ធនាគារ ABA ឧបត្ថម្ភ វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច 2026 ដើម្បីលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុក
03/Aug/2026
ធនាគារ ABA មានមោទនភាពដែលបានចូលរួមជា Silver Sponsor នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច 2026 រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពង្រឹងអ៊ីកូស៊ីស្ទែមសហគ្រិនភាព និងសហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) នៅកម្ពុជា។
ក្រោមប្រធានបទ “សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច” កម្មវិធីនេះ មានគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ សហគ្រាសធុនមីក្រូ តូចនិងមធ្យម ការអភិវឌ្ឍសហគ្រិនភាព និងធុរកិច្ចបង្កើតថ្មី និងបរិយាបន្នហិរញ្ញវត្ថុ។
ប្រព្រឹត្តទៅកាលពីថ្ងៃទី 30-31 ខែកក្កដា វេទិកានេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអ្នកតំណាងពីស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងអ្នកតំណាងពីគ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យឯកជននានា។
ជាផ្នែកមួយនៃវេទិកា ABA ក៏បានរៀបចំបញ្ជរនៅទីតាំងផ្ទាល់ ដើម្បីដាក់បង្ហាញដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ខ្លួន ដែលផ្តោតទៅលើផលិតផល និងសេវាកម្មកម្ចី សម្រាប់ MSME និងអាជីវកម្មតូចធំគ្រប់ប្រភេទ។
ABA បន្តប្តេជ្ញាចិត្តពង្រឹងវិសាលភាពសហគ្រាសក្នុងស្រុកជាមួយនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានប្រកបដោយភាពងាយស្រួល លើកកម្ពស់នវានុវត្តន៍ និងបង្កើនការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងសកលលោក។







