផល​ស៊ើបអង្កេត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ គ្មាន​សន្លឹក​ណាមួយ​នៃ​ក្រដាសប្រាក់​ដែល​ពួក​គាត់​អះអាង​ គឺជា​ក្រដាសប្រាក់​ដែល​ចេញពី​ម៉ាស៊ីន​ ATM​ ឬ​បញ្ជរ​របស់​ធនាគារ​យើងខ្ញុំ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ធនាគារ​យើងខ្ញុំ​ បាន​ផ្ដល់​ភ័ស្តុតាង​យ៉ាង​ច្បាស់លាស់​ថា​ ក្រដាសប្រាក់​ដែល​បាន​ដក​ចេញពី​ម៉ាស៊ីន​ ATM​ និង​ក្រដាសប្រាក់​ដែល​បេឡា​ប្រគល់​ជូន​អតិថិជន​គឺជា​ក្រដាសប្រាក់​ពិត​។​ បន្ថែម​លើ​នេះ​ទៀត​ យើងខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា​ បញ្ហា​ទាំងអស់​ដែល​ពួក​គាត់​បាន​ចោទប្រកាន់​ មិន​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ដក​ប្រាក់​ចេញពី​ ATM​ ឬ​ពេល​ទទួល​ប្រាក់​ពី​បញ្ជរ​របស់​ធនាគារ​ភ្លាមៗ​ឡើយ​ ពោល​គឺ​ពួក​គាត់​បាន​លើក​បញ្ហា​ទាំងនោះ​ឡើង​ ក្នុង​រយៈពេល​ក្រោយមក​ទៀត​ (​ករណី​ខ្លះ​ កន្លង​ផុត​យូរ​រហូត​ដល់​៥​ថ្ងៃ​ឯណោះ​)​។​ យោង​តាម​ហេតុផល​នេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា​ ក្រដាសប្រាក់​ពិតប្រាកដ​ត្រូវ​បាន​គេ​លួច​ដូរ​ជំនួស​ដោយ​ក្រដាសប្រាក់​ដែល​មិន​អាច​ប្រើប្រាស់​បាន​ នៅ​ក្នុង​ពេល​ណាមួយ​ ក្រោយ​ពី​ពួក​គាត់​បាន​ចាក​ចេញពី​កន្លែង​ម៉ាស៊ីន​ដក​ប្រាក់​ ឬ​បញ្ជរ​ធនាគារ​។​ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ត្រូវ​បាន​ជម្រាប​ជូន​ដល់​អតិថិជន​តាម​រយៈ​ទូរស័ព្ទ​ ឬ​បង្ហាញ​ភ័ស្តុតាង​ជូន​ក្នុង​ពេល​ដែល​ពួក​គាត់​អញ្ជើញ​មក​ជួប​ជាមួយ​ក្រុម​ជំនាញការ​របស់​ធនាគារ​។​

​យើងខ្ញុំ​ សូម​ស្រាយ​បំភ្លឺ​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា​ ធនាគារ​ ABA​ មាន​ នីតិវិធី​ប្រតិបត្តិការ​សាច់ប្រាក់​ ដែល​អនុវត្ត​យ៉ាង​តឹង​រឹង​បំផុត​ ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ ដើម្បី​ទប់ស្កាត់​ការ​លួច​បន្លំ​របស់​មនុស្ស​ និង​ការពារ​មិន​ឲ្យ​បុគ្គលិក​របស់​ធនាគារ​បន្លំ​ប្ដូរ​ក្រដាសប្រាក់​ទាំងនោះ​បាន​ឡើយ​។​ នីតិវិធី​នេះ​ អាច​ធានា​បាន​ថា​មាន​តែ​ក្រដាសប្រាក់​ពិតតែ​ប៉ុណ្ណោះ​ ត្រូវ​បាន​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ ATM​ របស់​ ABA​ ដោយ​ប្រើប្រាស់​ការ​ត្រួតពិនិត្យ​តាមដាន​ជា​ច្រើន​ដំណាក់កាល​ដូច​ខាងក្រោម​៖​ 

