ABA​ មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ ព្រឹត្តិការណ៍​ Davis​ Cup​ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​

05/Jul/2024

ABA Cambodia Tennis KH

ក្នុង​នាម​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​ នៃ​ព្រឹត្តិការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ Davis​ Cup​ –​ Asia/Oceania​ Group​ IV​ ឆ្នាំ​ ២០២៤​ ចាប់ពី​ថ្ងៃ​ទី​ ៨​ -១៣​ ខែកក្កដា​ ឆ្នាំ​ ២០២៤​ ធនាគារ​ ABA​ មាន​មោទនភាព​ក្នុង​ការ​ឧ​ប​ត្ថ​ម​ជា​ទឹកប្រាក់​ដល់​ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​។​ ការ​ប្រកួត​ ដែល​មាន​រយៈពេល​ ៦​ថ្ងៃ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​ -​ មជ្ឈមណ្ឌល​វាយ​កូន​បាល់​។

​​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ ទេព​ រិ​ទ្ធី​វិ​ទ្ធ​ ដែល​ជា​ អគ្គលេខាធិការ​ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ និង​ជើង​ខ្លាំង​កំពូល​ចំនួន​៥​នាក់​ ដោយ​មាន​កីឡាករ​ ប៊ុ​ន​ កេ​ន្នី​,​ ទេព​ ទី​ម៉ូ​ធី​,​ ឡេ​ង​ សា​រិ​ន​រាជ​,​ ឃ្លាំង​ ពន្លក​ កីឡាករ​ Mathew​ Crusling​។​ ​

ការ​ប្រកួត​កីឡា​វាយ​កូន​បាល់​ Davis​ Cup​ –​ Asia/Oceania​ Group​ IV​ មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ទាំង​ ៨​ រួម​មាន​ម្ចាស់ផ្ទះ​ កម្ពុជា​ គុយ​វ៉ែត​ កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ អ៊ី​រ៉ា​ក់​ មី​យ៉ា​ន់​ម៉ា​ ស្រី​លង្កា​ កា​តា​ និង​អា​រ៉ាប់​រួម​។​ ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​តាម​ទម្រង់​ តាម​ទម្រង់​ជុំ​វិល​ជុំ​ជាមួយនឹង​ការ​ប្រកួត​វាយ​ឯកត្តជន​ ២​ប្រកួត​ និង​ការ​ប្រកួត​វាយ​គូ​ ១​ប្រកួត​។

​លោក​ Igor​ Zimarev​ នាយក​ទីផ្សារ​ កិច្ចការ​ CSR​ និង​លេខាធិការ​សាជីវកម្ម​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​ដោយហេតុ​ដែល​កម្ពុជា​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ ធនាគារ​ ABA​ មាន​សេចក្តី​រីករាយ​ជា​ខ្លាំង​។​ យើងខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ដែល​ ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ​ ជា​កន្លែង​ដ៏​សម​ស្រប​បំផុត​ដើម្បី​ឲ្យ​អត្ត​ព​លិ​ក​គ្រប់​រូប​អាច​បញ្ចេញ​ស្នា​ដែរ​បស់​ពួក​គេ​ឲ្យ​អស់ពី​សមត្ថភាព​។​ យើងខ្ញុំ​ក៏​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​ចូល​ចិត្ត​កីឡា​វាយ​កូន​បាល់​ ចូលរួម​ទស្សនាការ​ប្រកួត​ និង​ផ្តល់​ការ​គាំទ្រ​ដល់​កីឡាករ​កម្ពុជា​ផង​ដែរ​។​”

​ព្រឹត្តិការណ៍​ Davis​ Cup​ គឺជា​ ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​ក្នុង​កីឡា​វាយ​បាល់​សម្រាប់​បុរស​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​ បាន​រៀបចំ​ដោយ​ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​ (ITF)​ ហើយ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ​រវាង​ក្រុម​មក​ពី​ ១៥០​ ប្រទេស​ផ្សេងៗ​គ្នា​ ដែល​ធ្វើ​ឲ្យ​ជាប់​ឈ្មោះ​ជា​ការ​ប្រកួត​កីឡា​ជា​ក្រុម​ធំ​ជាងគេ​លើ​ពិភពលោក​។