ABA សហការជាមួយ E9Pay ដើម្បីផ្តល់សេវាកម្មផ្ទេរប្រាក់រហ័សរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង
29/Aug/2024
ធនាគារ ABA ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា1 សហការជាមួយ E9Pay ដែលជាក្រុមហ៊ុនផ្ទេរប្រាក់របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីផ្តល់សេវាកម្មផ្ទេរប្រាក់រហ័សរវាងប្រទេសទាំងពីរ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA និង លោក Jeon Hyuk Goo នាយកប្រតិបត្តិក្រុមហ៊ុន E9Pay និងក្រុមការងារស្ថាប័នទាំងពីរ នាថ្ងៃទី20 ខែសីហា ឆ្នាំ2024 នៅការិយាល័យកណ្តាលរបស់ធនាគារ ABA។
កិច្ចសហការនេះ អនុញ្ញាតឲ្យអតិថិជនផ្ញើប្រាក់ ពីគណនី E9Pay នៅប្រទេសកូរ៉េ ចូលក្នុងគណនីABA នៅប្រទេសកម្ពុជា ដែលគណនីអ្នកទទួលអាចជាប្រាក់រៀល ឬដុល្លារអាមេរិក។ ទឹកប្រាក់កំណត់ក្នុងមួយប្រតិបត្តិការអាចមានចំនួនរហូតទៅដល់ $5,000 ជាមួយសេវាសមរម្យ។
លោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីត្រេកអរដែលបានសហការជាមួយក្រុមហ៊ុន E9Pay ដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុទៅក្រៅប្រទេស។ យើងខ្ញុំ នៅធនាគារ ABA ចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងផ្តល់ជូនអតិថិជននូវដំណោះស្រាយផ្ទេរនិងទទួលប្រាក់ឆ្លងប្រទេស ដោយចំណេញពេល មានប្រសិទ្ធភាព និងសុវត្ថិភាព។ បងប្អូនខ្មែរនៅប្រទេសកូរ៉េ អាចផ្ទេរប្រាក់មកផ្ទះ ចូលក្នុងគណនីធនាគារ ABA យ៉ាងងាយស្រួល។”
លោក Jeon Hyuk Goo នាយកប្រតិបត្តិក្រុមហ៊ុន E9Pay ក៏មានប្រសាសន៍ថា “ជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េចំនួន 62,000 នាក់ ដែលក្នុងនោះមានប្រជាពលករកាន់ទិដ្ឋាការ E9 ចំនួន 48, 000 នាក់ យើងខ្ញុំបានមើលឃើញសក្តានុពលដ៏ធំធេង ដែលអាចបង្កើតជាសមិទ្ធផលវិជ្ជមាន។ ក្រុមហ៊ុន E9Pay ប្តេជ្ញាចិត្តក្នុងការបម្រើសហគមនេះ ហើយយើងខ្ញុំត្រេកអរដែលបានសហការជាមួយ ធនាគារ ABA ដែលជាបណ្តាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដើម្បីផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលអាចទទួលយកបាន និងមានតម្លៃសមរម្យ។”
អតិថិជនអាចប្រើប្រាស់សេវាកម្មផ្ញើនិងផ្ទេរប្រាក់តាមរយៈកម្មវិធី E9Pay នៅលើទូរស័ព្ទដៃរបស់លោកអ្នក។ ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ក៏អាចបើក គណនីរហ័ស នៅលើកម្មវិធី ABA Mobile ដោយគ្រាន់តែត្រូវការអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព និងលេខទូរស័ព្ទកូរ៉េដែលប្រើប្រាស់បាន។
1ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ 2021-2023 ។






