​ធនាគារ ABA អនុញ្ញាតឲ្យបើកគណនីរហ័ស នៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន

18/Jan/2021

ABA​ enables​ Instant​ Account​ 1

ABA ជាធនាគារកម្ពុជាឈានមុខផ្នែកហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់សេវាកម្មថ្មីមួយនៅក្នុងកម្មវិធី ABA Mobile របស់ខ្លួនគឺ គណនីរហ័ស។ គណនីរហ័សនេះជំនួសឲ្យមធ្យោបាយកាលពីមុនៗក្នុងការបើកគណនីធនាគារនៅតាមសាខាដែលតម្រូវឲ្យធ្វើដំណើរមកកាន់សាខា និងឆ្លងកាត់នីតិវិធីផ្លូវការវែងឆ្ងាយជាច្រើន។

ចាប់ពីពេលនេះតទៅ ប្រជាជនកម្ពុជាពេញវ័យដែលមានបំណងចង់ប្រើប្រាស់សេវាធនាគារឌីជីថលដ៏ទំនើបនេះ អាចបើកគណនី ABA ដំបូងរបស់ខ្លួនបានតាមរយៈកម្មវិធី ABA Mobile ក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

គណនីរហ័សអាចបើកបានដោយគ្រាន់តែអនុវត្តតាមជំហានងាយៗចំនួនបី

  1. ការ​បញ្ជាក់​អត្តសញ្ញាណ​
  2. ការ​ជ្រើសរើស​រូបិយប័ណ្ណ​របស់​គណនី​
  3. ​​ការ​បង្កើត​ព័ត៌មាន​​សុវត្ថិភាព​

នៅពេលបង្កើតគណនីរហ័សបានសម្រេចហើយ អតិថិជនអាចពិនិត្យសមតុល្យគណនី ទទួល និងផ្ទេរប្រាក់ ទូទាត់វិក្កយបត្រនានា ទូទាត់ដោយប្រើ ABA PAY នៅតាមហាង ភោជនីយដ្ឋាន ឬតាមអនឡាញ និងទទួលសារជូនដំណឹងសម្រាប់រាល់ប្រតិបត្តិការទាំងអស់។

គណនីរហ័សនេះអាចដាក់ប្រាក់ចូលបានយ៉ាងងាយស្រួលតាមរយៈម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដកដាក់ប្រាក់របស់ធនាគារ ABA ឬតាមរយៈការទទួលប្រាក់ពីគណនី ABA ណាមួយ ពីធនាគារក្នុងស្រុក ឬពីកាបូបអេឡិកត្រូនិកផ្សេងៗទៀត។

​លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍ថា៖ "យើងជឿជាក់ថា គណនីរហ័ស ABA នឹងបើកឲ្យមានឱកាសថ្មីៗសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ដែលមិនទាន់ប្រើប្រាស់សេវាធនាគារ ហើយត្រូវការប្រើប្រាស់សេវាហិរញ្ញវត្ថុ។” “នៅធនាគារ ABA យើងយល់ថា យើងទាំងអស់គ្នាពិតជាមានជីវិតដ៏មមាញឹក ដូច្នេះជាមួយមុខងារដ៏ងាយស្រួលនេះ អតិថិជនថ្មីរបស់ធនាគារអាចបើកគណនី ABA ដំបូងរបស់ខ្លួនដោយងាយស្រួលពីលំនៅដ្ឋាន ឬពីកន្លែងការងាររបស់ខ្លួនដោយមិនបាច់ចំណាយពេលស្ទះចរាចរណ៍ ឬរង់ចាំទៀតទេ។ គណនីរហ័សនេះស្របជាមួយគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយការរីករាលដាលវីរុសកូវីដ-19 ហើយយើងក៏សង្ឃឹមផងដែរថា គណនីរហ័សនេះនឹងជួយជំរុញកំណើនប្រតិបត្តិការមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា។"

សម្រាប់​ព័ត៌មាន​បន្ថែម​​ សូម​ចូល​ទៅ​កាន់​ ​ទំព័រ​គណនី​រហ័ស​។​

អ្នកអាចទាញយកកម្មវិធី ABA Mobile ពីស្មាតហ្វូន របស់អ្នកខាងក្រោមនេះ៖