គណៈប្រតិភូ​ធនាគារជាតិ​កា​ណា​ដា​ ជួប​ជាមួយ​លោក​ជំទាវ​បណ្ឌិត​ ជា​ សិរី​បង្ហាញ​ការ​បន្ត​គាំទ្រ​វិស័យ​ធនាគារ​របស់​កម្ពុជា​

28/Mar/2025

CEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KHCEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KH
CEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KH-2CEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KH-2
CEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KH-3CEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KH-3
CEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KH-4CEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KH-4
CEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KH-5CEO​ of​ National​ Bank​ of​ Canada​ meets​ NBC​ Governor KH-5

កាលពី​ថ្ងៃ​ទី​19​ ខែមីនា​ ឆ្នាំ​2025​ គណៈប្រតិភូ​ធនាគារជាតិ​កា​ណា​ដា​ និង​ធនាគារ​ ABA​ មាន​កិ​តិ្ត​យស​ បាន​ជួប​ពិភាក្សា​ជាមួយ​ ធនាគារជាតិ​នៃ​កម្ពុជា​ បង្ហាញ​ពី​ការ​គាំទ្រ​ឥត​ងាករេ​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ កម្ពុជា​។​ ធនាគារជាតិ​កា​ណា​ដា​ ជា​ធនាគារ​ធំ​មួយ​ក្នុង​ប្រទេស​កា​ណា​ដា​ និង​ជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​មួយ​នៅ​កម្ពុជា​។​

​គណៈប្រតិភូ​ ដែល​ដឹកនាំ​ដោយ​លោក​ Laurent​ Ferreira​ អគ្គនាយក​ និង​ជានា​យក​ប្រតិបត្តិ​ ធនាគារជាតិ​កា​ណា​ដា​ ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ លោក​ជំទាវ​បណ្ឌិត​ ជា​ សិរី​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។​ ជំនួប​ពិភាក្សា​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ផ្លែផ្កា​ ខណៈ​ដែល​ភាគី​បាន​ពិភាក្សា​លើ​ប្រធានបទ​ជា​ច្រើន​ រួម​មាន​វឌ្ឍនភាព​ឌី​ជី​ថ​ល​ ហិរញ្ញវត្ថុ​បៃតង​ ឱកាស​វិនិយោគ​នានា​ និង​តួនាទី​របស់​ធនាគារ​ ABA​ ដែល​កំពុង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​ទាក់ទាញ​បណ្ដា​វិនិយោគិន​មក​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ​ លោក​ Laurent​ Ferreira​ បាន​កោតស្ញប់ស្ញែង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ងាករេ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ ហើយ​លោក​បាន​លើក​ឡើង​ពី​ឧត្តមភាព​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់​ ចាប់តាំងពី​ឆ្នាំ​ ២០១៤​ មក​ ធនាគារជាតិ​កា​ណា​ដា​ បាន​ធ្វើការ​វិនិយោគ​ 900​ លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​តែងតែ​រក្សា​ប្រាក់​ចំណេញ​ទាំងអស់​របស់​ ABA​ បន្ត​ដាក់​វិនិយោគ​នៅ​ក្នុង​ ABA​ វិញ​ ដើម្បី​ពង្រឹង​មូលដ្ឋាន​មូលធន​របស់​ធនាគារ​ ដែល​ជំរុញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ ABA​ ឲ្យ​កាន់តែ​មោះមុត​បន្ថែម​ទៀត​ ចំពោះ​ការ​អភិវឌ្ឍ​ និង​កំណើន​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។​

​លោក​ Laurent​ Ferreira​ មាន​ប្រសាសន៍​ថា​ “​ធនាគារជាតិ​កា​ណា​ដា​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ឱកាស​ប្រតិបត្តិការ​នៅ​ ប្រទេស​កម្ពុជា​តាម​រយៈ​ធនាគារ​ ABA​ ដែល​ជា​បុត្រ​សម្ពន្ធ​ពេញលេញ​របស់​ខ្លួន​។​”​ លោក​បាន​បន្ថែម​ផង​ដែរ​ថា​ “​សេដ្ឋកិច្ច​កំពុង​បន្ត​រីក​ច្រើន​ទៅ​មុខ​ និង​បរិយាកាស​ធុរកិច្ច​អំណោយផល​ល្អ​របស់​កម្ពុជា​ បាន​ផ្ដល់​ជា​មូលដ្ឋាន​អនុគ្រោះ​ដ៏​ប្រសើរ​ នាំ​មក​នូវ​ភាព​រីក​ចម្រើន​របស់​ ABA​។​ ចាប់ពី​ធ្វើការ​វិនិយោគ​តាំងពី​ឆ្នាំ​ 2014​ មក​ ធនាគារ​ ABA​ ជាមួយ​ថ្នាក់ដឹកនាំ​មាន​សមត្ថភាព​ និង​បុគ្គលិក​បម្រើ​ការ​យ៉ាង​មោះមុត​ បាន​បន្ត​រីក​ចម្រើន​លូតលាស់​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​យើងខ្ញុំ​កាន់តែ​មាន​ភាព​ជឿជាក់​លើ​បរិយាកាស​វិនិយោគ​ដ៏​ទាក់ទាញ​របស់​កម្ពុជា​។​”​

