ABA​ ឈ្នះ​ពានរង្វាន់​ ធនាគារ​ដ៏​ឆ្នើម​បំផុត​សម្រាប់​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ឆ្នាំ​2022​ ពី​ទស្សនាវដ្ដី​ Asiamoney

28/Sep/2022

aba win award from asiamoney 2022 dt khaba win award from asiamoney 2022 dt kh

​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​កម្ពុជា​ធំ​បំផុត​ និង​នាំមុខ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ បាន​ទទួល​ពានរង្វាន់​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​សម្រាប់​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​ ឆ្នាំ​2022”​ ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ Asiamoney​ ជា​ទស្សនាវដ្ដី​ថ្នាក់​តំបន់​របស់​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​អន្ដរជាតិ​ Euromoney​។​

​ពានរង្វាន់​ពី​ Asiamoney​ ប្រគល់​ជូន​ ABA​ ចំពោះ​វឌ្ឍនភាព​ធនាគារ​ឌី​ជី​ថ​ល​ដ៏​លេចធ្លោ​ និង​ការ​ផ្ដោត​ជា​យុទ្ធសាស្ដ្រ​លើ​ការ​បម្រើសេវា​ធនាគារ​ប្រកបដោយ​ន​វា​នុ​វត្ត​ជូន​អតិថិជន​របស់​ខ្លួន​។​

​គណៈវិនិច្ឆ័យ​ Asiamoney​ បាន​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​ ABA​ Mobile​ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​នេះ​។​ ជាក់ស្ដែង​ ABA​ បាន​ពង្រឹងសមត្ថភាព​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​របស់​ខ្លួន​ជាមួយ​៖

  • មុខងារ​ បើក​គណនី​រហ័ស​ ដែល​អតិថិជន​មិន​ទាន់​មាន​គណនី​ ABA​ អាច​បើក​គណនី​ដំបូង​របស់​ខ្លួន​បាន​ ដោយ​គ្រាន់តែ​មាន​ស្មា​ត​ហ្វូ​ន​ និង​អត្តសញ្ញាណប័ណ្ណ​មាន​សុពលភាព​ (​អនុវត្ត​តាម​គោលការណ៍​ស្គាល់​អតិថិជន​បែប​អេ​ឡិ​ក​ត្រូ​និក​យ៉ាង​មាន​សុវត្ថិភាព​);
  • មុខងារ​ ABA​ KHQR​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រមូលប្រាក់​ទូទាត់​ ឬ​ទទួល​ប្រាក់​ផ្ទេរ​ពី​អ្នក​ប្រើ​  ABA​ Mobile​ ក៏​ដូច​ជា​អតិថិជន​ធនាគារ​ផ្សេង​ ដែល​ដំណើរការ​ជាមួយ​ស្ដង់ដារ​ KHQR​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​;
  • មុខងារ​ ផ្ទេរ​ប្រាក់​តាម​កាត​ ជាមួយ​ Mastercard​ និង​ UnionPay​ ដែល​ម្ចាស់​កាត​អាច​ផ្ញើ​ប្រាក់​បាន​រហូត​ដល់​ 20,000​ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ពី​គណនី​ ABA​ របស់​ខ្លួន​ តាម​ ABA​ Mobile;
  • មុខងារ​ កម្ចី​ប្រាក់បៀវត្ស​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ ABA​ Mobile​ ទទួល​បាន​ហិរញ្ញប្បទាន​រហ័ស​ និង​ងាយស្រួល​សម្រាប់​តម្រូវការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ដោយ​មិន​ចាំបាច់​មានទ្រព្យ​តម្កល់​។​

​ការ​ពង្រឹងសមត្ថភាព​កម្មវិធី​ ABA​ Merchant​ គឺជា​ការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​របស់​ ABA​ ក្នុង​រយៈពេល​នេះ​។​ ABA​ Merchant​ គឺជា​ “​មធ្យោបាយ​ទូទាត់​ចល័ត​”​ (mPOS)​ ដែល​ជួយ​ដល់​អាជីវកម្ម​ ឬ​កន្លែង​លក់ដូរ​តូច​ធំ​នានា​ ក្នុង​ការ​ទទួល​ប្រាក់​ទូទាត់​ជា​ប្រាក់​រៀល​ និង​ដុល្លារ​ ដោយ​គ្រាន់តែ​បង្កើត​កូដ​ QR​ នៅ​លើ​ស្មា​ត​ហ្វូ​ន​។​ កម្មវិធី​នេះ​ ជួយ​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពាណិជ្ជករ​ក្នុង​ការ​រក្សា​កំណត់​ត្រា​លក់​ ខណៈ​កាត់​បន្ថយ​ការ​ប៉ះពាល់​ក្រដាសប្រាក់​ផ្ទាល់​ផង​ដែរ​។​

​អ្នក​លក់ដូរ​តាម​អន​ឡាញ​ និង​តាម​បណ្ដាញ​សង្គម​នានា​ អាច​ទទួល​បាន​អត្ថប្រយោជន៍​ពីមុខ​ងារ​ លីង​ទូទាត់​ របស់​កម្មវិធី​ ABA​ Merchant​។​ អ្នកលក់​អាច​បង្កើត​លីង​សម្រាប់​ទំនិញ​របស់​ខ្លួន​ក្នុង​កម្មវិធី​ផ្ទាល់​ ហើយ​អាច​ដាក់​តម្លៃ​ ភ្ជាប់​ជាមួយ​រូបភាព​ និង​ការ​ពណ៌នា​អំពី​ទំនិញ​នោះ​បាន​ផង​ដែរ​។​ បន្ទាប់​មក​ ពួក​គាត់​ អាច​ផ្ញើ​លីង​ទូទាត់​នោះ​អ្នកទិញ​តាម​កម្មវិធី​លេង​សារ​នានា​។​ អ្នកទិញ​ អាច​ចុច​លើ​លីង​ដែល​អ្នកលក់​ផ្ញើ​មក​នោះ​ ហើយ​ធ្វើការ​បង់ប្រាក់​យ៉ាង​ងាយស្រួល​តាម​កម្មវិធី​ ABA​ Mobile​ របស់​ពួក​គេ​។​ 

