ABA​ សហការ​ជាមួយ​ធនាគារ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​គាំទ្រ​គម្រោង​ហិរញ្ញប្បទាន​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ ជាមួយ​ទឹកប្រាក់​កម្ចី​រហូត​ដល់​ 20​ លាន​ដុល្លារ​អា​មេ​រិ​ក​

01/Jul/2022

ABA x SME bank MoUABA x SME bank MoU
ABA x SME bank MoU dtABA x SME bank MoU dt
ABA x SME bank MoU dt2ABA x SME bank MoU dt2
ABA x SME bank MoU dt3ABA x SME bank MoU dt3
ABA x SME bank MoU dt4ABA x SME bank MoU dt4

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​កម្ពុជា​ធំ​ជាងគេ​1​ បាន​សហការ​ជាមួយ​ធនាគារ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដើម្បី​ផ្ដល់​ជំនួយ​ហិរញ្ញប្បទាន​រហូត​ដល់​ 20,000,000​ ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ ដែល​រង​ផល​ប៉ះពាល់​ក្នុង​អំឡុង​ជំងឺ​រាតត្បាត​កូ​វី​ដ​ 19​ ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​ស្ដារ​វិស័យ​ទេសចរណ៍​ ឡើង​វិញ​ (TRCS)​។​ ​

ក្រោម​គម្រោង​កម្ចី​នេះ​ ABA​ អាច​ផ្តល់​កម្ចី​សមរម្យ​ជូន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ជាមួយនឹង​ប្រាក់​កម្ចី​រហូត​ដល់​ 400,000​ ដុល្លារ​អា​មេ​រិ​ក​ រួម​ជាមួយ​អត្រា​ការ​ប្រាក់​ពិសេស​ 6.5%​ ក្នុង​មួយ​ឆ្នាំ​ និង​រយៈពេល​រហូត​ដល់​ 7​ ឆ្នាំ​។​ ​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រដ្ឋាភិបាល​បាន​ដាក់​ដំណើរការ​ គម្រោង​សហ​ហិរញ្ញប្បទាន​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ តាម​រយៈ​ធនាគារ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដោយ​មានការ​គាំទ្រ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ 19​ ដើម្បី​ជំរុញ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ បន្ទាប់​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​ 19​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​នេះ​ផ្តោត​ជា​សំខាន់​លើ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ ដែល​ប្រតិបត្តិការ​ ឬ​អាជីវកម្ម​ ត្រូវ​បាន​បិទ​ ឬ​ផ្អាក​ដំណើរការ​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​ 19​។

​លោក​ Bibhu​ Pandey​ នាយក​ឥណទាន​ ABA​ មាន​មតិ​ចំពោះ​ការ​ចូលរួម​របស់​ធនាគារ​ ABA​ ក្នុង​គម្រោង​នេះ​ថា​៖​ "​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ ព្រោះថា​ឧស្សាហកម្ម​ទេសចរណ៍​តែងតែ​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​និច្ច​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​។

​លោក​បាន​បន្ថែម​ថា​៖​ "​យើងខ្ញុំ​ជឿជាក់​ថា​ គម្រោង​ហិរញ្ញប្បទាន​នេះ​ នឹង​អនុញ្ញាត​ឲ្យ​ ABA​ ផ្តល់​កម្ចី​ សម្រាប់​អាជីវកម្ម​នានា​ ដូច​ជា​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយដ្ឋាន​ និង​អាជីវកម្ម​ផ្សេង​ទៀត​ ដែល​គាំទ្រ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​ពួក​គាត់​ឡើង​វិញ​"​ ។​ ​

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។