​ធនាគារ​ ABA​ និង​ធនាគារ​ ចិន​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ លើ​កិច្ច​សហប្រតិបត្តិការ​រូបិយ​ប័​ណ្ឌ​ប្រាក់​រៀល​ និង​ប្រាក់​យ័ន​

26/Nov/2024

aba mou china bank khaba mou china bank kh
aba mou china bank kh-1aba mou china bank kh-1
aba mou china bank kh-2aba mou china bank kh-2

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 និង​ធនាគារ​ ចិន​ សាខា​ភ្នំពេញ​ ដែល​ជា​ធនាគារ​ក្នុងស្រុក​ដើរតួ​ជា​គ្រឹះស្ថាន​ទូទាត់​ប្រាក់​យ័ន​ (RMB)​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MOU)​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​លើ​រូបិយ​ប័​ណ្ឌ​​ ដើម្បី​ពង្រឹង​ការ​ទូទាត់​ប្រាក់​ឆ្លង​ប្រទេស​រវាង​កម្ពុជា​ និង​ចិន​។​

​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ 22​ ខែវិច្ឆិកា​ ឆ្នាំ​ 2024​ ដែល​ចូលរួម​ដោយ​ លោក​ Zhiger​ Atchabarov​ ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ ធនាគារ​ ABA​ លោក​ Liu​ Daozhi​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ចិន​ តំណាង​ធនាគារជាតិ​នៃ​កម្ពុជា​ និង​ភ្ញៀវ​កិត្តិយស​ផ្សេង​ទៀត​។​

​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​ គឺ​គោលបំណង​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ឆ្លង​ប្រទេស​ ដោយ​ដំណើរការ​ប្រតិបត្តិការ​ប្រាក់​រៀល​ និង​ប្រាក់​យ័ន​ យ៉ាង​ងាយស្រួល​។​ កិច្ចសហការ​នេះ​ នឹង​ផ្តល់​ឱ្យ​អតិថិជន​ ABA​ នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ក្នុង​ប្រាក់​យ័ន​ កាន់តែ​ទូលំទូលាយ​ រួម​មាន​ ប្រតិបត្តិការ​ប្តូរ​រូបិយប័ណ្ណ​ផ្ទាល់​ និងកិច្ចសន្យា​ប្តូរ​រូបិយប័ណ្ណ​ទុក​មុន​​​។​ កិច្ចសហការ​នេះ​ ក៏​បាន​ត្រួសត្រាយ​ផ្លូវ​ដល់​ ABA​ និង​ធនាគារ​ចិន​ ក្នុង​ការ​រួម​គ្នា​អភិវឌ្ឍ​ផលិតផល​ហិរញ្ញវត្ថុ​ជា​ប្រាក់​រៀល​ និង​ប្រាក់​យ័ន​ ដើម្បី​ជា​ប្រយោជន៍​ដល់​អតិថិជន​របស់​ពួក​គេ​។​

​ធនាគារ​ ABA​ នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន​ដ៏​ងាយស្រួល​ ហើយ​ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ​ ចិន​ នេះ​បាន​គូសបញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​ ABA​ ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​អតិថិជន​ដ៏​ល្អ​ឥត​ខ្ជោះ​។

1 ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។