សេចក្តីជូនដំណឹងពីការបន្ថយអត្រាការប្រាក់នៃគណនីបញ្ញើបត់បែន
01/Sep/2018

អតិថិជនជាទីគោរព,
យើងខ្ញុំសូមជម្រាបជូនថា ចាប់ពីថ្ងៃទី1 ខែតុលា ឆ្នាំ2018 ធនាគារ ABA នឹងបន្ថយអត្រាការប្រាក់នៃគណនីបញ្ញើបត់បែនដែលបានបើកជាមួយនឹងអត្រាការប្រាក់ក្នុងពេលមានប្រូម៉ូសិន (ជាសរុប ការបន្ថយនេះនឹងប៉ះពាល់ដល់អតិថិជនប្រមាណ 11,300នាក់)។
ការបន្ថយអត្រាការប្រាក់ នឹងធ្វើឡើងក្នុងលក្ខខណ្ឌដូចខាងក្រោម៖
អត្រាការប្រាក់ចាស់ (ក្នុង1ឆ្នាំ) | អត្រាការប្រាក់ដែលមានសុពលភាព(ក្នុង1ឆ្នាំ) |
2.50% | 2.25% |
2.75% | 2.50% |
3.00% | 2.75% |
3.15% | 2.90% |
3.25% | 3.00% |
3.40% | 3.15% |
ការបន្ថយអត្រាការប្រាក់នេះ ត្រូវបានសម្រេចដោយមានការពិចារណាទៅលើកត្តាដូចខាងក្រោម៖
- ដោយសារតែរំហូរសាច់ប្រាក់ក្នុងទីផ្សារធនាគារក្នុងស្រុកដែលបណ្តាលមកពីស្ថិរភាពនៃកំណើនសេដ្ឋកិច្ច និងវិយោគទុននៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាច្រើនបាននិងកំពុងកាត់បន្ថយអត្រាការប្រាក់នៃគណនីបញ្ញើសន្សំ និងគណនីមានកាលកំណត់របស់ពួកគេ។
- ធនាគារ ABA ក៏ស្ថិតនៅក្នុងស្ថានភាពមួយដែលរំហូរសាច់ប្រាក់មានលើសលប់ផងដែរ។ នេះក៏ដោយសារ តែកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល, ក៏ដូចជាការវិនិយោគទុននៃម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA, ទឹកប្រាក់ឥណទានពីសំណាក់ទីផ្សារមូលធនអន្តរជាតិ, ការកើនឡើងនៃសេចក្តីទុកចិត្តចំពោះធនាគារ ABA ដោយសារតែទទួលបានការវាយតម្លៃខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា, និងការបន្តពង្រីកបណ្តាញសាខានិងអាជីវកម្មរបស់ខ្លួនផងដែរ។
- ក្រៅពីការកែប្រែអត្រាការប្រាក់នេះ ABA នៅតែផ្តល់ជូននូវអត្រាការប្រាក់បញ្ញើសន្សំដែលមានលក្ខណៈប្រកួតប្រជែង និងមានកម្រិតខ្ពស់ជាងគេនៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ ចំណុចពិសេសៗដ៏មានតម្លៃផ្សេងៗទៀតដែលធនាគារផ្តល់ជូនដល់អតិថិជនរបស់យើងនោះ រួមមាន ដំណោះស្រាយធនាគារបែបឌីជីថលដែលទំនើបៗដូចជាកម្មវិធីធនាគារតាមទូរស័ព្ទដៃ ABA Mobile, សេវាធនាគារតាមអ៊ីនធឺណែត iBanking, កាតនិម្មិត, ទូ ATM និងទូដាក់ប្រាក់ដែលអាចឲ្យលោកអ្នកត្រួតពិនិត្យប្រាក់បាន24ម៉ោង ក៏ដូចជាបណ្តាញសាខាយ៉ាងច្រើននៅទូទាំងប្រទេស ដែលក្នុងនោះសាខាមួយចំនួនមានបម្រើជូនដល់ទៅ 12ម៉ោង ក្នុងមួយថ្ងៃ 7ថ្ងៃ ក្នុងមួយសប្តាហ៍។ យ៉ាងណាមិញ ក្នុងករណីដែលលោកអ្នកមានបំណងចង់បង្កើនផលលាភនៃការវិនិយោគជាមួយធនាគារ ABA ឲ្យបានជាអតិបរមានោះ យើងខ្ញុំលើកទឹកចិត្តឲ្យលោកអ្នកជ្រើសរើស គណនីបញ្ញើមានកាលកំណត់ ដែលមានរយៈពេលសន្សំប្រាក់សម្បូរបែបទៅតាមតម្រូវការផ្នែកហិរញ្ញវត្ថុរបស់លោកអ្នក។
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រែប្រួលនេះ សូមទាក់ទងទៅកាន់ប្រធានទំនាក់ទំនងសាធារណៈរបស់លោកអ្នក, ផ្ញើអ៊ីមែលមកយើងខ្ញុំតាមរយៈ info(at)ababank.com ឬទូរស័ព្ទមកកាន់ការិយាល័យទំនាក់ទំនងដែលបម្រើជូនលោកអ្នក24ម៉ោងតាមរយៈលេខ 023 225 333។
សូមអរគុណចំពោះការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ!