​ធនាគារ​ ABA​ ទទួល​ការ​បង់ពន្ធ​ តាម​បណ្ដាញ​បម្រើសេវា​កម្ម​នានា​របស់​ខ្លួន​

01/Sep/2021

ABA​ Bank​ offers​ tax​ collection​ 3

បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (MEF)​ និង​ការ​សាកល្បង​ដោយ​ជោគជ័យ​លើ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​បង់ពន្ធ​ យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​ថា​ ឥឡូវនេះ​ ធនាគារ​ ABA​ ចាប់ផ្ដើម​ទទួល​ការ​បង់ពន្ធ​តាម​មធ្យោបាយ​ផ្សេងៗ​អាស្រ័យ​លើ​ប្រភេទ​ពន្ធ​ សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​។

​ឥឡូវនេះ​ អតិថិជន​ ABA​ អាច​បង់ពន្ធ​ផ្លូវ​ពី​គេហដ្ឋាន​ ឬ​កន្លែងធ្វើការ​ ដោយ​ប្រើ​កម្មវិធី​ពន្ធ​ GDT​ Taxpayer​ App​។​ ពេល​បង់ពន្ធ​តាម​រយៈ​កម្មវិធី​ GDT​ Taxpayer​ App​ អតិថិជន​ ត្រូវ​ជ្រើសរើស​ ABA​ PAY​ នៅ​លើ​អេ​ក្រង់​ទូទាត់​ ពេល​នោះ​កម្មវិធី​ ABA​ Mobile​ នឹង​បើក​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​អតិថិជន​ ដើម្បី​ដំណើរការ​ទូទាត់​ដោយ​ប្រើ​គណនី​ ABA​ ។​ នា​ពេល​ខាង​មុខ​នេះ​ GDT​ និង​ ABA​ នឹង​ពង្រីក​សេវាកម្ម​ដើម្បី​រួម​បញ្ចូល​ទាំង​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ​ផង​ដែរ​។​

​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​ទាំងអស់​ ក៏​អាច​ប្រើ​សេវា​បង់ពន្ធ​តាម​បែប​អេ​ឡិ​ក​ត្រូ​និក​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល​មាន​អាសយដ្ឋាន​ www.tax.gov.kh​។​ ដោយ​ប្រើប្រាស់​សេវា​ទូទាត់​ PayWay​ ពី​ធនាគារ​ ABA​ ឥឡូវនេះ​ វិ​ប​សាយ​របស់​អគ្គនាយកដ្ឋាន​ ក៏​អនុញ្ញាត​ឲ្យ​អាជីវកម្ម​តូច​ធំ​ទាំងអស់​ អាច​បង់ពន្ធ​សហគ្រាស​ប្រចាំខែ​ និង​ពន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​ និង​ពន្ធ​សវន​កម្ម​ ខណៈ​ពេល​ដែល​បុគ្គល​អាច​ប្រកាស​ពន្ធ​លើ​ឈ្នួល​ផ្ទះ​ ដី​ និង​ពន្ធ​លើ​យានយន្ត​តាម​អ៊ីនធឺណិត​ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ ឬ​រង់ចាំ​តាម​លេខ​រៀង​នៅ​បញ្ជរ​ឡើយ​។​ វិ​ប​សាយ​នេះ​ ក៏​អនុញ្ញាត​ឲ្យ​អ្នក​បង់ពន្ធ​ អាច​បង្កើត​លេខ​កូដ​តាម​រយៈ​ e-Filing/Pre-filing​ ដោយ​គ្រាន់តែ​បំពេញ​ព័ត៌មាន​លម្អិត​អំពី​ការ​បង់ពន្ធ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទៅ​តាម​ប្រភេទ​ពន្ធ​ ដែល​បាន​ជ្រើសរើស​ដូច​ជា​ ពន្ធ​លើ​ប្រាក់​ចំណូល​ (TOI)​ ជា​ការ​ស្រេច​។​

​លើស​ពី​នេះ​ទៅ​ទៀត​ អតិថិជន​ ABA​ អាច​ធ្វើការ​បង់ពន្ធ​ផ្សេងៗ​នៅ​បញ្ជរ​នៃ​សាខា​របស់​ធនាគារ​ ABA​ ទូ​ទាំង​ប្រទេស​ដែល​មាន​៖​

  • ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​
  • ​​ពន្ធ​សហគ្រាស​
  • ​​ពន្ធ​លើ​អចលនទ្រព្យ​ រួម​មាន​ពន្ធ​ប្រចាំខែ​ (​ពន្ធលើប្រាក់បៀវត្ស​ ពន្ធ​កាត់​ទុក​ ប្រាក់​រំដោះ​ពន្ធលើប្រាក់ចំណេញ​ អាករ​លើ​តម្លៃបន្ថែម​ជាដើម​)​ និង​ពន្ធ​ប្រចាំឆ្នាំ​ (​ពន្ធ​លើ​ប្រាក់​ចំណូល​ ពន្ធ​ប៉ាតង់​ ជាដើម​)

ជាមួយនឹងបញ្ជរប្រមូលពន្ធនៅគ្រប់សាខា គឺមិនគិតថ្លៃសេវាទេ អតិថិជន ABA ឥឡូវនេះ អាចបំពេញកាតព្វកិច្ចបង់ពន្ធ របស់ខ្លួនយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

លោក​ ម៉ី​ ប៉ូ​លី​ន​ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​ របស់​ធនាគារ​ ABA​ លើក​ឡើង​ថា​ “​យើង​មាន​សេចក្ដី​រីករាយ​ ដែល​បាន​ក្លាយជា​ដៃគូ​ប្រមូល​ចំណូល​ពន្ធដារ​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល​។​ ការ​ពង្រីក​មធ្យោបាយ​ទូទាត់​ដែល​មាន​ភាព​ងាយស្រួល​ បត់បែន​ និង​អាច​ជឿ​ទុកចិត្ត​បាន​ នឹង​ជួយ​បង្កើន​គុណ​តម្លៃ​សម្រាប់​អ្នកមាន​កាតព្វកិច្ច​ពន្ធ​។​ ការ​ប្រមូល​ចំណូល​ពន្ធ​ នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​នាម​ជា​ប្រភព​ចំណូល​មួយ​ ក្នុង​ចំណោម​ប្រភព​ចំណូល​ចម្បងៗ​របស់​រាជរដ្ឋាភិបាល​ ដោយ​យោង​លើ​ការ​អនុវត្ដ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ និង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​។​ ជាង​នេះ​ទៅ​ទៀត​ ការ​ចូលរួម​បង់ពន្ធ​ជូន​រដ្ឋ​ គឺជា​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ ដូច្នេះ​ នេះ​ជា​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ ខណៈ​ដែល​យើង​កំពុង​បង្កើត​ប្រព័ន្ធ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព​សម្រាប់​កម្ពុជា​”​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​ដែល​ផ្តល់​ដោយ​ ABA​ និង​ អគ្គនាយកដ្ឋាន​ពន្ធដារ​ សូម​ទាក់ទង​មក​ធនាគារ​ ABA​ តាម​រយៈ​ទូរស័ព្ទ​លេខ​ 023​ 225​ 333​ ឬ​ អគ្គនាយកដ្ឋាន​ពន្ធដារ​ តាម​រយៈ​លេខ​ 1277​។

តាម​រយៈ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​  ធនាគារ​ ABA​ យល់​ពី​សារៈសំខាន់​នៃ​ការ​បង់ពន្ធ​ និង​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​បាន​ចុះបញ្ជី​ និង​ប្រតិបត្តិការ​ប្រកបដោយ​អនុលោម​ភាព​។​ ដូច្នេះ​ធនាគារ​បាន​ជាប់​ឈ្មោះ​ជា​អ្នក​បង់ពន្ធ​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា​នៅ​ឆ្នាំ​ 2020​ និង​ទទួល​បាន​លិខិត​សរសើរ​ពី​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ គង់​ វិបុល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល​កោតសរសើរ​នូវ​ការ​រួមចំណែក​របស់​ធនាគារ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​ ធនាគារ​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ និង​តម្លាភាព​ក្នុង​អភិបាលកិច្ច​ពន្ធ​សារ​ជីវ​កម្ម​ដ៏​ល្អ​របស់​ខ្លួន​ដោយ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ជូន​រដ្ឋ​។​

ដោយសារ​តែ​ការ​ប្តេជ្ញា​ចិត្តរឹង​មាំ​ចំពោះ​អនុលោម​ភាព​ពន្ធដារ​ ធនាគារ​ ABA​ ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ប្រភេទ​ “​មាស​” ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ កាលពី​ខែធ្នូ​ ឆ្នាំ​ 2020​ ជាមួយ​ សុពលភាព​រយៈពេល​ 2​ ឆ្នាំ​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​ 2021​ និង​ 2022។

អ្នក​អាច​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ពី​ App​ Store​ ដែល​មាន​ខាងក្រោម​៖​