ធនាគារ ABA គាំទ្រវេទិកាចំណេះដឹងហិរញ្ញវត្ថុឌីជីថល ឆ្នាំ 2025 ដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ
02/Dec/2025
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាគ្រឹះស្ថានសកម្មក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានមោទនភាពបានក្លាយជា Diamond Sponsor ក្នុងវេទិកាចំណេះដឹងហិរញ្ញវត្ថុឌីជីថល ដើម្បីទាំងអស់គ្នា ឆ្នាំ 2025។ រៀបចំដោយធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនទៅលើចំណេះដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុ។
ប្រព្រឹត្តទៅកាលពីថ្ងៃទី29-30 ខែវិច្ឆិកា ឆ្នាំ 2025 នៅផ្សារទំនើបអ៊ីអនមានជ័យ កម្មវិធីរយៈពេល 2 ថ្ងៃនេះ ទទួលបានអ្នកចូលរួមចំនួនប្រមាណ 1,600 នាក់ពីគ្រប់មជ្ឍដ្ឋាន។ តាមរយៈកម្មវិធីផ្សេងៗ និងសកម្មភាពជាច្រើន អ្នកចូលរួមទទួលបានការយល់ដឹងទៅលើការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុផ្លូវការ និងជំរុញការពិនិត្យសុខភាពហិរញ្ញវត្ថុ ដើម្បីយល់ដឹងបន្ថែមទៅលើទម្លាប់ចាយវាយ និងសម្រេចនូវគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។
ABA ក៏បានរៀបចំបញ្ជរនៅក្នុងកម្មវិធីផ្ទាល់ បង្ហាញអំពីផលិតផល និងសេវាកម្មរបស់ខ្លួន ជាពិសេស មុខងារសុវត្ថិភាព របស់ ABA Mobile និងមុខងារវិភាគ ដែលជាជំនួយការចំណេះដឹងហិរញ្ញវត្ថុពេញលេញ ដែលរចនាឡើងដើម្បីជួយអតិថិជនតាមដាន និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនដោយប្រសិទ្ទភាព។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ក៏បានរៀបចំវេទិកា ដែលប្រមូលផ្តុំអ្នកជំនាញពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និយ័តករ និង ភ្នាក់ងារអភិវឌ្ឍអន្តរជាតិ។
កិច្ចពិភាក្សាបានផ្តោតទៅលើការដែលចំណេះដឹងហិរញ្ញវត្ថុអាចជំរុញ និងកាត់បន្ថយហានិភ័យក្នុងសម័យឌីជីថល។ លោក Zokhir Rasulov នាយកឌីជីថលនៃធនាគារ ABA បានចូលរួមក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ នវានុវត្តន៍ និងការអនុវត្ត ក្នុងការជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល ដែលលោកបានចែករំលែកអំពីវិធីដែល ABA បានប្រើប្រាស់ផលិតផលហិរញ្ញវត្ថុឌីជីថលដោយសុវត្ថិភាព និងមានភាពងាយស្រួល។
ABA បន្តប្តេជ្ញាចិត្តក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងបរិយាបន្នឌីជីថល ពង្រឹងការការពារអតិថិជន និងបង្កើនសេដ្ឋកិច្ចឌីជីថលប្រទេសកម្ពុជា។