​ក្នុង​កិច្ច​បន្ដ​អភិវឌ្ឍ​បណ្ដាញ​ធនាគារ​ឌី​ជី​ថ​ល​សម្រាប់​បណ្ដា​ក្រុមហ៊ុន​នានា​ ABA​ បាន​ភ្ជាប់​ផ្លែ​ត​ហ្វ​ម​ ABA​ Business​ របស់​ខ្លួន​ ជាមួយ​ផ្លែ​ត​ហ្វ​ម​គណនេយ្យ​ cloud-based​ ឈានមុខ​នោះ​គឺ​ Xero​ ។​ ការ​ភ្ជាប់​ប្រព័ន្ធ​នេះ​ អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ភ្ជាប់​គណនី​ Xero​ ទៅ​គណនី​ ABA​ របស់​ពួក​គេ​ ហើយ​បំពេញការងារ​គណនេយ្យ​ ដោយ​សម្រួល​ដល់​ការងារ​គណនេយ្យ​ដែល​ធ្វើ​ដោយ​ដៃ​។​

​នៅ​ក្នុង​របាយការណ៍​អំពី​ពានរង្វាន់​របស់​ខ្លួន​ និពន្ធ​នាយក​ Asiamoney​ លោកស្រី​ Rashmi​ Kumar​ បាន​មាន​ប្រសាសន៍​ថា​៖​ “​នៅ​ពេល​និយាយ​ដល់​ការ​រួម​បញ្ចូល​គ្នា​រវាង​ធនាគារ​ និង​នវានុវត្តន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​មិន​ចាំបាច់​មើល​ធនាគារ​ណា​ផ្សេង​ក្រៅពី​ធនាគារ​ ABA​ នោះ​ទេ​។​ ធនាគារ​នេះ​ បាន​ធ្វើ​ឲ្យ​ការ​នាំ​យក​បច្ចេកវិទ្យា​ថ្មី​ចូល​មក​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជា​អាទិភាព​មួយ​។​ ជាក់ស្ដែង​ ABA​ ជា​ធនាគារ​ដំបូង​គេ​បង្អស់​ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​ 2015​។​”

“​បច្ចុប្បន្ន​នេះ​ កម្មវិធី​ ABA​ Mobile​ មាន​សន្ទុះ​គាំទ្រ​យ៉ាង​ខ្លាំង​មិន​អាច​ប្រកែក​បាន​។​ ចំនួន​ប្រតិបត្តិការ​ក្នុង​កម្មវិធី​នេះ​ បាន​ហក់​ឡើង​ដល់​ 250​ លាន​ដង​ កាលពី​ឆ្នាំ​មុន​ ដែល​ធៀប​នឹង​ឆ្នាំ​ 2020​ មាន​ 100​ លាន​ដង​។​ ប្រតិបត្តិការ​ទាំងនេះ​មាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ 123​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ មាន​ទំហំ​ 4​ដង​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ កម្ពុជា​”​ លោកស្រី​បាន​បន្ថែម​។​

អំពី​ Asiamoney ​
រយៈពេល​ជាង​បី​ទសវត្សរ៍​ ទស្សនាវដ្តី​ Asiamoney​ គឺជា​សំឡេង​នៃ​ឧស្សាហកម្ម​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​អាស៊ី​។​ ក្នុងអំឡុងពេល​នោះ​ ការ​បោះពុម្ពផ្សាយ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​ដ៏​រំភើប​បំផុត​នៅ​លើ​ពិភពលោក​។​ ច្បាប់​ចេញផ្សាយ​នីមួយៗ​របស់​ទស្សនាវដ្តី​ Asiamoney​ មាន​របាយការណ៍​ស៊ីជម្រៅ​ និង​ពានរង្វាន់​វិស័យ​ធនាគារ​ជា​ច្រើន​នៅ​ក្នុង​ទីផ្សារ​រហូត​ដល់​ទៅ​ 6​ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​។​ ការ​សម្រេចចិត្ត​ផ្តល់​ពានរង្វាន់​របស់​ទស្សនាវដ្តី​ Asiamoney​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្តី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​សំណើ​លម្អិត​ពី​អ្នកចូលរួម​ទីផ្សារ​នេះ​ និង​រួម​ជាមួយ​ការ​ស្រាវជ្រាវ​លើ​ទីផ្សារ​ធនាគារ​ និង​មូលធន​ដោយ​គណៈកម្មាធិការ​និពន្ធ​នាយក​។​ និពន្ធ​នាយក​ជាន់ខ្ពស់​ក៏​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ ឬ​តំបន់​នីមួយៗ​ដើម្បី​ជួប​ជាមួយនឹង​ធនាគារិក​នាំមុខ​គេ​ និង​ប្រមូល​មតិយោបល់​ពី​អតិថិជន​ និង​គូប្រកួត​ប្រជែង​ផង​ដែរ​។