ABA​ ត្រូវ​បាន​ទទួលស្គាល់​ជា​ ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ 2025​ នៅ​កម្ពុជា​ ដោយ​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ The​ Banker

08/Dec/2025

aba banker award 2025 kh

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​ទទួល​ពាន​ ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ 2025​ នៅ​កម្ពុជា​ ពី​ The​ Banker​ ដែល​ជា​គ្រឹះស្ថានបោះពុម្ពផ្សាយ​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​ Financial​ Times​ Group​ (UK)​។​

​ពានរង្វាន់​នេះ​ បាន​ទទួលស្គាល់​នូវ​សមត្ថភាព​ដ៏​រឹង​មាំ​ ឧត្តមភាព​នវានុវត្តន៍​ និង​ការ​រួមចំណែក​របស់​ ABA​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព​។​

​នវានុវត្តន៍​ឌី​ជី​ថ​ល​

​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ The​ Banker​ បាន​គូសបញ្ជាក់​ចំពោះ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នៃ​ផលិតផល​ឯក​របស់​ធនាគារ​នោះ​គឺ​កម្មវិធី​ ABA​ Mobile​ ដោយ​បាន​ពង្រឹង​ជំហរ​ជា​ថ្មី​របស់​ធនាគារ​ ក្នុង​នាម​ជា​ស្ថាប័ន​ផ្តល់​សេវា​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​។​ មុខងារ​ថ្មីៗ​ដែល​បាន​បញ្ចេញ​នៅ​ឆ្នាំ​នេះ​ រួម​មាន​ មុខងារ​ឆាត​ក្នុង​អេប​ (ABA​ In-App​ Chat)​ មុខងារ​សោ​មុខ​ (FacePass​ Secure)​ មុខងារ​ណា​វី​ ដែល​ជា​ជំនួយការ​បញ្ញា​និមិត្ត​ និង​មុខងារ​វិភាគ​ដ៏​ទំនើប​ បាន​ផ្តល់​នូវ​បទ​ពិសោធ​សេវា​ ធនាគារ​កាន់តែ​ងាយស្រួល​ សុវត្ថិភាព​ និង​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​សម្រាប់​អតិថិជន​រាប់​លាន​នាក់​។​ នវានុវត្តន៍​ទាំងនេះ​ មិន​ត្រឹមតែ​បង្កើន​ភាព​ងាយស្រួល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ជួយ​ពង្រឹង​ទំនុកចិត្ត​ និង​សុវត្ថិភាព​នៅ​ក្នុង​ប្រតិបត្តិការ​ឌី​ជី​ថ​ល​ផង​ដែរ​។​

​សមត្ថភាព​ពង្រឹង​បន្ថែម​ទាំងនេះ​ បាន​បង្ហាញ​ពី​ការ​ទទួលយក​របស់​អតិថិជន​យ៉ាង​ផុសផុល​ ដោយ​មានការ​ប្រើប្រាស់​យ៉ាងច្រើន​សំណាក់​អតិថិជន​ តួយ៉ាង​ សារ​ជាង​200,000​ ត្រូវ​បាន​ចែករំលែក​ និង​ឆ្លើយឆ្លង​តាម​ មុខងារ​ឆាត​ ABA​ ខណៈ​អតិថិជន​ប្រមាណ​ 430,000​ បាន​ប្រើប្រាស់​ មុខងារ​ណា​វី​ ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ការ​ដាក់​ដំណើរការ​។​

​ចំណែកឯ​ ផ្លែ​ត​ហ្វ​ម​ធនាគារ​ឌី​ជី​ថ​ល​សម្រាប់​អាជីវកម្ម​ ក៏​ទទួល​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ ពោល​គឺ​ មានការ​កើនឡើង​ 50%​ លើ​ទំហំ​ប្រតិបត្តិការ​ ចាប់ពី​ខែឧសភា​ ឆ្នាំ​ 2024​ ដល់​ខែឧសភា​ ឆ្នាំ​ 2025​ ដោយ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នៃ​ការ​ពឹងផ្អែក​លើ​អេកូ​ស៊ី​ស្ទែ​ម​ឌី​ជី​ថ​ល​របស់​ ABA​។​

