ABA គាំទ្រ ទិវាសុវត្ថិភាពឌីជីថល 2024 របស់សមាគមធនាគារនៅកម្ពុជា ដោយលើកកម្ពស់ឧត្តមានុវត្តន៍នៅក្នុងវិស័យធនាគារ
20/May/2024
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា1 មានមោទនភាពដែលបានធ្វើជាអ្នកឧបត្ថម្ភធំនៃ ទិវាសុវត្ថិភាពឌីជីថល 2024 ដែលបានរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) កាលពីថ្ងៃទី 17 ឧសភា 2024 កន្លងទៅនេះ។
ទិវាសុវត្ថិភាពឌីជីថល 2024 នេះ មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិស័យធនាគារ និងអាជ្ញាធរ ក្នុងកិច្ច ការពារអតិថិជន កសាងទំនុកចិត្ត និងលើកកម្ពស់ការយល់ដឹង បង្កើនចំណេះដឹងការអនុវត្តទាក់ទងនឹងសន្តិសុខអ៊ីនធឺណិតនៅក្នុងឧស្សាហកម្មធនាគារ។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា, លោកឧត្តមសេនីយ៍ទោ សុខ និត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោក មិន រតនា ប្រធានអង្គភាពសន្ដិសុខបច្ចេកវិទ្យារបស់ ABA ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាស្ដីពី “ការរក្សាទំនុកចិត្តរបស់អតិថិជននៅក្នុងយុគនៃសេវាធនាគារតាមទូរស័ព្ទដៃ ជាមួយនឹងយុទ្ធសាស្ដ្រសន្ដិសុខរួម។” ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោកបានសង្កត់ធ្ងន់លើការពឹងផ្អែកកាន់តែខ្លាំងឡើងលើស្មាតហ្វូនសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ លោកបានលើកឡើងពីតម្រូវការដ៏សំខាន់សម្រាប់ការអនុលោមតាមបទប្បញ្ញត្តិឯកជនភាព និងការអនុវត្តទិន្នន័យប្រកបដោយតម្លាភាព ដើម្បីធានានូវទំនុកចិត្តរបស់អតិថិជន។
ABA លើកទឹកចិត្តដល់អ្នកប្រើប្រាស់ ឲ្យបន្ដយល់ដឹង និងតាមដានពីការវិវត្តថ្មីៗនៃហានិភ័យសុវត្ថិភាព និងទទួលយកនូវការអនុវត្តសេវាធនាគារតាមទូរស័ព្ទដៃប្រកបដោយសុវត្ថិភាព។ គន្លឹះសំខាន់ៗមួយចំនួនដែលអ្នកប្រើប្រាស់គ្រប់រូប ត្រូវយល់ដឹងមានដូចជា៖
- កុំបង្ហាញ ឬផ្តល់ព័ត៌មានសំខាន់ៗ ដែលប្រើប្រាស់ចាំបាច់សម្រាប់ចុះឈ្មោះប្រើកម្មវិធីធនាគារ ទៅអ្នកណាម្នាក់ឡើយ។
- កុំផ្ដល់លេខកូដសុវត្ថិភាពដែលទទួលបានពីសារ SMS ឬពីសារជូនដំណឹង ទៅបុគ្គលណាម្នាក់ឡើយ ទោះបីជាបុគ្គលនោះ អះអាងថាខ្លួនជាបុគ្គលិករបស់ធនាគារក៏ដោយ។
- កុំបង្ហាញលេខទូរស័ព្ទដែលភ្ជាប់ជាមួយ/ចុះឈ្មោះប្រើ កម្មវិធីធនាគាររបស់អ្នកជាសាធារណៈ។
- ដូរលេខកូដ PIN កម្មវិធីធនាគាររបស់អ្នកជាប្រចាំ។
- ដំឡើងកម្មវិធីនៅលើស្មាតហ្វូនរបស់អ្នក តែពី App store ដែលមានសិទ្ធិអនុញ្ញាតនៃស្មាតហ្វូនរបស់អ្នកប៉ុណ្ណោះ។
ធនាគារ ABA បន្ដប្ដេជ្ញាលើកកម្ពស់ឧត្តមានុវត្តន៍នៅក្នុងផ្នែក សន្ដិសុខបច្ចេកវិទ្យា និងការពារវិស័យធនាគាររបស់កម្ពុជា។
1 ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 ដល់ 2023 របស់ធនាគារជាតិនៃកម្ពុជា។





