សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ឆបោក​តាម​អន​ឡាញ​!

22/Apr/2019

Beware​ of​ phishing​ emails! 1

ធនាគារ​ ABA​ សូម​ជម្រាប​ជូន​ដល់​អតិថិជន​ សូម​មានការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ចំពោះ​អុីមែល​ ឬ​ក៏​សារ​ខ្លីៗ​ណាមួយ​ ដែល​អះអាង​ថា​បាន​ផ្ញើ​ចេញពី​ធនាគារ​ ABA​ មិន​ថា​វា​មាន​លក្ខណៈ​ដូច​ជា​សារ​របស់​ធនាគារ​ពិតៗ​ក៏​ដោយ​។​ សូម​បញ្ជាក់​ថា​ ធនាគារ​យើងខ្ញុំ​មិន​ដែល​ឲ្យ​បុគ្គលិក​ ឬ​អ្នកតំណាង​ណា​ម្នាក់​ទៅ​ទាក់ទង​សុំ​ព័ត៌មាន​គណនី​ ឬ​ព័ត៌មាន​កាត​ពី​អតិថិជន​ឡើយ​។​

ជន​ឆបោក​តែង​ព្យាយាម​ក្លែងបន្លំ​ធ្វើ​យ៉ាងណា​ឲ្យ​មើលទៅ​ ឬ​ស្តាប់​ទៅ​ដូច​ជា​ខ្លួន​គេ​ជា​អ្នកតំណាង​មក​ពី​ធនាគារ​ ABA​ ប៉ុន្តែ​អ្នក​អាច​ដឹង​បាន​យ៉ាង​ងាយ​ ដោយ​ធ្វើការ​កាត់​សម្គាល់​លើ​ជន​ទុច្ចរិត​ទាំងនោះ​ដូច​ខាងក្រោម​ (​សូម​មើល​គំរូ​អុីមែល​ឆបោក​ខាងក្រោម​)៖

  • សម្គាល់​មើល​អុីមែល​ដែល​ពួក​គេ​ប្រើ​ ដើម្បី​ទាក់ទង​មក​៖​ ជួនកាល​ អុីមែល​ដែល​ជន​ក្លែងបន្លំ​ប្រើ​ វា​មាន​ភាព​ខុស​គ្នា​ពី​អុីមែល​ពិតតែ​អក្សរ​មួយ​ប៉ុណ្ណោះ​។​ ចង​ចាំ​ថា​ ធនាគារ​យើងខ្ញុំ​មិន​ដែល​ប្រើប្រាស់អុីមែលដែលមាន​អាសយដ្ឋាន​ ababakn.com,​ advancebankasia.com,​ ababankofasla.com,​ advancebankofasia.com,​ ababnkofasla.com,​ accountant.com,​ ababcambodia.org,​ ababankonline.com,​ ababkonline.com,​ ababnk.com,​ abacamb.com,​ advancedbankasia.com​ ឬ​អាសយដ្ឋាន​អុីមែល​ស្រ​ដៀងៗ​នេះ​ឡើយ​ ហើយ​ធនាគារ​ ABA​ ក៏​មិន​ដែល​ស្នើ​ឲ្យ​ភាគី​ទី​៣​ណា​ផ្សេង​ទៀត​ ទាក់ទង​អតិថិជន​ដើម្បី​ទៅ​ទទួលយក​រង្វាន់​ បណ្តាំមរតក​ និង​អំណោយ​នានា​នោះ​ទេ​។​ អុីមែល​ផ្លូវការ​របស់​យើង​គឺ​ត្រូវ​ចេញពី​អាសយដ្ឋាន​ [email protected]​ តែ​ប៉ុណ្ណោះ​!
  • ខ្លឹមសារ​នៃ​អុីមែល​ដែល​ចាប់ផ្តើម​ជាមួយនឹង​ការ​បំភ័យ​ ឬ​ជំរុញ​អ្នក​ឲ្យ​ចុច​លើ​លីង​ ឬ​ដោ​ន​ឡូ​ដ​ឯកសារ​ភ្ជាប់​។​
  • ​​អ្នក​ផ្ញើអុីមែល​សរសេរ​ឈ្មោះ​អ្នក​មិន​ត្រឹមត្រូវ​ ឬ​មិន​បាន​លើក​ឡើង​ពី​ឈ្មោះ​អ្នក​ចំ​ជាដើម​។​
  • ហត្ថលេខា​របស់អុីមែល​មាន​ភ្ជាប់​ជាមួយ​លីង​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​ ABA​។

សកម្មភាព​បែប​នេះ​ ជា​ញឹកញយ​ត្រូវ​បាន​ប្រើ​ដោយ​ជន​ទុច្ចរិត​ ដើម្បី​បញ្ចុះបញ្ចូល​ជន​រង​គ្រោះ​ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​ពួក​គេ​ ដូច​ជា​ កាត​ ឬ​លេខ​គណនី​ធនាគារ​ លេខ​សម្ងាត់​ និង​ព័ត៌មាន​លំអិត​ ដែល​គេ​អាច​ប្រើ​បាន​ដើម្បី​ធ្វើការ​ក្លែងបន្លំ​។​ សូម​ចង​ចាំ​ថា​ ធនាគារ​ ABA​ មិន​ដែល​ផ្ញើ​អុីមែល​ សារ​ខ្លីៗ​ ឬ​លីង​វិ​ប​សាយ​ទៅ​អ្នក​ ដើម្បី​ស្នើ​ឲ្យ​អ្នក​បញ្ចូល​លេខ​កាត​របស់​ខ្លួន​ លេខ​សម្ងាត់​របស់​ធនាគារ​អន​ឡាញ​ ឬ​ព័ត៌មាន​សម្ងាត់​ដទៃៗ​ទៀត​ឡើយ​។​

ប្រសិនបើ​អ្នក​ទទួល​បានអុីមែល​ ឬ​សារ​បន្លំ​ថា​មក​ពី​ធនាគារ​ ABA​ ដែល​គួរ​ឲ្យ​សង្ស័យ​ ហើយ​អ្នក​មិន​អាច​ផ្ទៀងផ្ទាត់​បាន​នោះ​ សូម​រាយការណ៍​មក​យើងខ្ញុំ​ជា​បន្ទាន់​តាម​រយៈ​ info(at)ababank.com​។​ ប្រសិនបើ​អ្នក​គិត​ថា​ អ្នក​ប្រហែល​បាន​ក្លាយជា​ជន​រង​គ្រោះ​ចំពោះ​ការ​លួច​បន្លំ​ ឬ​ការ​ក្លែងបន្លំ​ណាមួយ​ហើយ​នោះ​ សូម​ទូរស័ព្ទ​មក​កាន់​យើងខ្ញុំ​ជា​បន្ទាន់​តាម​លេខ​រយៈ​ +855​ 23​ 225​ 333​។​

ដោយ​ការ​គោរព​
ធនាគារ​ ABA​