សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ដ្រី​ ស្វាគមន៍​ភាគ​ហ៊ុ​និក​ ABA​ សម្រាប់​ជំនួប​កំពូល​

01/Apr/2025

Prime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder khPrime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder kh
Prime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder kh-1Prime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder kh-1
Prime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder kh-2Prime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder kh-2
Prime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder kh-3Prime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder kh-3
Prime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder kh-4Prime​ Minister​ Hun​ Manet​ welcomes​ ABA​ shareholder kh-4

​នៅ​ថ្ងៃ​ទី​20​ ខែមីនា​ ឆ្នាំ​2025​ គណៈប្រតិភូ​ធនាគារជាតិ​កា​ណា​ដា​ និង​ធនាគារ​ ABA​ បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ជំនួប​កំពូល​នេះ​ បាន​បញ្ជាក់​ជា​ថ្មី​ ចំពោះ​ការ​គាំទ្រ​ដ៏​មុតមាំ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ពីរ​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ និង​អនាគត​។​

​គណៈប្រតិភូ​ ដែល​ដឹកនាំ​ដោយ​លោក​ Laurent​ Ferreira​ អគ្គនាយក​ និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារជាតិ​កា​ណា​ដា​ បាន​អញ្ជើញ​មក​ដល់​វិមាន​សន្ដិភាព​។​ កិច្ច​សន្ទនា​ជាមួយ​សម្ដេច​ធិ​បតី​ នាយក​រដ្ឋមន្ដ្រី​ បាន​ផ្ដោត​លើ​ការ​ពិភាក្សា​ជុំវិញ​ប្រធានបទ​ សំខាន់ៗ​ជា​ច្រើន​ដូច​ជា​ ការ​ពង្រឹង​សក្ដានុពល​វិនិយោគ​ ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ និង​ការ​វិនិយោគ​ ហេ​ដ្ឋា​រចនា​សម្ពន្ធ​ និង​គម្រោង​នានា​ដែល​នាំ​មក​នូវ​ចីរភាព​ ខណៈ​ដែល​ធនាគារជាតិ​កា​ណា​ដា​ត្រូវ​បាន​ទទួលស្គាល់​ជា​ វិនិយោគិន​ ផ្ទាល់​ពី​បរទេស​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា​។​

​មាន​ចំណាប់អារម្មណ៍​នា​ឱកាស​នោះ​ លោក​ Laurent​ Ferreira​ បាន​សាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះ​ការ​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​ និង​វឌ្ឍនភាព​ជា​បន្ដបន្ទាប់​របស់​ប្រទេស​ជាតិ​។​ លោក​ក៏​បាន​កោតស្ញប់ស្ញែង​ ចំពោះ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្ដោត​សំខាន់​លើ​ការ​រីក​ចម្រើន​ផ្នែក​ឌី​ជី​ថ​ល​ និង​ការ​ពង្រីក​ភាព​ជា​ដៃគូ​របស់​ រដ្ឋាភិបាល​ឲ្យ​កាន់តែ​រីក​ចម្រើន​រឹង​មាំ​បន្ថែម​ទៀត​។​

​លោក​ Laurent​ Ferreira​ មាន​ប្រសាសន៍​ថា​ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ដែល​ធានា​បាន​នូវ​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ផ្នែក​សង្គម​”​។​ លោក​បាន​បន្ថែម​ថា​ “​សេដ្ឋកិច្ច​ដ៏​រស់​រវើក​ និង​បរិយាកាស​ធុរកិច្ច​ប្រកបដោយ​អំណោយផល​ល្អ​របស់​កម្ពុជា​ បាន​បង្កើត​លក្ខខណ្ឌ​ដ៏​ប្រសើរ​សម្រាប់​ភាព​ រីក​ចម្រើន​របស់​ ABA​។​ ធនាគារជាតិ​កា​ណា​ដា​ សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ និង​សូម​សម្ដែង​នូវ​អំណរ​គុណ​ចំពោះ​ឱកាស​ក្នុង​ការ​ធ្វើ​ ប្រតិបត្តិការ​ធុរកិច្ច​នៅ​កម្ពុជា​ និង​ជា​គំរូ​ដ៏​ល្អ​មួយ​នៃ​ការ​វិនិយោគ​ប្រកបដោយ​ជោគជ័យ​នៅ​កម្ពុជា​”​។​

