ABA ដាក់ឲ្យប្រើមុខងារទូទាត់ថ្លៃសេវា របស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមទូរស័ព្ទដៃ

28/Aug/2020

ABA​ enables​ mobile​ payments 3ABA​ enables​ mobile​ payments 3

​ធនាគារ​ ABA​ ជា​ធនាគារពាណិជ្ជ​នាំមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​របស់​កម្ពុជា​ និង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​សហការ​គ្នា​ធ្វើ​ឲ្យ​មានការ​ទូទាត់​ងាយស្រួល​នូវ​ថ្លៃ​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ តាម​រយៈ​កម្មវិធី​ ABA​ Mobile​ ។​

នៅ​ក្នុង​កិច្ចសហការ​នេះ​ ធនាគារ​ ABA​ ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ការ​ទូទាត់​តាម​ទូរស័ព្ទ​ដៃ​បាន​ភ្លាមៗ​ គ្រប់ពេលវេលា​ និង​ពី​គ្រប់​ទីកន្លែង​ សម្រាប់​សេវា​ផ្សេងៗ​ជា​ច្រើន​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន៖

  • ការទិញលេខចុះបញ្ជីយានជំនិះ
  • ការចុះបញ្ជី​យានជំនិះ​
  • ​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានជំនិះ
  • ​ការ​ផ្តល់​ និង​ការ​បន្ត​សុពលភាព​បណ្ណបើកបរ​ និង​
  • ការ​ចេញ​ និង​ការ​បន្ត​អាជ្ញា​បណ្ណដឹកជញ្ជូន​។

​នេះ​ជា​របៀប​ទូទាត់​ថ្លៃ​សេវា​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​តាម​កម្មវិធី​ ABA​ Mobile៖​

  1. បើក​ ABA​ Mobile​ app​
  2. ​ចុច​មី​នុយ​ ទូទាត់​ប្រាក់​ អូស​ចុះ​ក្រោម​ រួច​ចុច​ សេវា​សាធារណៈ​ ហើយ​ជ្រើសរើស​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​
  3. ​បញ្ចូល​ព័ត៌មាន​ចាំបាច់​ ព្រម​ជាមួយ​លេខ​វិក្កយបត្រ​អេ​ឡិ​ក​ត្រូ​និក​ ឬ​លេខ​វិក្កយបត្រ​ទូទាត់​ពី​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​
  4. ​ចុច​ប៊ូ​តុង​ បង់​ឥឡូវ​  និង​បញ្ជាក់​ការ​ទូទាត់​ជាមួយ​លេខ​សម្ងាត់​ PIN​ កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​

​លោក​ ម៉ី​ ប៉ូ​លី​ន​ នាយក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ក្លាយជា​ដៃគូ​ប្រមូល​ថវិកា​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ យើង​ជឿជាក់​ថា​ កិច្ចសហការ​នេះ​នឹង​ជួយ​លើកកម្ពស់​សង្គម​ទំនើប​ ដែល​មានការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ និង​ធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទូទាត់​គ្រប់ពេលវេលា​។​ ប្រតិបត្តិការ​ឌី​ជី​ថ​ល​ មិន​ប្រើ​សាច់ប្រាក់​ មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​អាជីវកម្ម​ និង​ការ​គ្រប់គ្រង​ហានិភ័យ​។​ ដោយសារ​វា​ជា​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ នោះ​ប្រតិបត្តិការ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​ទូទាត់​ ក្នុង​ការបង់ប្រាក់​ ត្រួតពិនិត្យ​ និង​ផ្ទៀងផ្ទាត់​នៅ​គ្រប់ពេលវេលា​”​។​

​លោកស្រី​ ម៉ែ​ន​ ច័ន្ទ​សុ​កុ​ល​ ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា​៖​ “​គោលបំណង​នៃ​កិច្ចសហការ​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​មក​ទទួល​នូវ​សេវា​សាធារណៈ​ដឹក​ជញ្ជូន​ផ្លូវគោក​ ដោយអាចធ្វើការបង់ប្រាក់កម្រៃសេវាសាធារណៈបានគ្រប់ពេលវេលា គ្រប់ទីកន្លែង កាត់បន្ថយការជួបជាមួយមន្រ្តីផ្ទាល់ និងកាត់បន្ថយពេលវេលា។​ បន្ថែម​លើ​នេះ​ គឺ​បង្កើន​នូវ​ភាព​រហ័ស​ ជាក់លាក់​ និង​ប្រសិទ្ធភាព​ តម្លាភាព​នៃ​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ បច្ចុប្បន្ន​ យើង​មាន​ដៃគូ​ប្រមូល​ថវិកា​សរុប​ចំនួន​ 11”​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​ដែល​ផ្តល់​ដោយ​ធនាគារ​ ABA​ និង​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ សូម​ទាក់ទង​ធនាគារ​ ABA​ តាម​លេខ​ទូរស័ព្ទ​ 023​ 225​ 333​ ឬ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​តាម​លេខ​ទូរស័ព្ទ​ 1275​។​