ធនាគារ ABA ពង្រឹងការទូទាត់ឆ្លងប្រទេសក្រោមកិច្ចសហការជាមួយ J.P.Morgan
12/May/2026

ធនាគារ ABA បន្តពង្រឹងសមត្ថភាពទូទាត់អន្តរជាតិរបស់ខ្លួនតាមរយៈការសហការជាមួយ J.P.Morgan ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយលំដាប់ពិភពលោក ដោយនាំយកសេវាផ្ទេរប្រាក់ឆ្លងប្រទេស កាន់តែលឿនស្រួល មានតម្លាភាព និងជាទីទុកចិត្ត ជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។
សូមទស្សនាវីដេអូនេះ ដើម្បីដឹងបន្ថែមពី JP Morgan។
ខណៈប្រតិបត្តិការសកលកាន់តែសំខាន់ និងចាំបាច់សម្រាប់ទាំងរូបវន្ដបុគ្គល និងបណ្ដាធុរកិច្ច ABA ដាក់ដំណើរការដំណោះស្រាយទូទាត់ឆ្លងរូបិយប័ណ្ណដែលត្រូវបានពង្រឹងសមត្ថភាពបន្ថែម បង្កើតឡើងដើម្បីសម្រួលដល់ការផ្ទេរប្រាក់ឆ្លងប្រទេស និងផ្តល់នូវភាពច្បាស់លាស់នៅគ្រប់ដំណាក់កាលនៃការផ្ទេប្រាក់។
ដំណើរការដោយផ្លែតហ្វម Xpedite របស់ JP Morgan ដំណោះស្រាយនេះ អនុញ្ញាតឲ្យអតិថិជន ABA ផ្ទេរប្រាក់ទៅកាន់ប្រទេស និងរូបិយប័ណ្ណជាច្រើន ជាមួយនឹងល្បឿន និងតម្លាភាពកាន់តែប្រសើរ។ អតិថិជនទទួលបានប្រយោជន៍ពី ការកំណត់អត្រាប្ដូរប្រាក់ទៅតាមទីផ្សារក្នុងស្រុក (Onshore FX pricing) និងអត្រាប្តូរប្រាក់ដែលមានការធានា ដោយធានាបាននូវតម្លាភាពទាំងស្រុងចំពោះ ចំនួនទឹកប្រាក់ដែលផ្ទេរ និងទឹកប្រាក់ដែលទទួលបាន - ដោយមិនមានការកាត់កងដោយមិនរំពឹងទុកពីភាគីអន្ដរការី។
សម្រាប់ធុរកិច្ច ដំណោះស្រាយនេះនឹងសម្រួលដល់ការគ្រប់គ្រងកាន់តែប្រសើរលើការទូទាត់អន្ដរជាតិ ការរៀបចំរំហូរសាច់ប្រាក់ប្រសើរជាងមុន និងលទ្ធផលប្រតិបត្តិការកាន់តែច្បាស់លាស់ ពេលចាត់ចែងប្រតិបត្តិការជាមួយដៃគូ និងអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស។ សម្រាប់រូបវន្ដបុគ្គល ដំណោះស្រាយនេះផ្ដល់នូវបទពិសោធផ្ទេរប្រាក់កាន់តែរលូន ជាទីទុកចិត្ត ពេលចាត់ចែងផ្ញើប្រាក់ទៅក្រៅប្រទេសសម្រាប់ការសិក្សា ធ្វើដំណើរ ឬទំនុកបម្រុងគ្រួសារជាដើម។
អត្ថប្រយោជន៍ដ៏ចម្បងនៃកិច្ចសហការនេះ គឺសមត្ថភាពក្នុងការតាមដានដំណើរការផ្ទេរប្រាក់ ពីពេលចាប់ផ្ដើម ដល់ពេលបញ្ចប់ នៅក្នុង ABA Mobile ដោយអតិថិជនអាចមើលស្ថានភាពប្រតិបត្តិការពេញលេញ នៅក្នុងអេបផ្ទាល់។ ការណ៌នេះ កាត់បន្ថយភាពស្រពិចស្រពិល និងមិនចាំបាច់សាកសួរទៅកាន់ ធនាគារ ឬភ្នាក់ងារផ្ទេរប្រាក់អំពីស្ថានភាពនៃការទូទាត់ទៀតឡើយ។
ប្រតិបត្តិការដ៏រឹងមាំរបស់ ABA ពង្រឹងភាពជឿជាក់នៃភាពជាដៃគូនេះបន្ថែមទៀត។ 99.81% នៃប្រតិបត្តិការផ្ទេរប្រាក់ជារូបិយប័ណ្ណដុល្លារអាមេរិក USD ដែលដំណើរការតាម J.P. Morgan ត្រូវបានដំណើរការតាម ប្រតិបត្តិការប្រព័ន្ធដំណើរការឆ្លងកាត់ត្រង់ផ្ទាល់ (STP) ដោយធានាបាននូវប្រតិបត្តិការរហ័ស ត្រឹមត្រូវ និងគ្មានកំហុសឆ្គង នៃការទូទាត់អន្តរជាតិ។
លោកស្រី ហៀន ប៉ូលីនដា នាយិកាធុរកិច្ចអន្ដរជាតិ នៃធនាគារ ABA មានប្រសាសន៍ “ការផ្ទេរប្រាក់អន្ដរជាតិ កំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃតម្រូវការសេវាធនាគារប្រចាំថ្ងៃរបស់អតិថិជនយើងជាច្រើន។ តាមរយៈកិច្ចសហការជាមួយ J.P. Morgan យើងនឹងពង្រឹងបទពិសោធទូទាត់ឆ្លងប្រទេសឲ្យកាន់តែប្រសើរឡើងសម្រាប់អតិថិជនយើង ធ្វើយ៉ាងណាឲ្យដំណើរការផ្ទេរប្រាក់កាន់តែលឿនស្រួល”។
លោក Giang Bui ប្រធានផ្នែកលក់ FIG, ឥណ្ឌូចិន របស់ J.P Morgan មានប្រសាសន៍ “យើងខ្ញុំសូមសេចក្ដីរីករាយដែលបានគាំទ្រធនាគារ ABA ក្នុងការជំរុញសមត្ថភាពការទូទាត់ឆ្លងប្រទេសរបស់ធនាគារ។ យើងរួមគ្នា យើងនឹងផ្ដល់នូវប្រតិបត្តិការអន្ដរជាតិកាន់តែលឿន ច្បាស់លាស់ មានតម្លាភាព សម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា”។
កិច្ចសហការជាមួយ J.P. Morgan ឆ្លុះបញ្ចាំងការវិនិយោគជាបន្ដបន្ទាប់របស់ ABA លើបច្ចេកវិទ្យាទំនើប និងភាពជាដៃគូសកល ដោយពង្រឹងជំហររបស់ខ្លួនជាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តសម្រាប់អតិថិជន នៅលើពាណិជ្ជកម្មអន្ដរជាតិ អាជីវកម្ម និងប្រតិបត្តិការផ្ទាល់ខ្លួន។

