ABA គាំទ្រ វេទិកាពន្ធដារ 2025 ដើម្បីលើកកម្ពស់ប្រសិទ្ធភាពពន្ធដារទូទាំងប្រទេស
16/Oct/2025
ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីជំរុញតម្លាភាព និងប្រសិទ្ធភាពពន្ធដារនៅកម្ពុជា ធនាគារ ABA បានចូលរួមជា Platinum Sponsor នៃវេទិកាពន្ធដារ 2025 រៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) និងសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែងជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC)។
វេទិកានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី10 ខែតុលា ឆ្នាំ2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ញៀវកិត្តិយស និងដៃគូសំខាន់ៗមកពីវិស័យនានា។ កម្មវិធីនេះ ក៏មានការចូលរួមពីអ្នកជំនាញផ្នែកពន្ធដារ និងមន្ត្រីពន្ធដារជាន់ខ្ពស់ ដើម្បីចែករំលែកព័ត៌មាន បច្ចុប្បន្នភាពថ្មីៗនៃបទប្បញ្ញត្តិពន្ធដារ និងបកស្រាយពន្ធជាដើម។
កម្មវិធីនេះ បានដើរតួជាវេទិកាមួយសម្រាប់កិច្ចពិភាក្សា ធ្វើបទបង្ហាញ និងបង្កើតបណ្ដាញទំនាក់ទំនង ជុំវិញប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងពន្ធដារថ្មីៗចុងក្រោយ រួមមានជាអាទិ៍ ពន្ធលើចំណេញមូលធន សវនកម្មពន្ធដារ និងការរាយការណ៍/ប្តឹងតវ៉ាផ្នែកពន្ធដារ កិច្ចព្រមព្រៀងពន្ធដារអន្តរជាតិ និងប្រធានបទសំខាន់ៗជាច្រើនទៀត។
ABA ក៏បានរៀបចំបញ្ជរផ្ទាល់ក្នុងកម្មវិធី ដោយដាក់បង្ហាញនូវដំណោះស្រាយសេវាធនាគារដ៏ទំនើបសម្បូរបែប រួមមាន ការបើកគណនី សេវាផ្ទេរប្រាក់អន្តរជាតិ និងសេវាបង់ពន្ធជាដើម ដោយផ្ដល់ជូនម្ចាស់ក្រុមហ៊ុន/សហគ្រាសនានា នូវមធ្យោបាយគ្រប់គ្រងប្រតិបត្តិការរបស់ពួកគាត់ប្រកបសុវត្ថិភាព និងនវានុវត្ត។
ក្នុងនាមជាតួអង្គដ៏សំខាន់មួយនៅក្នុងវិស័យហិរញ្ញវត្ថុ និងពន្ធដារ ABA នឹងបន្តគាំទ្រគំនិតផ្តួចផ្តើម ដែលផ្តល់ជូនធុរកិច្ចនូវធនធានចាំបាច់ និងចំណេះដឹងនានាពាក់ព័ន្ធបទប្បញ្ញត្តិពន្ធដារ ដោយរួមចំណែកបន្ថែមដល់កំណើន និងការពង្រីកអាជីវកម្មរបស់ពួកគាត់ទៅក្នុងទីផ្សារ។






