ABA ចាប់ដៃគូជាមួយ Caltex ដើម្បីដំណើរការកាតចាក់ប្រេង ABA/Caltex Fleet Card
19/Oct/2023
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា សហការជាមួយ Caltex ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេស ដើម្បីដាក់ដំណើរការ កាតចាក់ប្រេង ABA/Caltex Fleet Card ទៅក្នុងទីផ្សារ។ ABA/Caltex Fleet Card គឺជាដំណោះស្រាយទូទាត់បែបឌីជីថល ដែលបង្កើតឡើងដើម្បីសម្រួលដល់ការគ្រប់គ្រងការចំណាយលើថ្លៃប្រេង សម្រាប់អតិថិជនសាជីវកម្ម។
ពិធីដាក់ដំណើរការ ABA/Caltex Fleet Card ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី 18 ខែតុលា 2023 ក្រោមវត្តមានរបស់លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក Pongtorn Tangmanuswong នាយកប្រចាំប្រទេស នៃក្រុមហ៊ុន ឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីត ព្រមទាំងអ្នកតំណាងជាន់ខ្ពស់ពី ABA និងឈេហ្វរ៉ុន ជាច្រើនរូបទៀត។
ABA/Caltex Fleet Card គឺជាកាតទូទាត់សាជីវកម្ម ដែលអនុញ្ញាតឲ្យបណ្ដាក្រុមហ៊ុន និងអាជីវកម្មនានា ទិញប្រេងឥន្ធនៈពីស្ថានីយ៍ កាល់តិច តាមរយៈក្រេឌីត។ កាតប្រភេទនេះ គឺជាដំណោះស្រាយដែលមានសុវត្ថិភាព ងាយស្រួល និងមានតម្លៃសមរម្យ ដែលអាចជួយឲ្យអតិថិជនសាជីវកម្មគ្រប់គ្រងលើការចំណាយថ្លៃប្រេងយ៉ាងងាយស្រួល និងនាំមកនូវការគ្រប់គ្រងបានទាំងស្រុងលើការចំណាយរបស់ពួកគេ។
កាតមួយ សម្រាប់រថយន្តមួយ អាចជួយឲ្យក្រុមហ៊ុនតាមដានការចំណាយលើប្រេងឥន្ធនៈ កំណត់ភូមិសាស្ត្រ កំណត់ការចំណាយជាមុន និងបង្កកកាតបានយ៉ាងងាយស្រួល ក្នុងករណីសង្ស័យថាមានការក្លែងបន្លំ។ របាយការណ៍ប្រតិបត្តិការត្រឹមត្រូវ ជួយកំណត់ចំណុចដែលត្រូវការការកែលម្អបន្ថែម។ ទាំងអស់នេះ នឹងរួមចំណែកដល់ប្រសិទ្ធភាពប្រតិបត្តិការរបស់អាជីវកម្ម ឲ្យកាន់តែប្រសើរឡើង។
បណ្ដាក្រុមហ៊ុន និងអាជីវកម្មនានា អាចស្នើសុំកាតនេះតាមអនឡាញ និងទទួលបានកម្រិតក្រេឌីត ស្របតាមតម្រូវការរបស់ ខ្លួន។ កាត ABA/Caltex Fleet Card អាចប្រើសម្រាប់ទិញប្រេងឥន្ធនៈនៅស្ថានីយ៍កាល់តិចទាំង 64 ទីតាំងទូទាំងប្រទេសកម្ពុជា។ ថ្លៃបើកកាត ឬសេវាថែទាំកាតប្រចាំឆ្នាំ មិនមានគិតថ្លៃនោះទេ ហើយមានសុពលភាពរយៈពេល 5 ឆ្នាំ។
ABA/Caltex Fleet Card ជួយសម្រួលដល់ការគ្រប់គ្រងការចំណាយលើថ្លៃប្រេងរបស់ក្រុមហ៊ុន ឬអាជីវកម្ម ដោយលុបចោលនូវតម្រូវការក្នុងការកាន់សាច់ប្រាក់ផ្ទាល់ដើម្បីចាក់ប្រេង។ ជំនួសមកវិញ ពួកគេអាចឆូតកាត ABA/Caltex Fleet Card របស់ខ្លួននៅតាមស្ថានីយ៍ កាល់តិច ហើយទឹកប្រាក់ដែលត្រូវចំណាយលើការចាក់ប្រេងនោះ នឹងកាត់ដោយស្វ័យប្រវត្តិពីគណនីរបស់ពួកគេ។ ការទូទាត់ជាមួយកាត ABA/Caltex Fleet គឺមានសុវត្ថិភាព ព្រោះថា កាតនីមួយៗមានលេខកូដ PIN ដែលការពារពីការលួចចាយដោយគ្មានការអនុញ្ញាត។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ក្នុងឱកាសនោះថា “ABA/Caltex Fleet Card ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ការគ្រប់គ្រងការចំណាយថ្លៃប្រេង សម្រាប់អាជីវកម្មតូចធំគ្រប់ប្រភេទ។ វាជាដំណោះស្រាយបែបឌីជីថលមិនប្រើសាច់ប្រាក់ មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ដែលផ្ដល់នូវភាពបត់បែនក្នុងការទិញប្រេងនៅលើក្រេឌីត និងជាមួយកម្រិតក្រេឌីតដែលផ្ដល់ជូន ស្របតាមតម្រូវការរបស់អាជីវកម្មនីមួយៗ”។
