ធនាគារ ABA ចូលរួមបរិច្ចាគប្រាក់ចំនួន 300,000 ដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា
11/Oct/2019
ធនាគារ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុនគេនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា បាននាំយកថវិកាចំនួន 300,000 ដុល្លារ ដើម្បីចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកានេះ នឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ ដែលមកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួនប្រាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងអំឡុងពេលប្រគល់ថវិកាជូនលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ថា “យើងខ្ញុំនៅធនាគារ ABA សូមគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍផ្នែកគាំពារនិងព្យាបាលកុមារ ដែលជាអនាគតនៃប្រទេសជាតិ និងជាសសរស្ដម្ភសម្រាប់វឌ្ឍនភាព និងវិបុលភាពសង្គម។”
“ការគាំទ្រគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះ បានឆ្លុះបញ្ចាំងដោយផ្ទាល់នូវ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់យើងខ្ញុំ ដែលមានគោលបំណងរួមចំណែកផ្ដល់វិភាគទានជាវិជ្ជមានដល់សង្គម និងប្រកាន់ភ្ជាប់ការយកចិត្តទុកដាក់ចំពោះអនាគតប្រជាពលរដ្ឋ និងសង្គមជាតិកម្ពុជា” លោកបានបន្ថែម។
ដើម្បីគាំទ្រការចូលរួមបរិច្ចាគពីសំណាក់អតិថិជន ធនាគារ ABA ក៏បានដាក់បញ្ចូលមុខងារបរិច្ចាគប្រាក់ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុង ABA Mobile ផងដែរ ដើម្បីឲ្យអតិថិជនអាចចូលរួមបរិច្ចាគប្រាក់បានយ៉ាងងាយស្រួល និងដោយមិនគិតថ្លៃសេវា។ ដំណើរការនៃការចូលរួមបរិច្ចាគមានភាពងាយស្រួល និងលឿនបំផុត ដោយគ្រាន់តែ៖
- បើកដំណើរការកម្មវិធី ABA Mobile ហើយចុចយកប៊ូតុង “ទូទាត់ប្រាក់”
- ជ្រើសរើសយកពាក្យ “សប្បុរសធម៌ & ការបរិច្ចាគ”
- ជ្រើសរើសយក “មូលនិធិគន្ធបុប្ផាកម្ពុជា”
- ជ្រើសរើស គណនី ABA ហើយវាយបញ្ចូលលេខទូរស័ព្ទរបស់លោកអ្នក និងចំនួនទឹកប្រាក់
- ចុចយកពាក្យ “បង់ឥឡូវ” រួចបញ្ជាក់ការទូទាត់ដោយបញ្ចូលលេខសម្ងាត់ ABA Mobile របស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម ឬសាកសួរព័ត៌មានពីការបរិច្ចាគនៅក្នុង ABA Mobile សូមទាក់ទងមកកាន់ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈលេខ 061 701 111 ឬទាក់ទងមកកាន់ធនាគារ ABA តាមរយៈ 023 225 333។