​ទន្ទឹម​នឹង​នេះ​ ធនាគារ​ ABA​ បាន​បន្ត​វឌ្ឍនភាព​ទៅ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​មួយ​ ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​ ធនាគារ​បាន​បន្ដ​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ 8.6​ ពាន់​លាន​ដុល្លារ​ ដល់​វិស័យ​សំខាន់ៗ​ដូច​ជា​ វិស័យ​ពាណិជ្ជកម្ម​ ទេសចរណ៍​ កម្មន្ដសាល​ និង​កសិកម្ម​។​

ABA​ ក៏​បាន​ផ្តល់​ហិរញ្ញប្បទាន​យ៉ាង​សកម្ម​ ដល់​គម្រោង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា​ ដើម្បី​ការ​អភិវឌ្ឍ​ ក៏​ដូច​ជា​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​។​ ហិរញ្ញប្បទាន​ថ្មីៗ​របស់​ធនាគារ​រួម​មាន​ សញ្ញា​បណ្ណ​បៃតង​ សំដៅ​គាំទ្រ​ដល់​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​ ដែល​នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ទទួល​បាន​ថាមពល​អគ្គិសនី​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ កាត់​បន្ថយថ្លៃ​ចំណាយ​លើ​ផលិតកម្ម​ ឬ​ការ​ផលិត​ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​ក្នុង​តំបន់​។​ បន្ថែម​ពីលើ​នេះ​ ABA​ ក៏​បាន​ផ្ដល់​ហិរញ្ញប្បទាន​ ដល់​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​ធំ​ និង​មាន​សារៈសំខាន់​មួយ​ សម្រាប់​បង្កើន​កា​រត​ភ្ជាប់​សេដ្ឋកិច្ច​ និង​ជំរុញ​កំណើន​ទេសចរណ៍​ និង​វិស័យ​ភស្តុ​ភារ​កម្ម​។​

​លោក​ Laurent​ Ferreira​ បាន​សង្កត់ធ្ងន់​ថា​ ភាព​ជោគជ័យ​នៃ​ការ​វិនិយោគ​របស់​ធនាគារជាតិ​កា​ណា​ដា​ នៅ​ក្នុង​ធនាគារ​កម្ពុជា​ បាន​លើកមុខ​មាត់​របស់​កម្ពុជា​នៅ​ប្រទេស​កា​ណា​ដា​ ក្នុង​នាម​ជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​។​ ​ធនាគារជាតិ​កា​ណា​ដា​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការ​ណែនាំ​អំពី​កម្ពុជា​ដល់​អតិថិជន​របស់​ខ្លួន​ដែល​ស្វែងរក​ការ​ពង្រីក​វិសាលភាព​ទៅ​ក្រៅប្រទេស​ ដោយ​ពង្រឹង​ទំនុកចិត្ត​បន្ថែម​ទៀត​ចំពោះ​សក្តានុពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​រំលឹក​ផង​ដែរ​ថា​ កាលពី​ខែសីហា​ ឆ្នាំ​ 2024​ ធនាគារជាតិ​កា​ណា​ដា​ បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​បណ្ដា​ធុរជន​ និង​វិនិយោគិន​ឆ្នើម​របស់​កា​ណា​ដា​។​ កម្មវិធី​ជំរុញ​ និង​ទាក់ទាញ​វិនិយោគិន​ (Investment​ Roadshow)​ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ឧបនាយករដ្ឋមន្ត្រី​ អនុប្រធាន​ទី​1​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​ដ៏​ទាក់ទាញ​របស់​កម្ពុជា​ នៅ​សហរដ្ឋអាមេរិក​ និង​កា​ណា​ដា​។​

