វឌ្ឍនភាពថ្មីនៃដំណើរទូទាត់ឌីជីថល៖ ABA និង Grab ពង្រឹងអេកូស៊ីស្ទែមទូទាត់ដោយមិនប្រើក្រដាសប្រាក់ក្នុងប្រទេសកម្ពុជា

01/Sep/2025

aba grab cashless khaba grab cashless kh
aba grab cashless kh-1aba grab cashless kh-1
aba grab cashless kh-2aba grab cashless kh-2
aba grab cashless kh-3aba grab cashless kh-3

ABA ដែលជាស្ថាប័នហិរញ្ញវត្ថុឌីជីថលទំនើបឈានមុខនៅកម្ពុជា និង Grab ដែលជាស៊ូភើអេបឈាន មុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបន្ដភាពជាដៃគូរបស់ខ្លួនទៅកាន់កម្រិតមួយថ្មីទៀត តាមរយៈ ការភ្ជាប់សេវាទូទាត់ឌីជីថលដំណាក់កាលថ្មី។ ការបន្ថែមមុខងារទូទាត់នៅក្នុងអេប Grab ជួយបង្កើនប្រសិទ្ធភាពពេញលេញសម្រាប់អតិថិជន និងដៃគូបើកបរ Grab ទាំងអស់នៅកម្ពុជា ដោយផ្ដល់នូវដំណោះស្រាយទូទាត់កាន់តែរលូនស្រួល និងមានសុវត្ថិភាព។

តាមរយៈការភ្ជាប់ផ្លែតហ្វមទូទាត់អនឡាញ ABA PayWay ទៅក្នុង Grab ស៊ូភើអេប អតិថិជន ABA អាចដាក់កាត ឬ គណនី ABA របស់ពួកគាត់ ជាមធ្យោបាយទូទាត់គោល – ដើម្បីឲ្យការទូទាត់ថ្លៃជិះ, អាហារ, និងសេវាដឹកជញ្ជូនផ្សេងៗ កាន់តែលឿន និងងាយស្រួល ដែលទឹកប្រាក់នឹងត្រូវកាត់ចេញពីកាត ឬគណនីដែលបានដាក់នោះដោយស្វ័យប្រវត្តិ។

ចំណែកឯ ដៃគូបើកបរ Grab ក៏ទទួលភាពងាយស្រួលបន្ថែម ដោយកម្រៃសេវាដែលរកបានប្រចាំថ្ងៃ នឹងផ្ទេរចូលគណនី ABA របស់ពួកគាត់ស្វ័យប្រវត្តិ ដែលអនុញ្ញាតឲ្យពួកគាត់ទទួលបាន ប្រាក់កម្រៃភ្លាមៗ ប្រកបដោយសុវត្ថិភាព។

កាលពីថ្ងៃទី27 ខែសីហា ឆ្នាំ 2025 កន្លងទៅថ្មីៗនេះ កិច្ចពិភាក្សាការងារទ្វេភាគីលើសមិទ្ធផលថ្មីនេះ ត្រូវបានធ្វើឡើងនៅការិយាល័យកណ្តាលនៃធនាគារ ABA ដោយមានការចូលរួមពី លោក Zokhir Rasulov អគ្គនាយករងប្រតិបត្តិ និងជានាយកសេវាធនាគារឌីជីថលនៃធនាគារ ABA និង លោក កាំង សុវណ្ណារ័ត្ន នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Grab ព្រមទាំងក្រុមការងារនៃស្ថាប័នទាំងពីរ។

លោក Zokhir Rasulov មានប្រសាសន៍ថា “ការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ Grab នេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងខ្ញុំ ក្នុងការបង្កើនលទ្ធភាពទូទាត់ឌីជីថលឲ្យកាន់តែទូលំទូលាយ និងរលូនស្រួល សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ជាផ្លែតហ្វមមួយដែលបានបញ្ជ្រាបយ៉ាងជ្រៅទៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរាប់លាននាក់ — រាប់ចាប់ពីការកម្មង់អាហារ ដល់ការធ្វើដំណើរ — Grab បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរស់នៅសម័យថ្មីរបស់ប្រជាពលរដ្ឋ ខ្មែរ។ តាមរយៈការរួមបញ្ចូលគ្នារវាងភាពងាយស្រួលរបស់ Grab ស៊ូភើអេប ជាមួយនឹងផ្លែតហ្វមទូទាត់អនឡាញ ABA PayWay ជាទីទុកចិត្ត យើងខ្ញុំកំពុងធ្វើឲ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃ កាន់តែរហ័ស ងាយស្រួល និងសុវត្ថិភាព។ យើងខ្ញុំ ពិតជាមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការរួមចំណែកគាំទ្រសេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលកំពុងរីកចម្រើនជាលំដាប់ ជាមួយនឹងដំណោះស្រាយដ៏ឆ្លាតវៃ សុវត្ថិភាព និងផ្តោតលើភាពងាយស្រួលរបស់អតិថិជនជាចម្បង។”