​ក្នុង​នាម​ជា​ធនាគារ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំៗ​នៅ​កា​ណា​ដា​ និង​ជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ​ ABA​ ធនាគារជាតិ​កា​ណា​ដា​ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ ក្នុង​ការ​លើកកម្ពស់​ការ​វិនិយោគ​ និង​ផ្សព្វផ្សាយ​កិត្តិនាម​របស់​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ និង​ធុរកិច្ច​ដ៏​សុវត្ថិភាព​ និង​ទាក់ទាញ​។​ លោក​ Laurent​ Ferreira​ បាន​សង្កត់ធ្ងន់​ថា​ ភាព​ជោគជ័យ​របស់​ធនាគារ​ នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ បាន​លើកមុខ​មាត់​របស់​កម្ពុជា​នៅ​ប្រទេស​កា​ណា​ដា​ ក្នុង​នាម​ជា​គោលដៅ​វិនិយោគ​ដែល​មាន​អំណោយផល​ល្អ​។​ ធនាគារជាតិ​កា​ណា​ដា​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការ​ណែនាំ​អំពី​កម្ពុជា​ដល់​អតិថិជន​របស់​ខ្លួន​ដែល​ស្វែងរក​ ការ​ពង្រីក​វិសាលភាព​ទៅ​ក្រៅប្រទេស​ ដោយ​ពង្រឹង​ទំនុកចិត្ត​បន្ថែម​ទៀត​ចំពោះ​សក្តានុពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ កាលពី​ខែសីហា​ ឆ្នាំ​2024​ ធនាគារជាតិ​កា​ណា​ដា​ បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​គណៈប្រតិភូ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​បណ្ដា​ធុរជន​ និង​វិនិយោគិន​ឆ្នើម​របស់​កា​ណា​ដា​។​ កម្មវិធី​ជំរុញ​ និង​ទាក់ទាញ​វិនិយោគិន​ (Investment​ Roadshow)​ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ឧបនាយករដ្ឋមន្ត្រី​ អនុប្រធាន​ទី​1​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​ដ៏​ទាក់ទាញ​របស់​កម្ពុជា​ នៅ​សហរដ្ឋអាមេរិក​ និង​កា​ណា​ដា​។​

​ចំណុច​សំខាន់​មួយទៀត​នៃ​កិច្ច​ពិភាក្សា​នេះ​ ផ្ដោត​លើ​ភាព​ជា​ដៃគូ​យូរអង្វែង​រវាង​ ABA​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់​ វឌ្ឍនភាព​ឌី​ជី​ថ​ល​។​ ធនាគារ​បាន​សង្កត់ធ្ងន់​លើ​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ ក្នុង​ការ​គាំទ្រ​រដ្ឋាភិបាល​ដើម្បី​អនុវត្ត​ដំណោះស្រាយ​ សេវា​ឌី​ជី​ថ​លន​វា​នុ​វត្ត​ ពង្រឹង​ប្រសិទ្ធភាព​ និង​លទ្ធភាព​ចូល​ប្រើប្រាស់​សម្រាប់​វិស័យ​នានា​។​

​ធនាគារ​ ABA៖​ ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

​ធនាគារ​ ABA​ បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​ជា​ដៃគូ​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​បាន​បន្ដ​ផ្ដល់​ប្រាក់​កម្ចី​រហូត​ដល់​ 8.6​ ពាន់​លាន​ដុល្លារ​ ដល់​វិស័យ​សំខាន់ៗ​ដូច​ជា​ វិស័យ​ពាណិជ្ជកម្ម​ ទេសចរណ៍​ កម្មន្ដសាល​ និង​កសិកម្ម​។​ លើស​ពី​ការ​ផ្ដល់​សេវា​ធនាគារ​ស្ដង់ដារ​ ABA​ ក៏​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា​ ដែល​ជំរុញ​ដល់​ផលិតភាព​ និង​សមត្ថភាព​ប្រកួតប្រជែង​របស់​ជាតិ​ផង​ដែរ​។​

​ការ​ផ្ដល់​ហិរញ្ញប្បទាន​ថ្មីៗ​របស់​ធនាគារ​រួម​មាន​ សញ្ញា​បណ្ណ​បៃតង​ ដែល​គាំទ្រ​ដល់​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​ និង​ពង្រឹង​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​តំបន់​។​ បន្ថែម​ពីលើ​នេះ​ ABA​ ក៏​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍ​ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​ធំ​ និង​មាន​សារៈសំខាន់​មួយ​ សម្រាប់​បង្កើន​កា​រត​ភ្ជាប់​សេដ្ឋកិច្ច​ និង​ជំរុញ​កំណើន​ទេសចរណ៍​ និង​ភស្តុ​ភារ​កម្ម​។​

​កិច្ចសហការ​របស់​ធនាគារ​ជាមួយ​រដ្ឋាភិបាល​ បន្ដ​ពង្រីក​ជា​លំដាប់​ ជា​ពិសេស​នៅ​ក្នុង​កិច្ចការ​ប្រមូល​ពន្ធ​។​ ក្នុង​នាម​ជា​ធនាគារ​ដែល​ ប្រមូល​ពន្ធ​ជូន​រដ្ឋ​ដ៏​ធំ​បំផុត​មួយ​របស់​កម្ពុជា​ ABA​ អាច​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​កិច្ចការ​ប្រមូល​ពន្ធ​ ដោយ​ក្នុង​នោះ​ 25%​ សម្រាប់​ពន្ធដារ​គ្រប់​ប្រភេទ​ និង​ 10%​ សម្រាប់​ពន្ធគយ​ និង​កាតព្វកិច្ច​ផ្សេងៗ​តាម​រយៈ​បណ្តាញ​សាខា​ទូ​ទាំង​ប្រទេស​ និង​ផ្លែ​ត​ហ្វ​ម​ សេវា​ធនាគារ​ឌី​ជី​ថ​ល​ ដោយ​ពង្រឹង​តួនាទី​របស់​ធនាគារ​ក្នុង​ការ​ពង្រឹង​ប្រតិបត្តិការ​សារពើពន្ធ​របស់​ជាតិ​។​