​ជាមួយ​អតិថិជន​ក្នុង​ដៃ​ជាង​ 5​ លាន​ទូ​ទាំង​ប្រទេស​ ABA​ Mobile​ បាន​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​ផ្លែ​ត​ហ្វ​ម​ចម្បង​សម្រាប់​ការ​ចាត់ចែង​ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ជា​រូប​វន្ត​ បុគ្គល​ និង​អាជីវកម្ម​ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​ហិរញ្ញប្បទាន​បៃតង​

​ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​គោលការណ៍​បរិស្ថាន​ សង្គម​ និង​អភិបាលកិច្ច​ (ESG)​ ធនាគារ​ ABA​ បាន​ក្លាយជា​អ្នក​វិនិយោគ​សញ្ញា​បណ្ណ​បៃតង​ធំ​ជាងគេ​នៃ​សញ្ញា​បណ្ណ​គម្រោង​បៃតង​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ស្នេ​ថេ​ក​ ដាយ​ណា​មិ​ក​ (SchneiTec​ Dynamic)​ ដើម្បី​គាំទ្រ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ (​ថាមពល​សូ​ឡា​)​។​ សញ្ញា​បណ្ណ​នេះ​ នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា​ ដែល​មាន​ទំហំ​ 60MW​ ក្នុង​ខេត្តកំពង់ឆ្នាំង​ ដែល​រំពឹង​ថា​ នឹង​ទទួល​បាន​ថាមពល​ស្អាត​ប្រមាណ​ជាង​ 130GWh​ ប្រចាំឆ្នាំ​។​

​ការ​វិនិយោគ​ដ៏​សំខាន់​នេះ​ បាន​បង្ហាញ​ពី​ការ​រួមចំណែក​របស់​ធនាគារ​ ក្នុង​ការ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ប្រកប​ ដោយ​ចីរភាព​ និង​អនាគត​បៃតង​។​

​ការ​គាំទ្រ​សហគមន៍​មូលដ្ឋាន​

​គំនិត​ផ្តួចផ្តើម​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ ABA​ បន្ត​ផ្តោត​ទៅ​លើ​ការ​អប់រំ​ និង​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​។​ ធនាគារ​បាន​សហការ​ជាមួយ​គម្រោង​អាហារូបករណ៍​ និង​កម្មវិធី​អប់រំ​ផ្សេងៗ​ –​ រួម​មាន​ សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ (AMT)​ និង​មូលនិធិ​កុមារ​កម្ពុជា​ (CCF)​ –​ ដើម្បី​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ដល់​យុវជន​។​ ABA​ ក៏​បាន​ឧបត្ថម្ភ​កំ​ព្យូ​ទ័​រ​ ដល់​សាលារៀន​ និង​សហគមន៍​នានា​ ដើម្បី​ជួយ​ឲ្យ​សិស្សានុសិស្ស​មាន​ជំនាញ​ឌី​ជី​ថ​ល​សំខាន់ៗ​ ដែល​ពួក​គេ​ត្រូវការ​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​។​

​សម្លឹង​ឆ្ពោះទៅ​មុខ​

​ការ​ទទួល​ពាន​ដ៏​មាន​កិត្យានុភាព​ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ The​ Banker​ ជា​លើក​ទី​ប្រាំពីរ​ បញ្ជាក់​ជា​ថ្មី​នៃ​ភាព​ឈានមុខ​របស់​ធនាគារ​ ABA​ លើ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ និង​សេវា​ធនាគារ​ប្រកបដោយ​ទំនួល​ ខុស​ត្រូវ​។​

