ABA គាំទ្រ វេទិកាបរធនបាលកិច្ច ឆ្នាំ 2025 ដើម្បីពង្រឹងកិច្ចសហការក្នុងវិស័យបរធនបាលកិច្ច
12/Nov/2025
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេក្នុងប្រទេសកម្ពុជា និងជាប្រតិបត្តិករបរធនកិច្ចយូរអង្វែង មានមោទនភាពចូលរួមជា Diamond Sponsor ក្នុងវេទិកាបរធនបាលកិច្ច ឆ្នាំ 2025 ប្រព្រឹត្តទៅកាលពីថ្ងៃទី 31 ខែតុលា ឆ្នាំ 2025។ វេទិកានេះ បានប្រមូលផ្តុំដៃគូពាក់ព័ន្ធពីវិស័យបរធនកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីជំរុញសហប្រតិបត្តិការ និងចែករំលែកព័ត៌មានពាក់ព័ន្ធនានា។
កម្មវិធីនេះ ទទួលបានការចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអ្នកតំណាងពីនិយ័តករបរធនបាលកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ និងភ្ញៀវកិត្តិយសផ្សេងៗ។
ក្រោមប្រធានបទ ស្តីពី “បរធនបាលកិច្ចថ្នាលធុរកិច្ចប្រកបដោយទំនុកចិត្ត និងអនុលោមភាពច្បាប់” កម្មវិធីមួយថ្ងៃពេញនេះ មានវេទិកាពិភាក្សា និងបទបង្ហាញ។ ប្រធានបទរួមមាន ទិសដៅយុទ្ធសាស្ត្រសម្រាប់វិស័យបរធនបាលកិច្ច សារសំខាន់នៃសេវារក្សាសុវត្ថិភាព (Escrow services) និងការអភិវឌ្ឍសំខាន់ផ្សេងៗ។
ធនាគារ ABA ក៏ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពចំនួន រួមមាន
- ប្រតិបត្តិករធនបានផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងប្រតិបត្តិការវិស័យអចលនទ្រព្យឆ្នើម ប្រចាំឆ្នាំ 2024
- ប្រតិបត្តិករធនបានរួមចំណែកក្នុងបរិស្ថានសង្គម ប្រចាំឆ្នាំ 2024
ពានរង្វាន់ទាំងនេះ ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាយ៉ាងមុតមាំរបស់ ABA ទៅលើការប្រើប្រាស់សេវាធនាគារដែលមានសុវត្ថិភាព និងមានទំនួលខុសត្រូវ ព្រមទាំងតួនាទីយ៉ាងសកម្មរបស់ខ្លួនក្នុងការជំរុញអេកូស៊ីស្ទែមបរធនបាលកិច្ចក្នុងប្រទេសកម្ពុជា។
បន្តទៅមុខ ធនាគារ ABA នៅតែប្តេជ្ញាក្នុងការគាំទ្រនិយ័តករបរធនបាលកិច្ច និងកិច្ចផ្តួចផ្តើមក្នុងការលើកកម្ពស់យន្តការបរធនបាលកិច្ច ដែលរួមចំណែកដល់វឌ្ឍនភាពប្រទេសជាតិប្រកបដោយចីរភាព។