  • ​គ្រប់​ក្រដាសប្រាក់​ដែល​ចូល​មក​ធនាគារ​ ABA​ ត្រូវ​បាន​ត្រួតពិនិត្យ​ ដោយ​ម៉ាស៊ីន​រាប់​ប្រាក់​គុណភាព​ខ្ពស់​បំផុត​ ដែល​អាច​រក​ឃើញ​ ឬ​ដឹង​ភ្លាមៗ​ប្រសិនបើ​មាន​ក្រដាសប្រាក់​ដែល​មិន​អាច​ប្រើប្រាស់​បាន​។​ ក្នុង​ពេល​រាប់​និង​រៀប​ប្រាក់​ ម៉ាស៊ីន​នេះ​ធ្វើការ​ថត​លេខ​មាលា​ (serial​ number)​ របស់​ក្រដាសប្រាក់​នីមួយៗ​ ហើយ​រក្សា​លេខ​នោះ​ទុក​ក្នុង​ទិន្នន័យ​របស់​ធនាគារ​យ៉ាង​ច្បាស់លាស់​។​ ​
  • រាល់​ប្រតិបត្តិការ​រៀបចំ​សាច់ប្រាក់​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ពិសេស​មួយ​ ដែល​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​ថ្នាក់​គ្រប់គ្រង​នៃ​នាយកដ្ឋាន​ផ្សេងៗ​គ្នា​ ជាមួយ​ការ​តាមដាន​យ៉ាង​ដិត​ដល់​ពី​នាយកដ្ឋាន​សន្តិសុខ​តាម​កាមេរ៉ា​សុវត្ថិភាព​ (CCTV)​។​ 
  • ​ដំណើរការ​នៃ​ការ​ដឹក​ជញ្ជូន​ប្រាក់​ទៅ​ដាក់​នៅ​ម៉ាស៊ីន​ ATM​ ត្រូវ​បាន​ត្រួតពិនិត្យ​ជាប់​ជា​និច្ច​ពី​តំណាង​ក្រុមការងារ​សន្តិសុខ​ និង​នាយកដ្ឋាន​ផ្សេងៗ​។​ មុន​ដឹក​ចេញ​ ប្រអប់​ដាក់​ប្រាក់​ត្រូវ​បាន​ចាក់សោ​ជាប់​រួច​ជា​ស្រេច​នៅ​ក្នុង​បន្ទប់​រៀបចំ​ ហើយ​បុគ្គលិក​ដឹក​ជញ្ជូន​មិន​អាច​ប្រើ​មធ្យោបាយ​ណាមួយ​ដើម្បី​បើក​ប្រអប់ប្រាក់​នេះ​បាន​ឡើយ​ មិន​ថា​នៅ​តាម​ផ្លូវ​ ឬ​នៅ​កន្លែង​ម៉ាស៊ីន​ ATM​។​ 
  • ​ម៉ាស៊ីន​ ATM​ របស់​ ABA​ មាន​បច្ចេកវិទ្យា​ពិសេស​ NCR​ Secure™​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ស្រទាប់​ការពារ​ច្រើន​ដើម្បី​បង្ការ​មិន​ឲ្យ​មានការ​លួច​បើក​ប្រអប់ប្រាក់​ ATM​ ទោះ​ប្រើ​មធ្យោបាយ​ណា​ក៏​ដោយ​។​សុវត្ថិភាព​ ATM​ របស់​យើង​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី​គណៈកម្មាធិការ​អឺរ៉ុប​សម្រាប់​បទ​ដ្ឋា​នី​យ​កម្ម​ (CEN)​ ដែល​ផ្ដល់​នូវ​បែបផែន​ស្ដង់ដារ​របស់​អង្គភាព​បទ​ដ្ឋា​នី​យ​កម្ម​ជាតិ​នៃ​ប្រទេស​អឺរ៉ុប​ទាំង​33​ប្រទេស​ហើយ​ត្រូវ​បាន​ធ្វើតេស្ដ​យ៉ាង​ហ្មត់ចត់​បំផុត​ដើម្បី​រក្សា​ស្ដង់​នេះ​ឲ្យ​បាន​។​ 
  • ធនាគារ​បាន​ធ្វើ​សវន​កម្ម​ផ្ទៃក្នុង​ និង​សវន​កម្ម​ពី​ភាគី​ទី​បី​ជា​ទៀងទាត់​ ដែល​ធានា​បាន​ថា​យើង​មាន​ប្រ​ព័​ន្ទ​ផ្ទៀងផ្ទាត់​ និង​តាមដាន​ប្រសិទ្ធភាព​ផ្ទៃក្នុង​ដែល​កំពុង​មានដំណើរ​ការ​យ៉ាង​ត្រឹមត្រូវ​។​ 

​ផ្អែក​លើ​កត្តា​ទាំងនេះ​ និង​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ យើងខ្ញុំ​សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ ចំពោះ​ការ​ចោទប្រកាន់​ទាំងឡាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ ដែល​ថា​ម៉ាស៊ីន​ ATM​ ឬ​បញ្ជរ​ធនាគារ​ ABA​ បញ្ចេញ​ក្រដាសប្រាក់​ដែល​មិន​អាច​ប្រើប្រាស់​បាន​ ហើយ​យើងខ្ញុំ​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ជូន​ករណី​ចោទប្រកាន់​នេះ​ទៅ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដើម្បី​ចាត់វិធានការ​ និង​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

​ធនាគារ​ ABA​ សូម​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​អតិថិជន​ មេត្តា​រាប់​ និង​ពិនិត្យ​ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ​ភ្លាមៗ​ មុន​ចាក​ចេញពី​ម៉ាស៊ីន​ ATM​ ឬ​បញ្ជរ​ធនាគារ​របស់​យើងខ្ញុំ​ ព្រោះថា​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ក្រោយ​អតិថិជន​ចាកចេញ​ហើយ​ យើងខ្ញុំ​មិន​ទទួលខុសត្រូវ​ឡើយ​។​