ABA​ ក៏​លេចធ្លោ​ផង​ដែរ​ក្នុង​នាម​ជា​សហគ្រាស​បង់ពន្ធ​ដ៏​សំខាន់​មួយ​ ដោយ​បាន​រួមចំណែក​បង់ពន្ធ​ប្រមាណ​ 500​ លាន​ដុល្លារ​ ចាប់តាំងពី​ឆ្នាំ​ 2009​ មក​។​ ដោយ​ត្រូវ​បាន​ទទួលស្គាល់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​តម្លាភាព​ និង​ឧត្ដ​មា​នុ​វត្ត​ន៍​ ធនាគារ​បាន​ទទួល​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ "​ប្រភេទ​មាស​"​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រាប់​រយៈពេល​ប្រាំបី​ឆ្នាំ​ ជាប់ៗ​គ្នា​។​

​ការ​គាំទ្រ​ដល់​ទស្សនវិស័យ​អនាគត​របស់​កម្ពុជា​

​អនាគត​សេដ្ឋកិច្ច​របស់​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ គួរ​ជាទី​រំពឹង​ខ្ពស់​។​ យុទ្ធសាស្ត្រ​បញ្ច​កោណ​ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​ ដើម្បី​សម្រេច​បានជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ 2030​ បាន​កំណត់​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់​ និង​មោះមុត​។​ ABA​ ត្រៀម​រួច​ជា​ស្រេច​ ក្នុង​ការ​គាំទ្រ​ដល់​បណ្ដា​គោលដៅ​យុទ្ធសាស្ដ្រ​ជាតិ​ តាម​រយៈ​ការ​លើកកម្ពស់​បរិ​យា​បន្ន​ ហិរញ្ញវត្ថុ​ ជំរុញ​នវានុវត្តន៍​ និង​លទ្ធភាព​ចូលរួម​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​។

​ជាមួយ​ការ​គាំទ្រ​ឥត​ងាករេ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ធនាគារ​ ABA​ នឹង​បន្ដ​ចូលរួម​ចំណែក​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​រួម​ ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​រីក​ចម្រើន​ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​

អំពីធនាគារ ABA
ABA​ (www.ababank.com)​ ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ ចំណេញ​ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ ដល់​ 2023​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ​ជាមួយ​បណ្ដាញ​សាខា​ចំនួន​ 99,​ ទីតាំង​ស្វ័​យ​សេវា​ចំនួន​ 46,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1700+​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ ធនាគារ​ ABA​ បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​ គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​ ។​ ​
ធនាគារ​ ABA​ គឺជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ដែល​ជា​គ្រឹះស្ថាន​ធនាគារ​ដ៏​ធំ​បំផុត​មួយ​នៅ​ប្រទេស​កា​ណា​ដា​។​

​អំពី​ធនាគារជាតិ​កា​ណា​ដា​
ធនាគារជាតិ​កា​ណា​ដា​ (www.nbc.ca)​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ដែល​មានទ្រព្យ​សកម្ម​ប្រមាណ​ 334​ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែមករា​ ឆ្នាំ​ 2025​ និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ពិភព​លោ​ធនាគារជាតិ​កា​ណា​ដា​ ទទួល​បាន​ចំណាត់ថ្នាក់​ឥណទាន​ "A"​ ពី​ S&P​ "A+"​ ពី​ Fitch​ និង​ "A1"​ ពី​ Moody's​។​ ​
ធនាគារជាតិ​កា​ណា​ដា​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​ ហើយ​មាន​សាខា​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​នៃ​ប្រទេស​កា​ណា​ដា​ ដែល​បម្រើ​អតិថិជន​ចំនួន​ 2.8​ លាន​នាក់​ ។​ ធនាគារជាតិ​កា​ណា​ដា​ គឺជា​ធនាគារ​ឈានមុខ​គេ​នៅ​ខេត្ត​កេ​ប៊ិ​ច​ ដែល​ជា​ជម្រើស​ដៃគូ​ របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ។​ ​
មូល​ប​ត្រ​របស់​ធនាគារ​ ត្រូវ​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​តូ​រ៉ុ​ន​តូ​ (TSX:​ NA)​។​ ធនាគារ​មាន​អតិថិជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ អឺរ៉ុប​ និង​តំបន់​ជា​ច្រើន​ទៀត​របស់​ពិភពលោក​ តាម​រយៈ​ការ​បម្រើសេវា​ពី​ការិយាល័យ​តំណាង​ ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​ និង​ដៃគូ​របស់​ខ្លួន​ ។​