Euromoney​ ផ្តល់​កិត្តិនាម​ដល់​ ABA​ ជា​ “​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ 2019”​

17/Jul/2019

Best​ Bank​ in​ Cambodia​ 2019 2

ធនាគារ​ ABA​ ដែល​ជា​សមាជិក​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ សូម​ប្រកាស​ថា​ ធនាគារ​បាន​ទទួល​កិត្តិនាម​ជា​ “​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ឆ្នាំ​ 2019”​ ពី​ Euromoney​ ដែល​ជា​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ដ៏​លេចធ្លោ​ និង​គួរ​ឲ្យ​ទុកចិត្ត​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​។​ ពិធី​ប្រគល់​ពានរង្វាន់​សម្រាប់​អ្នក​ឈ្នះ​នៅ​ទូ​ទាំង​ទ្វីបអាស៊ី​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ នា​ថ្ងៃ​ទី​ 16​ ខែ​ កក្កដា​ ឆ្នាំ​ 2019​។​

Euromoney​ បាន​អបអរសាទរ​ ABA​ ចំពោះ​គុណសម្បត្តិ​យ៉ាង​ជាក់ស្តែង​របស់​ធនាគារ​ នៅ​ក្នុង​វិស័យ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ការ​ពង្រីក​សក្តានុពល​យ៉ាង​រឹង​មាំ​ និង​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​អំឡុង​ឆ្នាំ​កន្លង​ទៅ​នេះ​។​ អ្នកឯកទេស​ បាន​សរសើរ​ជា​ពិសេស​ទៅ​លើ​ភាព​ជោគជ័យ​របស់​កម្មវិធី​ ABA​ Mobile​ នៅ​ក្នុង​ទីផ្សារ​ ការ​លើកកម្ពស់​ការ​ប្រើប្រាស់​កូដ​ QR​ និង​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ និង​ការ​បង្កើន​សមត្ថភាព​បន្ថែម​នៅ​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ធនាគារ​អន​ឡាញ​ PayWay​ របស់​ខ្លួន​។​

នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ លោក​ Askhat​ Azhikhanov​ បាន​ថ្លែង​ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​យ៉ាង​ដូច្នេះ​ថា​ “​យើង​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ខ្លាំង​ណាស់​ ដែល​ផលិតផល​របស់​យើង​ និង​មធ្យោបាយ​នៃ​ការ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​គួរ​ឲ្យ​គោរព​មួយ​ ថា​មានគុណ​ភាពល្អ​បំផុត​នៅ​ក្នុង​ប្រទេស​។​ យើង​សម្រេច​បានការ​អភិវឌ្ឍ​ស្តង់ដារ​ថ្មី​មួយ​ សម្រាប់​ការ​ផ្តល់​ជូន​សេវា​ធនាគារ​រូបវន្តបុគ្គល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ធ្វើការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ជឿជាក់​ និង​ងាយស្រួល​ប្រើ​សម្រាប់​អតិថិជន​របស់​យើង​។​ យើង​ក៏​បាន​ដាក់​បញ្ចូល​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​ស្ទើរ​ទាំងស្រុង​ ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ទីផ្សារ​ ហើយ​វា​បាន​ជួយ​ពង្រឹង​ជំហរ​របស់​យើង​ និង​ធានា​នូវ​កំណើន​នៅ​ក្នុង​ចំណែក​ទីផ្សារ​ ក៏​ដូច​ជា​ប្រាក់​ចំណេញ​ផ្នែក​អាជីវកម្ម​របស់​យើង​ផង​ដែរ​។​ អតិថិជន​របស់​យើង​បាន​កើនឡើង​ដល់​ទៅ​ 76%​ កាល់ពី​ឆ្នាំទៅ​ ហើយ​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​គ្រប់​រូប​ សម្រាប់​ការ​ជ្រើសរើស​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើង​។​”

ការ​សម្រេច​ផ្តល់​ជូន​ជ័យ​លា​ភី​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ Euromoney​ បន្ទាប់​ពី​មានការ​វាយតម្លៃ​ ទៅ​លើ​សកម្មភាព​ចម្បងៗ​របស់​ធនាគារ​ ABA​ ក្នុង​រយៈពេល​ 12​ ខែ​ក្នុង​ឆ្នាំ​កន្លង​ទៅ​។​ គណៈ​វិនិច្ឆយ​ រួម​មាន​ក្រុម​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​មាន​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ ជា​អធិបតី​ រួម​ជាមួយនឹង​ការ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​របស់​គណៈកម្មាធិការ​ផ្ទៀងផ្ទាត់​នៅ​ក្នុង​ទីផ្សារ​ធនាគារ​ និង​មូលធន​។​