លោក កាំង សុវណ្ណារ័ត្ន នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Grab ក៏មានប្រសាសន៍ថា “យើងខ្ញុំ មានសេចក្តីរីករាយជាអនេក សូមប្រកាសថា Grab និង ABA កំពុងនាំយកដំណោះស្រាយទូទាត់បែបឌីជីថលឆ្ពោះទៅមុខមួយកម្រិតទៀត! តាមរយៈការបន្តភាពជាដៃគូជាមួយគ្នានេះ Grab កំពុងធ្វើឲ្យជីវិតកាន់តែងាយស្រួល ជាពិសេសសម្រាប់អ្នកគ្រប់គ្នានៅក្នុងប្រព័ន្ធអេកូរបស់ Grab។ ចាប់ផ្តើមពីយុទ្ធសាស្ត្រសំខាន់ៗដូចជា Driver-Partner Top-Up, ABA PayWay, Merchant Payment Integration, KHQR Top-Up ហើយឥឡូវនេះមានបន្ថែមជាមួយមុខងារ Driver-Partner Cash-Out ដែលភាពជាដៃគូនេះអនុញ្ញាតឲ្យដៃគូបើកបរ Grab ទាំងអស់អាចដកប្រាក់ចេញពីប្រាក់ចំណូលដែលរកបានប្រចាំថ្ងៃរបស់ពួកគាត់បានយ៉ាងងាយស្រួល!

យើងខ្ញុំប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ដល់ដៃគូអ្នកបើកបរ ដៃគូអាជីវករ និងអ្នកប្រើប្រាស់ទាំងអស់ ជាមួយនឹងដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិត និងសុវត្ថិភាពខ្ពស់។ Grab សហការគ្នាជាមួយ ABA ដើម្បីលើកស្ទួយអនាគតនៃការទូទាត់បែបឌីជីថលនៅក្នុងប្រទេសកម្ពុជា”។

ជាមួយនឹងការភ្ជាប់ និងដាក់ដំណើរការមុខងារថ្មីដោយជោគជ័យ ស្ថាប័នទាំងពីរនឹងបន្តពង្រឹងកិច្ចសហការ និងបង្កើនសេវាកម្មឌីជីថលបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន និងបង្កើនប្រសិទ្ធភាពរបស់ដៃគូអ្នកបើកបរ Grab។

អំពី ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2024។ ធនាគារ ABA មាន 101 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 45 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,800 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនជាង 5 លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។

អំពី Grab
Grab ជា ស៊ូភើអេប ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដំណើរការសេវាកម្មដឹកជញ្ជូន សេវាកម្មដឹកអ្នកដំណើរ សេវាកម្មក្នុងវិស័យហិរញ្ញវត្ថុឌីជីថល។ បម្រើតម្រូវការក្នុងប្រមាណ 700 ទីក្រុងក្នុង 8 ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍– កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងរៀតណាម–Grab អនុញ្ញាតឲ្យអតិថិជនរាប់លាននាក់ ដាក់ទិញដូរគ្រឿងទេស និងអាហារ ផ្ញើរកញ្ចប់ ហៅតាក់ស៊ី ទូទាត់ការទិញអនឡាញ ឬប្រើប្រាស់សេវាកម្ចី និងធានារាប់រង នៅក្នុងអេបតែមួយ។ សម្រាប់ព័ត៌មានបន្ថែមទៅលើគម្រោងពង្រីករបស់ Grab និងកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា សូមទៅកាន់គេហទំព័រ www.grab.com/kh ឬ www.facebook.com/GrabKH