ធនាគារ ABA គាំទ្រ ទិវាធានារ៉ាប់រងកម្ពុជា 2026 ពង្រឹងប្រព័ន្ធសន្តិសុខសង្គមក្នុងប្រទេស
30/Apr/2026
ដើម្បីលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គម ធនាគារ ABA បានចូលរួមក្នុង ទិវាធានារ៉ាប់រងកម្ពុជា 2026។ រៀបចំឡើងដោយនិយ័តករធានារ៉ាប់រងកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា កម្មវិធីនេះ មានគោលបំណងពង្រឹងវិស័យធានារ៉ាប់រង ព្រមទាំងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមសាធារណជនផងដែរ។
កម្មវិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី 25-26 ខែមេសាកន្លងទៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អមដោយតំណាងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។
កម្មវិធីរយៈពេលពីរថ្ងៃនេះ រួមមានការតាំងពិព័រណ៍ និងវគ្គចែករំលែកនានា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃសេវាធានារ៉ាប់រង ក្នុងការរួមចំណែកបង្កើតភាពធន់សម្រាប់បុគ្គល អាជីវកម្ម និងសហគមន៍ទាំងមូល។
ជាផ្នែកមួយនៃការចូលរួមរបស់ខ្លួន ABA ក៏បានរៀបចំបញ្ជរនៅទីតាំងកម្មវិធីផ្ទាល់ ដើម្បីរង់ចាំផ្តល់ព័ត៌មាននានាអំពីផលិតផល និងសេវាកម្មរបស់ធនាគារដល់អ្នកចូលរួម ជាពិសេស អ្នកប្រើប្រាស់អាចស្វែងយល់ និងទិញធានារ៉ាប់រង តាមរយៈ ABA Mobile យ៉ាងងាយស្រួល។
សម្លឹងឆ្ពោះទៅមុខដោយសុទិដ្ឋិនិយម ABA បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគំនិត ផ្តួចផ្តើមនានាដែលពង្រឹងវិស័យធានារ៉ាប់រង និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិយើងប្រកប ដោយចីរភាព។