“​ជា​ធនាគារ​ដ៏​រឹង​មាំ​ជាក់ស្តែង​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ABA​ ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាគ​ហ៊ុ​និក​ដែល​ខ្លាំង​ ការ​អនុវត្ត​ល្អ​ និង​ទីផ្សារ​ដ៏​រីក​ចម្រើន​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ Clive​ Horwood​ និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ ដែល​ផ្តល់​អនុសាសន៍​ក្នុង​ការ​ប្រគល់​ពានរង្វាន់​នេះ​។​ “​ក្នុងអំឡុងពេល​ធ្វើការ​ពិនិត្យពិច័យ​របស់​យើង​ យើង​ឃើញ​ថា​ ប្រាក់​ចំណេញ​សុទ្ធ​របស់​ធនាគារ​ ABA​ ចំនួន​ 71.82​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ពី​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ 55%​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ និង​សម្រេច​បាន​ផល​ចំណេញ​លើ​មូលធន​ក្នុង​អត្រា​ 28%​។​ ការ​ពង្រីក​សក្តានុពល​របស់​ខ្លួន​យ៉ាង​លឿន​ ក៏​បង្ហាញ​ពី​ចំណែក​មួយ​យ៉ាង​ធំ​នៃ​គម្រោងការ​របស់​ធនាគារ​ ABA​ ផង​ដែរ​ ដូច​ជា​ការ​បើក​សាខា​ថ្មី​ចំនួន​ 15​ កាលពី​ឆ្នាំ​កន្លង​ទៅ​ និង​ការ​បន្ថែម​ម៉ោង​ប្រតិបត្តិការ​នៅ​តាម​សាខា​ដែល​មមាញឹក​មួយ​ចំនួន​។​ បន្ថែម​ពីលើ​នោះ​ទៀត​ ធនាគារ​ ABA​ បាន​ចាប់​យក​ប្រព័ន្ធ​ឌី​ជី​ថ​ល​ច្រើន​ជាង​ធនាគារ​ក្នុងស្រុក​ណាៗ​ទាំងអស់​ ដោយ​ផ្អែក​លើ​កម្មវិធី​ ABA​ Mobile​ របស់​ខ្លួន​”​ លោក​បាន​បន្ថែម​។​

ធនាគារ​ ABA​ ទទួល​បានការ​គោរព​សរសើរ​បន្ត​ឥត​ដាច់​ ពី​ទស្សនាវដ្តី​ Euromoney​ ចាប់តាំងពី​ធនាគារ​ទទួល​បាន​ជ័យ​លា​ភី​ “​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​”​ ដំបូង​នៅ​ក្នុង​ឆ្នាំ​ 2014​ មក​។​ ធនាគារ​ ABA​ ក៏​ទទួល​បាន​ពានរង្វាន់​ “​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​”​ ពី​ទស្សនាវដ្តី​ Global​ Finance​ ពី​ឆ្នាំ​ 2015​ ដល់​ឆ្នាំ​ 2019​ និង​ ពានរង្វាន់​ “​ធនាគារ​ឆ្នើម​ប្រចាំឆ្នាំ​”​ ពី​ទស្សនាវដ្ដី​ The​ Banker​ ក្នុង​ឆ្នាំ​ 2014​ និង​ 2016​ ផង​ដែរ​។​

អំពី​​កម្មវិធី​ពានរង្វាន់​ឧត្តមភាពរបស់​ Euromoney​
​ទស្សនាវដ្ដី​ Euromoney​ គឺជា​ទស្សនាវដ្ដី​ប្រចាំខែ​ដ៏​គួរ​ឲ្យ​ជឿ​ទុកចិត្ត​ និង​ល្បីល្បាញ​បំផុត​មួយ​ ដែល​ផ្ដោត​លើ​អាជីវកម្ម​ និង​ហិរញ្ញវត្ថុ​។​ ទស្សនាវដ្តី​នេះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ​ 1969​ ហើយ​បាន​ចុះ​ផ្សាយ​អំពី​វិសាលភាព​លើ​ការ​លេច​ឡើងជា​ថ្មី​ នៃ​ទីផ្សារ​មូលធន​ឆ្លង​ដែន​អន្តរជាតិ​។​ ពានរង្វាន់​ឧត្តមភាព​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​ Euromoney​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​ ហើយ​ជា​និយាម​សកល​សម្រាប់​វិស័យ​ ធនាគារ​។​ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ​ គ្របដណ្ដប់​លើ​ផលិតផល​សកល​ជាង​ 20​ ប្រភេទ​ ពានរង្វាន់​លំដាប់​ថ្នាក់ឧត្តម​ប្រចាំ​តំបន់​ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ 100​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ Euromoney​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​ជូន​ព័ត៌មាន​លម្អិត​ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ​ បូក​រួម​ជាមួយ​ការ​ធ្វើការ​ស្រាវជ្រាវ​មួយ​ឆ្នាំ​ពេញ​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​ក្នុង​តំបន់​ដោយ​និពន្ធ​នាយក​ អ្នក​សារព័ត៌មាន​ និង​ក្រុម​ស្រាវជ្រាវ​។​