ធនាគារ ABA រួមចំណែកក្នុងគម្រោងជួសជុលសាលារៀនរបស់ សមាគមធនាគារនៅកម្ពុជា ក្នុងខេត្តកំពង់ធំ
26/Mar/2025
ស្របទៅនឹងគោលការណ៍ទំនួលខុសត្រូវសង្គមសាជីវកម្ម ធនាគារ ABA មានសេចក្តីរីករាយ ក្នុងការចូលរួមឧបត្ថម្ភក្នុងគម្រោងជួយគាំទ្រវិស័យអប់រំរបស់ សមាគមធនាគារនៅកម្ពុជា ក្នុងខេត្តកំពង់ធំ។
ការផ្តួចផ្តើមនេះ មានគោលបំណងជួយដល់បឋមសិក្សាចំនួន 12 សាលា មធ្យមសិក្សាចំនួន 2 សាលា និងវិទ្យាល័យចំនួន 1 ឋិតក្នុងស្រុកប្រាសាទសំបូរ ដោយផ្តល់នូវការជួសជុលថ្នាក់រៀនឡើងវិញ ព្រមទាំងផ្តល់នូវសម្ភារៈសិក្សាជូនសិស្សានុសិស្សផងដែរ។
នៅថ្ងៃទី21 ខែមីនា ឆ្នាំ 2025 ពិធីប្រគល់អំណោយជូនសាលារៀនបឋមសិក្សាចំនួនបី បានធ្វើឡើងនៅសាលាបឋមសិក្សាច្រម៉ាស់ ។ កម្មពិធីនេះ មានការចូលរួមពីលោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អ្នកតំណាងមកពីសមាគម ធនាគារដៃគូ លោកគ្រូ អ្នកគ្រូ និងអជ្ញាធរមូលដ្ឋាន។
លោក ភឿន វីរៈ ប្រធានសាខាធនាគារ ABA ខេត្តកំពង់ធំ បានបង្ហាញការកោតសរសើររបស់លោក សម្រាប់កម្មពិធីនេះថា “ការអប់រំ ជាមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់អនាគតភ្លឺស្វាង។ ដោយរួមចំណែកក្នុងការផ្តួចផ្តើមនេះ យើងខ្ញុំសង្ឃឹមថានឹងបង្កើតនូវបរិយាកាសសិក្សាប្រកបដោយផាសុកភាព និងភាពងាយស្រួល សម្រាប់សិស្សានុសិស្សទាំងនេះ ដើម្បីលូតលាស់។”
ABA នៅតែបន្តគាំទ្រគំនិតផ្តួចផ្តើមផ្នែកអប់រំយ៉ាងមុតមាំ ដើម្បីជួយពង្រឹងជីវភាពកុមារកម្ពុជា ប្រកបដោយភាពវិជ្ជមាន និងបានយូអង្វែង។ ជាមួយគ្នា យើងកំពុងតែដើរឆ្ពោះទៅរកសហគមដែលពោរពេញដោយចំណេះដឹង។