ធនាគារ ABA បង្កើនដើមទុនជាមួយនឹងការវិនិយោគពី ធនាគារជាតិនៃកាណាដា (National Bank of Canada)

24/Jul/2014

ធនាគារ ABA បង្កើនដើមទុនជាមួយនឹងការវិនិយោគពី ធនាគារជាតិនៃកាណាដា (National Bank of Canada)
ធនាគារ ABA បង្កើនដើមទុនជាមួយនឹងការវិនិយោគពី ធនាគារជាតិនៃកាណាដា (National Bank of Canada)

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤៖ បន្ទាប់ពីទទួលបានការអនុម័តតាមផ្លូវច្បាប់ដែលបាន តម្រូវ ទាំងអស់រួចមក ថ្ងៃនេះធនាគារ Advanced Bank of Asia Ltd (“ធនាគារ ABA”) ធ្វើការប្រកាសជា សាធារណៈ អំពីការសម្រេចបាន ដោយជោគជ័យនូវ ភាពជាដៃគូនៃការបង្កើនភាគហ៊ុន ជាមួយធនាគារ ជាតិនៃ កាណាដា (National Bank of Canada) ដែល បានជាវ ភាគហ៊ុនថ្មីរបស់ធនាគារABAដែលមានចំនួន ៩,៩៩% នៃភាគហ៊ុនសរុប។

ការបង្កើនដើមទុនថ្មី ពីសំណាក់ធនាគារជាតិ នៃកាណាដាធ្វើ ឲ្យធនាគារABA កាន់តែរឹងមាំដើម្បីរក្សា និរន្តរភាពនៃអត្រាកំណើនដ៏ខ្លាំងក្លារបស់ខ្លួនគាំទ្រ ដល់ប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ និងពន្លឿនការ ពង្រីកទំហំប្រតិបត្តិការរបស់ខ្លួន ក៏ដូចជារក្សាបាន នូវកម្រិតគ្រប់គ្រាន់នៃដើមទុន។ ប្រតិបត្តិការរវាង ធនាគារទាំងពីរនេះគឺជាប្រតិបត្តិការវិសេសតែមួយគត់ដោយសារធនាគារជាតិនៃកាណាដាគឺជាគ្រឹះស្ថាន ហិរញ្ញវត្ថុធំបំផុតដំបូងបង្អស់មកពីទ្វីបអាមេរិកខាងជើងដែលចូលមកវិនិយោគនៅក្នុងវិស័យធនាគារនៅ ក្នុងប្រទេសកម្ពុជា។ 

លោក Askhat Azhikhanov អគ្គនាយកនៃធនាគារ ABA មានប្រសាសន៍ថា "យើងបានវិនិយោគ ឥតឈប់ ឈរក្នុងការអភិវឌ្ឍធនាគាររបស់យើងឲ្យក្លាយជាធនាគារដ៏សំខាន់មួយនៅក្នុងទីផ្សារហិរញ្ញវត្ថុ កម្ពុជា”។ លោកមានប្រសាសន៍បន្ថែមទៀតថា “យើងមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុង ភាពជាដៃគូជាមួយ គ្រឹះសា្ថនហិរញ្ញវត្ថុដ៏ធំបំផុតដូចជា ធនាគារជាតិនៃកាណាដា ដែលអាចជាកម្លាំង ចលករ នៃការរីកចម្រើនលូតលាស់ កាន់តែខ្លាំងឡើង និងជួយពង្រឹង ដល់ភាពប្រកួតប្រជែងរបស់ ធនាគារABA នៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរថែមទៀត។

លោក Karen Legett អគ្គនាយករងផ្នែកទីផ្សារ និងយុទ្ធសាស្រ្តសាជីវកម្មរបស់ធនាគារជាតិនៃ កាណាដា មានប្រសាសន៍ថា “ការចូលរួមរបស់យើង ក្នុងភាពជាដៃគូជាមួយធនាគារ ABA ផ្តល់ឱកាសដ៏ប្រសើរ ដល់ការវិនិយោគ នៅក្នុងទីផ្សារកម្ពុជាដែល កំពុងមានលក្ខណៈសកម្ម និងកំណើនយ៉ាងឆាប់រហ័ស”។ លោកបានបន្ថែមទៀតថា“រចនាសម្ព័ន្ធការគ្រប់គ្រងដ៏រឹងមាំទម្រង់អាជីវកម្ម និងស្ដង់ដារ អភិបាលកិច្ច គួបផ្សំជាមួយនឹងជំនាញ ព្រមទាំងការយល់ដឹងអំពីទីផ្សារក្នុងស្រុករបស់ធនាគារ ABA គឺជាកត្តាដែល រួមចំណែកនៃការធ្វើសេចក្ដីសម្រេចចិត្តរបស់ធនាគារយើងក្នុងការវិនិយោគនេះ”។ 

អំពីធនាគារABA៖

ធនាគារ ABA ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៦។ ជាមួយនឹងទ្រព្យសកម្មសរុប ចំនួន៣៩១លាន ដុល្លារអាមេរិកគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ធនាគារ ABA ផ្ដល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ ដល់រូបវ័ន្តបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងអង្គភាពសាជីវកម្មជាច្រើនទៀត។ បច្ចុប្បន្ន ធនាគារABA មានសាខាចំនួន២០ ទូទាំងប្រទេសហើយគ្រោង នឹងបើកសាខាចំនួន ៥បន្ថែមទៀត នៅដំណាច់ ឆ្នាំ២០១៤ នេះ។នៅក្នុងឆ្នាំ២០១៤នេះទស្សនាវដ្ដី Euromoney បានឧទ្ទេសនាមធនាគារ ABA ថាជាធនាគារល្អប្រសើរបំផុត នៅកម្ពុជាផ្នែកគុណភាពសេវា ភាពច្នៃប្រឌិត និងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារក្នុងការនាំមកនូវសេវា ធនាគារកាន់តែល្អប្រសើរដល់ប្រទេសកម្ពុជា។

អំពីធនាគារជាតិនៃកាណាដា៖

ជាមួយនឹងទ្រព្យសកម្ម ចំនួន១៩៤ ពាន់លានដុល្លារកាណាដា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ធនាគារជាតិនៃកាណាដា (www.nbc.ca) រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារនេះបង្កើតបាន ជាក្រុមហ៊ុនហិរញ្ញវត្ថុសមាហរណកម្មឈានមុខគេមួយនៅក្នុងប្រទេសកាណាដា។ ទីស្នាក់ការរបស់ ធនាគារនេះ មានទីតាំងនៅទីក្រុងម៉ុងរេអាល់ (Montreal) និងមានសាខាគ្របដណ្ដប់ស្ទើរ តែគ្រប់បណ្តា ខេត្តទាំងអស់ នៅក្នុងប្រទេសកាណាដា និងមានអតិថិជន ចំនួន ២.៤លាន នាក់។ ធនាគារនេះបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រ Toronto Stock Exchange (TSX៖ NA)។ អតិថិជននៅ សហរដ្ឋអាមេរិក អឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀត នៅទូទាំងសកលលោកក៏ទទួលបានសេវារបស់ ធនាគារនេះតាមរយៈបណ្ដាញការិយាល័យតំណាង ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនដៃគូរបស់ធនាគារ នេះផងដែរ។