ធនាគារ ABA ចូលរួមព្រឹត្តិការណ៍បុណ្យទន្លេ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសិប្បករក្នុងស្រុក
03/Apr/2026
ធនាគារ ABA មានកិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី 10 ក្នុងនាមជាអ្នកឧបត្ថម្ភ Silver Sponsor ដែលបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ជាតិ ទេសចរណ៍ និងការអភិវឌ្ឍសហគមន៍។
ប្រព្រឹត្តទៅក្នុងទីរួមខេត្តក្រចេះ ពីថ្ងៃទី27-29 ខែមីនា ព្រឹត្តិការណ៍បុណ្យទន្លេនេះ មានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ កម្មវិធីរយៈពេល 3 ថ្ងៃនេះ បានរៀបចំឡើងជាមួយនឹងសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងអំពីវប្បធម៌ជាតិដ៏លេចធ្លោ ព្រមទាំងផ្តល់ឱកាសជូនសហគ្រាសក្នុងស្រុក សិប្បករ កសិករ និងផលិតករនានា ក្នុងការបង្ហាញលក់ផលិតផលរបស់ពួគគាត់ ដើម្បីបង្កើនជីវភាពរស់នៅ។
ធនាគារ ABA ក៏បានរៀបចំបញ្ជរនៅទីតាំងផ្ទាល់ ដែលក្រុមការងារ បានទទួលរាក់ទាក់អ្នកចូលរួមដោយផ្តល់នូវព័ត៌មានលម្អិត អំពីសេវាកម្ម និងផលិតផលនវានុវត្តរបស់ធនាគារ ដែលបានគូសបញ្ជាក់អំពីបេសសកម្មជាបន្តបន្ទាប់របស់ធនាគារក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទាំងប្រទេសប្រើប្រាស់បានយ៉ាងងាយស្រួល។
តាមរយៈការគាំទ្រព្រឹត្តិការណ៍បុណ្យទន្លេនេះ ធនាគារ ABA បានបន្តបញ្ជាក់បន្ថែមទៅលើតួនាទីរបស់ខ្លួនក្នុងនាមជាដៃគូរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ច និងវប្បធម៌ជាតិ ដែលស្របជាមួយនឹងចក្ខុវិស័យធនាគារក្នុងការពង្រឹងភាពរីកចម្រើនប្រកបដោយចីរភាព។






