ធនាគារ​ ABA​ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ (NOCC)​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ ដើម្បី​គាំទ្រ​អត្ត​ព​លិ​ក​កម្ពុជា​ សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ ឆ្នាំ​ 2028

20/Jan/2026

aba nocc mou khaba nocc mou kh
aba nocc mou kh-1aba nocc mou kh-1
aba nocc mou kh-2aba nocc mou kh-2
aba nocc mou kh-3aba nocc mou kh-3

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ (MoU)​ ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ កម្ពុជា​ (NOCC)​ ដើម្បី​បង្កើត​កិច្ចសហការ​ជា​ដៃគូ​យូរអង្វែង​ សំដៅ​ជំរុញ​សមត្ថភាព​អត្ត​ព​លិ​ក​កម្ពុជា​ និង​លើកកម្ពស់​វិស័យ​កីឡា​ជាតិ​។​

​ក្រោម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​ ABA​ នឹង​គាំទ្រ​ដល់​យុទ្ធនាការ​រៃ​អង្គាស​ និង​ស្វែងរក​ការ​ឧបត្ថម្ភ​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា​ត្រៀម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ Los​ Angeles​ ឆ្នាំ​2028​ របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ដែល​ផ្ដួចផ្ដើម​ឡើង​ក្នុង​គោលបំណង​បង្កើត​មធ្យោបាយ​ដ៏​សុវត្ថិភាព​ និង​ជាទី​ទុកចិត្ត​ ដែល​សាធារណជន​អាច​បរិច្ចាគ​ និង​ផ្ដល់​ការ​ឧបត្ថម្ភ​ជា​ទឹកប្រាក់​នានា​ ដើម្បី​គាំទ្រ​ដំណើរ​របស់​អត្ត​ព​លិ​ក​យើង​ ក្នុង​ការ​ត្រៀមខ្លួន​ និង​រៀបចំ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​។​

​តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​ ABA​ នឹង​ក្លាយជា​ធនាគារ​ផ្តាច់មុខ​សម្រាប់​យុទ្ធនាការ​រៃ​អង្គាស​នេះ​ ដោយ​ផ្តល់​នូវ​មធ្យោបាយ​សុវត្ថិភាព​ និង​ ងាយស្រួល​សម្រាប់​ទទួល​ការ​ទូទាត់​ និង​ការ​បរិច្ចាគ​នានា​ពី​បងប្អូន​សាធារណជន​។​ ភាគី​ទាំង​ពីរ​នឹង​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​នេះ​ នៅ​តាម​ ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​ផ្សេងៗ​របស់​ខ្លួន​ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ទូ​ទាំង​ប្រទេស​។​

​ការ​ចូលរួម​របស់​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ គឺ​លើស​ពី​ការ​ប្រកួតប្រជែង​ -​ ការណ៍​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ​ វឌ្ឍនភាព​ និង​វត្តមាន​កាន់តែ​កើនឡើង​របស់​កម្ពុជា​នៅ​លើ​វេទិកា​កីឡា​អន្តរជាតិ​។​ កីឡា​អូ​ឡាំ​ពិ​ក​នៅ​ Los​ Angeles​ ឆ្នាំ​ 2028​ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​ ក្នុង​ដំណើរ​វឌ្ឍនភាព​នេះ​ ដែល​ទាមទារ​ឲ្យ​មានការ​ត្រៀមខ្លួន​ទុកជា​មុន​ ស្ថិរភាព​មូលនិធិ​ និង​ការ​ឧបត្ថម្ភ​គាំទ្រ​នានា​។​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​19​ ខែមករា​ ឆ្នាំ​2026​ ដែល​មានការ​ចូលរួម​ដោយ​លោក​ Zhiger​ Atchabarov​ នាយករង​ប្រតិបត្តិ​ និង​ជានា​យក​ប្រតិបត្តិការ​នៃ​ធនាគារ​ ABA​ និង​ឯកឧត្តម​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ព្រមទាំង​ក្រុមការងារ​ពាក់ព័ន្ធ​នៃ​ស្ថាប័ន​ទាំង​ពីរ​។​

​លោក​ Zhiger​ Atchabarov​ មាន​ប្រសាសន៍​ចំពោះ​ភាព​ជា​ដៃគូ​នេះ​ថា​ “​កិច្ចសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់​របស់​ធនាគារ​ ABA​ ក្នុង​ការ​គាំទ្រ​វិស័យ​កីឡា​ជាតិ​ ដែល​ស្រប​ទៅ​នឹង​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្ក​ម​ របស់​ធនាគារ​យើងខ្ញុំ​។​ ផ្ដើម​ពី​សមិទ្ធផល​ជោគជ័យ​នៃ​ការ​ចូលរួម​របស់​យើង​ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ​សម្រាប់​វិស័យ​ធនាគារ​ កាលពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ 2023​ យើងខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​បន្ដ​ជ្រោមជ្រែង​ និង​ផ្ដល់​ការ​គាំទ្រ​ចាំបាច់​នានា​ដល់​អត្ត​ព​លិ​ក​ខ្មែរ​យើង​ ខណៈ​ពួក​គាត់​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ 2028”​។​

​លោក​បាន​បន្ថែម​ថា​ “​យើងខ្ញុំ​សូម​កោតស្ញប់ស្ញែង​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ដែល​តែងតែ​យកចិត្តទុកដាក់​អភិវឌ្ឍ​សមត្ថភាព​របស់​ អត្ត​ព​លិ​ក​យើង​ និង​សូម​ជូនពរ​ដល់​អត្ត​ព​លិ​ក​គ្រប់​រូប​ ឲ្យ​មាន​កម្លាំង​មាំមួន​ ឆន្ទៈ​តស៊ូ​ ជាមួយនឹង​ស្មារតី​កីឡា​ខ្ពស់​បំផុត​ ខណៈ​ពួក​គាត់​តំណាង​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។​”

​ឯកឧត្តម​ វ៉ា​ត់​ ចំរើន​ ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​កិច្ចសហការ​នេះ​ និង​មាន​ប្រសាសន៍​ថា​ “​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ខាង​មុខ​នេះ​ បាន​ផ្តល់​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា​ ក្នុង​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​ ជាមួយ​ការ​គាំទ្រ​នៃ​យុទ្ធនាការ​រៃ​អង្គាស​ និង​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ធនាគារ​ ABA​ យើងខ្ញុំ​អាច​ត្រៀមលក្ខណៈ​បាន​ពេញលេញ​ដើម្បី​ឲ្យ​អត្ត​ព​លិ​ក​យើង​ ចូលរួម​ប្រកួត​ដោយ​ទំនុកចិត្ត​ ពេញ​ដោយ​មោទនភាព​ ព្រមទាំង​បន្ត​មហិច្ឆតា​រួម​ក្នុង​ការ​បណ្តុះ​កូន​ខ្មែរ​ ឲ្យ​ក្លាយជា​ជើងឯក​ អូ​ឡាំ​ពិ​ក​ដំបូង​គេ​បង្អស់​”​។​

​តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​ ធនាគារ​ ABA​ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​ភាគី​ទាំង​ពីរ​ចំពោះ​តម្លាភាព​ ឧត្តមភាព​ និង​មោទនភាព​ជាតិ​ ដោយ​ធានា​ថា​អត្ត​ព​លិ​ក​កម្ពុជា​ មាន​ធនធាន​ និង​ការ​គាំទ្រ​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​ពួក​គាត់​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ​។