​លោក​ Askhat​ Azhikhanov​ អគ្គនាយក​ &​ ជានា​យក​ប្រតិបត្តិ​ នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ធនាគារ​ ABA​ មាន​កិត្តិយស​យ៉ាង​ក្រៃ​លែង​ដែល​ត្រូវ​បាន​ទទួលស្គាល់​ឧត្តមភាព​ពី​ស្ថាប័ន​កំពូល​ The​ Banker​។​ ដូច​សព្វដង​ យើងខ្ញុំ​សូម​ចែករំលែក​កិត្តិនាម​នេះ​ដល់​អតិថិជន​ទាំងអស់​ -​ ទំនុកចិត្ត​របស់​លោក​អ្នក​គឺជា​កម្លាំង​ច​លករ​ ដែល​ជំរុញ​ឲ្យ​ធនាគារ​យើងខ្ញុំ​បន្ដ​អភិវឌ្ឍ​ទៅ​មុខ​ និង​នាំ​យក​អ្វី​ថ្មីៗ​ជូន​លោក​អ្នកជា​និច្ច​”​។​

​លោក​ក៏​បាន​បន្ថែម​ថា​ “​ពានរង្វាន់​នេះ​ ជំរុញ​ទឹកចិត្ត​ឲ្យ​យើងខ្ញុំ​ បន្ត​នវានុវត្តន៍​ឌី​ជី​ថ​ល​ឲ្យ​កាន់តែ​ឈាន​មុខជា​លំដាប់​ ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ចីរភាព​ និង​គាំទ្រ​សហគមន៍​មូលដ្ឋាន​ ខណៈ​យើងខ្ញុំ​ជួយ​កំណត់​អនាគត​នៃ​ទិដ្ឋភាព​សេវា​ធនាគារ​នៅ​កម្ពុជា​”​។​

​សម្លឹង​ឆ្ពោះទៅ​មុខ​ ABA​ នឹង​ប្តេជ្ញា​បន្ត​លើកកម្ពស់​ស្តង់ដារ​សេវា​ធនាគារ​ទៅ​កាន់​មួយ​កម្រិត​ទៀត​ បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ និង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្ដរភាព​នៅ​ ទូ​ទាំង​ប្រទេស​កម្ពុជា​។​

​អំពី​ទស្សនាវដ្តី​ The​ Banker​
The​ Banker​ គឺជា​ ធនធាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ពិភពលោក​ របស់​ក្រុមហ៊ុន​ Financial​ Times​ Group​ ។​ ចាប់ផ្តើម​ បោះពុម្ពផ្សាយ​នៅ​ក្នុង​ឆ្នាំ​ 1929​ ទស្សនាវដ្តី​បាន​ក្លាយជា​ប្រភព​ព័ត៌មាន​ អំពី​ វិស័យ​ធនាគារ​ដ៏​មាន​ទំនុកចិត្ត​ និង​អាន​ដោយ​នាយក​ប្រតិបត្តិ​ នាយក​ហិរញ្ញវត្ថុ​ ហេរញ្ញិក​ របស់​សាជីវកម្ម​ ទេស​ភិ​បាល​ ធនាគារកណ្តាល​ និង​និយតករ​ហិរញ្ញវត្ថុ​នៅ​ជាង​ 180​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​
The​ Banker​ គឺជា​ប្រភព​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​ទិន្នន័យ​ និង​ការ​វិភាគ​សម្រាប់​វិស័យ​ធនាគារ​។​ ចំណាត់ថ្នាក់​ ធនាគារពិភពលោក​កំពូលៗ​ ចំនួន​ 1,000​ របស់​ The​ Banker​ ត្រូវ​បាន​ប្រើប្រាស់​ជា​ស្ដង់ដា​ តាំងពី​ ឆ្នាំ​ 1970​ ដោយ​ផ្ដល់​ការ​ព័ត៌មាន​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ​ និង​ស្ថានភាព​នៃ​វិស័យ​ធនាគារ​គ្រប់​ ជ្រុងជ្រោយ​ ។