ABA គាំទ្រអង្គការ EmbraceAbility ដើម្បី ជួយសហគមន៍ក្រីក្រ
08/Apr/2021
ធនាគារ ABA ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជននាំមុខរបស់កម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា មានសេចក្តីរីករាយដែលបានធ្វើការបរិច្ចាគទឹកប្រាក់ 5,000 ដុល្លារអាមេរិក និងផ្តល់ការគាំទ្រផ្នែកសម្ភារជូនអង្គការ EmbraceAbility (អង្គការ បរិយាបន្ន) ជាអង្គការឯករាជ្យមិនរកប្រាក់ចំណូលដែលមានគោលបំណងលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពសហគមន៍ និងបរិយាប័ន្ន តាមរយៈការអប់រំ និងកីឡា ក៏ដូចជាការពារ និងលើកកម្ពស់សិទ្ធិរបស់ជនពិការ។
ធនាគារ ABA ប្តេជ្ញាចិត្តពេញលេញក្នុងការជួយសហគមន៍ក្នុងស្រុក និងធ្វើការរួមចំណែកវិជ្ជមានដល់កម្ពុជា អនុលោមតាមគុណតម្លៃសាជីវកម្មរបស់ខ្លួន។ ក្រៅពីការគាំទ្រជាថវិកា និងសម្ភារ ធនាគារក៏មិនគិតថ្លៃសេវាទទួលប្រាក់ផ្ទេរចូលសម្រាប់អង្គការនៅពេលទទួលការបរិច្ចាគពីម្ចាស់ជំនួយនានាពីក្រៅប្រទេស។ ហើយឥឡូវនេះ អ្នកក៏អាចធ្វើការបរិច្ចាគគាំទ្រអង្គការ EmbraceAbility ដោយផ្ទាល់តាមកម្មវិធី ABA Mobile។ ដើម្បីធ្វើការបរិច្ចាគ គ្រាន់តែអនុវត្តតាមជំហានងាយៗ ដូចខាងក្រោម៖
- បើកកម្មវិធី ABA Mobile និងចុចប៊ូតុង ទូទាត់ប្រាក់
- ចូលទៅផ្នែក សប្បុរសធម៌ និងការបរិច្ចាគ និងជ្រើសរើសអង្គការ EmbraceAbility (អង្គការ បរិយាបន្ន)
- ជ្រើសរើសគណនីធនាគារដែលអ្នកចង់ធ្វើការបរិច្ចាគ បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងចំនួនទឹកប្រាក់
- ចុចប៊ូតុង បង់ឥឡូវ និងបញ្ជាក់ជាមួយលេខកូដ PIN កម្មវិធី ABA Mobile របស់អ្នក។
លោក Igor Zimarev នាយកផ្នែកទីផ្សាររបស់ធនាគារ ABA បានមានប្រសាសន៍ថា៖ “យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ EmbraceAbility ដែលដាក់បញ្ចូលនិងលើកកម្ពស់យុវជនពិការ និងក្រីក្រទៅក្នុងសង្គម។ អង្គការនេះផ្តល់ឲ្យកុមារនូវលទ្ធភាពទទួលបានការព្យាបាល និងសេវាកម្មស្តារនីតិសម្បទា គុណភាពខ្ពស់ ការអប់រំដែលបំពេញតាមតម្រូវការរបស់ពួកគេ រួមទាំងថ្នាក់សិល្បៈក្បាច់គុនផងដែរ។ យើងសង្ឃឹមថា ការចូលរួមរបស់យើងនេះនឹងជួយឲ្យ EmbraceAbility ផ្តល់ឲ្យកុមារកាន់តែច្រើននូវឱកាស ទទួលបានជំនាញថ្មីៗ បង្កើនសមត្ថភាព និងការទទួលស្គាល់នៅក្នុងសហគមន៍របស់ពួកគេ”។
ដើម្បីដឹងបន្ថែម អំពីអង្គការក្រៅរដ្ឋាភិបាល EmbraceAbility សូមចូលទៅវិបសាយ៖ www.embraceability.org.uk។