លោកបានបន្ថែមថា “យើងខ្ញុំជឿជាក់ថា បណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា នឹងស្វែងយល់អំពីអត្ថប្រយោជន៍នៃដំណោះស្រាយមួយនេះ ព្រោះថា កាតប្រេងឥន្ធនៈរបស់យើង ផ្ដល់នូវភាពងាយស្រួល សុវត្ថិភាព ប្រសិទ្ធិភាព និងសន្សំសំចៃ”។
លោក Pongtorn Tangmanuswong នាយកប្រចាំប្រទេស នៃក្រុមហ៊ុន ឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីត ក៏មានប្រសាសន៍ផងដែរថា “មិនត្រឹមតែការទូទាត់ប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងគ្រប់គ្រងលើការចំណាយថ្លៃប្រេងប៉ុណ្ណោះទេ អតិថិជនកាត ABA/Caltex Fleet Card ក៏អាចទទួលបានអត្ថប្រយោជន៍ពិសេសនៃប្រេងឥន្ធនៈ កាល់ទិច កម្រិតព្រីមៀម ជាមួយនឹងបច្ចេកវិទ្យា ថេកក្រន ដែលជួយសម្អាតម៉ាស៊ីនផងដែរ ដែលបច្ចេកវិទ្យាម៉ាស៊ីនយានយន្ដដំណើរការយ៉ាងរលូន និងបើកបរបានកាន់តែឆ្ងាយ”។
លោកបានបន្ថែមថា “ឥឡូវនេះ ទាំងអតិថិជនជារូបវន្ដបុគ្គល និងសាជីវកម្ម អាចទទួលបានបទពិសោធដ៏ប្រសើរដូចគ្នា នៅតាមស្ថានីយ៍កាល់តិចចំនួន 64 ទីតាំងរបស់យើង។ យើងកំពុងពង្រីកបណ្តាញរបស់យើងនៅទូទាំងប្រទេស ហើយនឹងមានស្ថានីយ៍ប្រមាណជាង 70 នៅចុងឆ្នាំនេះ ខណៈកំណត់គោលដៅដល់ 100 ស្ថានីយ៍ នៅឆ្នាំ 2025”។
ដើម្បីដឹងបន្ថែមអំពី ABA/Caltex Fleet Card សូមទាក់ទងមកលេខ 017 444 908 (តំណាង កាល់ទិច), 1 800 203 203 (សេវាបម្រើអតិថិជន ABA ដែលអាចធ្វើការហៅចេញដោយឥតគិតថ្លៃក្នុងប្រទេសកម្ពុជា) ឬចូលទៅអានលម្អិត ABA/Caltex Fleet Card។
អំពី ឈេហ្វរ៉ុន (ខេមបូឌា)
នៅប្រទេសកម្ពុជា ក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីត បានធ្វើទីផ្សារម៉ាក CaltexTM ដែលជាម៉ាកដែលផ្តល់បទពិសោធន៍ល្អរបស់អតិថិជន Chevronនិយមប្រើប្រាស់ នៅអាស៊ីប៉ាស៊ីហ្វិក និងផ្នែកខ្លះនៃមជ្ឈិមបូព៌ា។ មានស្ថានីយ៍សេវាកម្មកាល់តិចចំនួន 64 កន្លែង ហាងលក់ទំនិញ Star Marts® ចំនួន 18 និងហាងកាហ្វេឆ្ងាញ់ៗចំនួន 61 Coffee Plus™ នៅក្នុងប្រទេសកម្ពុជា។ ផលិតផលឥន្ធនៈដូចជា Caltex with Techron® petrol, Caltex Diesel with Techron® D, និងប្រេងរំអិលដូចជា Havoline® និង Delo® ក៏មាននៅគ្រប់ស្ថានីយ៍សេវាកម្ម Caltex ផងដែរ។ www.caltex.com/kh
អំពី ធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។ ជាមួយបណ្ដាញសាខាចំនួន 85, ទីតាំងស្វ័យសេវា 43, ម៉ាស៊ីនស្វ័យសេវាជាង 1500+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនដល់ 3 លាន ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែប។ ភាគទុនិកដ៏ធំរបស់ ABA គឺជា ធនាគារជាតិកាណាដា ដែលជាធនាគារដ៏ធំលំដាប់ទី 6 នៅកាណាដា និងនាំមុខគេនៅខេត្តកេប៊ិច។