​ធនាគារ​ ABA​ មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ចំពោះ​ជំនួប​កាលពី​ពេល​ថ្មីៗ​នេះ​រវាង​គណៈប្រតិភូ​នៃ​ធនាគារជាតិ​កា​ណា​ដា​ និង​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​វិស័យ​ធនាគារ​របស់​កម្ពុជា​ តាម​រយៈ​សេវាកម្ម​ធនាគារ​ន​វា​នុ​វត្ត​ ផ្តោត​លើ​អតិថិជន​ជា​ចម្បង​។​

​ក្នុង​នាម​ជា​និយតករ​វិស័យ​ធនាគារ​កម្ពុជា​ ធនាគារជាតិ​នៃ​កម្ពុជា​ កំពុង​ដើរតួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ពង្រឹង​នវានុវត្តន៍​ ឆ្ពោះទៅ​កាន់​កំណើន​ប្រកបដោយ​ចីរភាព​។​ ធនាគារ​ ABA​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​ សម្រាប់​ការ​បន្ត​ណែនាំ​ ចង្អុលបង្ហាញ​ និង​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ និង​ភាព​ជោគជ័យ​របស់​ធនាគារ​យើងខ្ញុំ​។​

​ដំណើរ​វឌ្ឍនភាព​របស់​ធនាគារ​ ABA​ គឺ​ពិត​ណាស់​ បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​វិបុលភាព​រុងរឿង​របស់​ប្រទេស​កម្ពុជា​។​ ABA​ នឹង​បន្ដ​ចូលរួម​កសាង​វិស័យ​ធនាគារ​របស់​កម្ពុជា​ឲ្យ​កាន់តែ​រឹង​មាំ​ និង​រីក​ចម្រើន​ប្រកបដោយ​ចីរភាព​ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​រយៈពេល​វែង​របស់​ជាតិ​យើង​។​ ជាមួយ​ការ​បន្ត​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ធនាគារ​ ABA​ ប្ដេជ្ញា​រួមចំណែក​សម្រេច​ចក្ខុវិស័យ​រួម​ ដើម្បី​កម្ពុជា​កាន់តែ​មាន​វិបុលភាព​រីក​ចម្រើន​ ពេញ​ដោយ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។​

​អំពី​ធនាគារ​ ABA
ABA​ (www.ababank.com)​ ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ ដល់​ 2023​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ​ជាមួយ​បណ្ដាញ​សាខា​ចំនួន​ 99,​ ទីតាំង​ស្វ័​យ​សេវា​ចំនួន​ 46,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1700+​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ ធនាគារ​ ABA​ បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​ គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​ ។​ ​ធនាគារ​ ABA​ គឺជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ដែល​ជា​គ្រឹះស្ថាន​ធនាគារ​ដ៏​ធំ​បំផុត​មួយ​នៅ​ប្រទេស​កា​ណា​ដា​។​

​អំពី​ធនាគារជាតិ​កា​ណា​ដា​
ធនាគារជាតិ​កា​ណា​ដា​ (www.nbc.ca)​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ដែល​មានទ្រព្យ​សកម្ម​ប្រមាណ​ 334​ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែមករា​ ឆ្នាំ​ 2025​ និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ពិភពលោក​ ។​ ធនាគារជាតិ​កា​ណា​ដា​ ទទួល​បាន​ចំណាត់ថ្នាក់​ឥណទាន​ "A"​ ពី​ S&P​ "A+"​ ពី​ Fitch​ និង​ "A1"​ ពី​ Moody's​។​ ​ធនាគារជាតិ​កា​ណា​ដា​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​ ហើយ​មាន​សាខា​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​នៃ​ប្រទេស​ កា​ណា​ដា​ ដែល​បម្រើ​អតិថិជន​ចំនួន​ 2.8​ លាន​នាក់​ ។​ ធនាគារជាតិ​កា​ណា​ដា​ គឺជា​ធនាគារ​ឈានមុខ​គេ​នៅ​ខេត្ត​កេ​ប៊ិ​ច​ ដែល​ជា​ជម្រើស​ដៃគូ​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ។​ ​មូល​ប​ត្រ​របស់​ធនាគារ​ ត្រូវ​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​តូ​រ៉ុ​ន​តូ​ (TSX:​ NA)​ ។​ ធនាគារ​មាន​អតិថិជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ អឺរ៉ុប​ និង​តំបន់​ជា​ច្រើន​ទៀត​របស់​ពិភពលោក​ តាម​រយៈ​ការ​បម្រើសេវា​ពី​ការិយាល័យ​តំណាង​ ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​ និង​ដៃគូ​របស់​ខ្លួន​។