ធនាគារ ABA ជំរុញស្មារតីសាមគ្គីភាពជាមួយ កាកបាទក្រហមកម្ពុជា តាមរយៈការបរិច្ចាគថវិកាចំនួន 50,000 ដុល្លារ
07/May/2026
ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម និងជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា ABA បានចូលរួមវិភាគទានសប្បុរសធម៌ 50,000 ដុល្លារអាមេរិក ជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 163 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា 2026។
ការរួមចំណែកនេះ គូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ ABA ក្នុងការពង្រឹងទំនួលខុសត្រូវសង្គម និងគាំទ្រគំនិតផ្តួចផ្តើមមនុស្សធម៌សំខាន់ៗទូទាំងប្រទេស។ ថវិកាទាំងនេះ នឹងជួយដល់កាកបាទក្រហមកម្ពុជា ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីផ្ដល់ជំនួយ សង្រ្គោះក្នុងគ្រាអាសន្ន ការគ្រប់គ្រងគ្រោះមហន្តរាយ ការថែទាំសុខភាព និងកម្មវិធីអភិវឌ្ឍសហគមន៍នានា ដែលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅទូទាំងប្រទេស។
នៅថ្ងៃទី6 ខែឧសភា ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅស្នាក់ការកណ្តាលកាកបាទក្រហមរាជធានីភ្នំពេញ។
លោកស្រី ធាម រមណីយ មានប្រសាសន៍ថា “នៅធនាគារ ABA យើងខ្ញុំជឿជាក់យ៉ាងមុតមាំចំពោះការផ្តល់វិភាគទានត្រលប់ទៅកាន់សហគមន៍ដែលយើងខ្ញុំបម្រើសេវាជូន។ ការគាំទ្រកាកបាទក្រហម កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ធនាគារយើងខ្ញុំចំពោះសណ្ដានចិត្តសណ្ដោស សាមគ្គីភាព និងការទទួលខុសត្រូវ។ ការរួមចំណែកដ៏ស្ដួចស្ដើងនេះ បានបញ្ជាក់ជាថ្មីនូវតួនាទីដ៏សកម្មរបស់យើងខ្ញុំ ក្នុងការបន្ដបង្កើតភាពធន់ក្នុងសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។”
បង្កើតឡើងក្នុងឆ្នាំ 1955 កាកបាទក្រហមកម្ពុជា បានក្លាយជាអង្គការមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ 2005 មក ABA បន្ដគាំទ្រកាកបាទក្រហមកម្ពុជា តាមរយៈកម្មវិធីមនុស្សធម៌ និងសេវាសុខុមាលភាពសង្គមនានាទូទាំងប្រទេស។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ ក្នុងខែកក្កដា ឆ្នាំ 2025 ABA បានបរិច្ចាគទឹកប្រាក់ 500,000 ដុល្លារអាមេរិក ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ជាជំនួយមនុស្សធម៌ចាំបាច់សំខាន់ៗ ដល់ក្រុមគ្រួសាររងគ្រោះពីជម្លោះព្រំដែន។





