ធនាគារ ABA គាំទ្រអេកូស៊ីស្ទែមធុរកិច្ចថ្មី តាមរយៈកម្មវិធី DPA រដូវកាលទី 5 របស់មជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី ‘តេជោ”
01/Apr/2026
ធនាគារ ABA មានកិត្តិយសក្នុងការគាំទ្រអេកូស៊ីស្ទែមធុរកិច្ចថ្មីដែលកំពុងរីកចម្រើន ក្នុងនាមជាអ្នកឧបត្ថម្ភ Diamond Sponsor នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី 5 (DPA 5) របស់មជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។
ឈានចូលមកដល់រដូវកាលទី 5 កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ជាគំនិតផ្តួចផ្តើមសំខាន់ដែល ផ្តល់ធុរកិច្ចថ្មីក្នុងស្រុកជាមួយការបណ្តុះបណ្តាល ធនធាន និងការណែនាំជាក់ស្តែង ដើម្បីផ្លាស់ប្តូរគំនិតពួកគេទៅជាដំណោះស្រាយឌីជីថលដែលមានវិសាលភាព។ ក្នុងរយៈពេល 3 ខែ ក្រុមធុរកិច្ចនីមួយៗ នឹងបង្កើតផ្លែតហ្វមនវានុវត្ត ដែលផ្តោតជាពិសេសទៅលើការឆ្លើយតបតម្រូវការរបស់សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs)។ ពិធីសម្ពោធបើកដំណើរការនៃកម្មវិធី បានប្រព្រឹត្តទៅកាលពីថ្ងៃទី30 ខែមីនា នៅការិយាល័យនៃមជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃ មជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។
នៅក្នុងពិធីសម្ពោធផ្ទាល់ លោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី - ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA បានបញ្ជាក់បន្ថែមកាន់តែច្បាស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ក្នុងការគាំទ្រនវានុវត្ត និងសហគ្រិនភាពក្នុងប្រទេសកម្ពុជា។
លោកស្រី មានប្រសាសន៍ថា “ប៉ុន្មានឆ្នាំកន្លងមកនេះ ABA តែងតែដើរតួជាអ្នកគាំទ្រយ៉ាងមុតមាំនៃសហគ្រិនភាព និងបច្ចេកវិទ្យា ជាពិសេសតាមរយៈកម្មវិធីផ្សេងៗ របស់មជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។ យើងខ្ញុំជឿជាក់ថា ធុរកិច្ចថ្មី មិនត្រឹងតែជាម៉ាស៊ីននៃភាពច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ តាមរយៈការលើកកម្ពស់សហក្រិនវ័យក្មេងនេះ គឺយើងខ្ញុំក៏កំពុងតែជួយស្វែងរក ដំណោះស្រាយដែលផ្តល់តម្លៃដល់អាជីវកម្ម និងសហគមន៍ទាំងមូល” ។
ក្រោមកិច្ចសហការនេះ ABA នឹងបន្តវិនិយោគទៅលើគំនិតផ្តួចផ្តើមដែលលើកកម្ពស់នវានុវត្ត គាំទ្រដល់សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) និងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងប្រទេសកម្ពុជា។





