ABA ឧបត្ថម្ភសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ ដើម្បីលើកកម្ពស់ទិដ្ឋភាពឌីជីថលប្រកបដោយបរិយាបន្ន
20/Oct/2025
ក្នុងនាមជាអ្នកនាំមុខនៃនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ធនាគារ ABA មានសេចក្ដីសោមនស្សក្រៃលែងដែលបានចូលរួមជា Gold Sponsor នៃកម្មវិធី សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ 2025 (Code-C: Developer Conference 2025) កាលពីថ្ងៃទី 10-11 ខែតុលា កន្លងទៅថ្មីៗនេះ។
រៀបចំដោយបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កម្មវិធីនេះ បានផ្សារភ្ជាប់សហគម បច្ចេកវិទ្យាជាមួយនឹងនវានុវត្តន៍ និងកិច្ចសហការដើម្បីពន្លឿនអនាគតឌីជីថលកម្ពុជាឲ្យកាន់តែ ប្រសើរ។
កម្មវិធីរយៈពេលពីរថ្ងៃនេះ ប្រមូលផ្តុំអ្នកចូលរួមប្រមាណ 3000 នាក់ រួមមាន អ្នកអភិវឌ្ឍន៍សុសវែរ អ្នកជំនាញផ្នែកឌីជីថលមកពីក្រសួងស្ថាប័ន និងវិស័យហិរញ្ញវត្ដុនានា អ្នកដឹកនាំតាមវិស័យឯកជន និង អ្នកផ្តល់សេវាកម្មជាដើម។ កម្មវិធីនេះ បានក្លាយជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់ចែករំលែកការយល់ដឹងស៊ីជម្រៅដែលអាចអនុវត្តបាន ឆ្លុះបញ្ចាំងពីតថភាពពិតជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហាប្រឈម ព្រមទាំងលើកកម្ពស់នវានុវត្តន៍ នៅក្នុងអេកូស៊ីស្ទែមបច្ចេកវិទ្យាដែលកំពុងរីកចម្រើនទៅមុខ។
កម្មវិធីនេះ បានរៀបចំកិច្ចពិភាក្សា សិក្ខាសាលា និងបទបង្ហាញ ទៅលើប្រធានបទសំខាន់ៗ រួមមាន បញ្ញាសិប្បនិម្មិត AI, ម៉ាស៊ីនសិក្សា (machine learning), វិទ្យាសាស្ត្រទិន្នន័យ, បច្ចេកវិទ្យាហិរញ្ញវត្ថុ សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត និងប្រធានបទសំខាន់ៗផ្សេងទៀតនៅក្នុងវិស័យឌីជីថល។
ABA បានដើរតួយ៉ាងសំខាន់ក្នុងកម្មវិធី តាមរយៈអ្នកតំណាងធនាគារ ដែលបានចូលរួមក្នុងសកម្មភាពផ្សេងៗរួមមាន៖
- លោក Bekzod Ruzmetov ប្រធានអង្គភាព IBB និងវិភាគទិន្នន័យ បានចូលរួមជាវាគ្មិនមួយរូបនៅក្នុងវគ្គកិច្ចពិភាក្សា ដោយបង្ហាញអំពីការដឹកនាំរបស់ធនាគារ សម្រាប់យុទ្ធសាស្ត្រ និងការប្រើប្រាស់ AI ទៅក្នុងប្រតិបត្តិការធនាគារប្រកបដោយទំនួលខុសត្រូវ
- លោក Tom Watson នាយកសន្ដិសុខព័ត៌មាន ក៏បានចូលរួមជាវាគ្មិននៅក្នុងវគ្គកិច្ចពិភាក្សាផងដែរ ដោយរំលេចនូវជំនាញការរបស់ធនាគារ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងទិដ្ឋភាពសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត
- កញ្ញា ព្រំ មករា ប្រធាននាយកដ្ឋានការរួមបញ្ចូលបច្ចេកទេស បានធ្វើបទបង្ហាញអំពី ABA PayWay និងការភ្ជាប់ QR API សម្រាប់អាជីវកម្ម
- លោក ឌិន លីហ៊ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកខាងមុខ បានធ្វើបទបង្ហាញអំពី ប្រសិទ្ធភាពនៃសេវាកម្ម mini-app ក្នុង ABA Mobile សម្រាប់បណ្ដាអាជីវកម្ម និងអាជីវករ។
ABA ក៏បានរៀបចំបញ្ជរនៅទីតាំងផ្ទាល់ ដោយដាក់បង្ហាញសេវាកម្ម និងផលិតផលឌីជីថលរបស់ខ្លួន រួមមាន PayWay និង Billzone ជាដើម។
ការឧបត្ថម្ភគាំទ្រនៅក្នុងកម្មវិធីនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ធនាគារ ក្នុងការជំរុញឲ្យមានការ ពិភាក្សាប្រកបដោយអត្ថន័យនៅក្នុងសហគមឌីជីថលកម្ពុជា។ តាមរយៈការគាំទ្រវេទិកានានា ដែលលើកទឹកចិត្តឲ្យមានការចែករំលែក ផ្លាស់ប្ដូរចំណេះដឹង និងនវានុវត្តន៍ ចម្រុះវិស័យ ABA បន្តរួមចំណែកក្នុងទិដ្ឋភាពឌីជីថលប្រកបដោយបរិយាបន្ន។









