ធនាគារ ABA និងក្រុមហ៊ុន JCB ចាប់ដៃគូ ដើម្បីអនុញ្ញាតការទទួលទូទាត់ នៅកម្ពុជា
18/Aug/2021
ទីក្រុងតូក្យូ // រាជធានីភ្នំពេញ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2021 - ក្រុមហ៊ុន JCB International Co., Ltd. ជាឧបសម្ពន្ធប្រតិបត្តិការអន្តរជាតិនៃក្រុមហ៊ុន JCB Co., Ltd. ដែលជានិមិត្តសញ្ញាសេវាទូទាត់អន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន និងធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ធនាគារ ABA) ដែលជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា និងជាបុត្រសម្ពន្ធនៃធនាគារជាតិកាណាដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ និងបានប្រកាសពីការដាក់ឲ្យដំណើរការទទួលទូទាត់កាត JCB នៅកម្ពុជា។
ភាពជាដៃគូនេះនឹងអនុញ្ញាតឲ្យប្រើប្រាស់កាតនិមិត្តសញ្ញា JCB នៅតាមបណ្តាញពាណិជ្ជករ ABA នៅទូទាំងប្រទេស ដែលនឹងផ្តល់ភាពងាយស្រួលខ្លាំងជាងមុនដល់ម្ចាស់កាត JCB។ ក្រុមហ៊ុន JCB បាននិងកំពុងពង្រីកអាជីវកម្មចេញកាត ក្នុងប្រទេសនៅអាស៊ាន រួមមាន ប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុន JCB និងធនាគារ ABA មានផែនការពង្រីកភាពជាដៃគូនេះឲ្យដល់ពាណិជ្ជករ ABA ទាំងអស់ រួមមានការទទួលទូទាត់តាមប្រព័ន្ធទូទាត់អនឡាញ PayWay និងម៉ាស៊ីន ATM ត្រឹមដំណាច់ឆ្នាំ 2021។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយក្នុងការប្រកាសពីភាពជាដៃគូរបស់យើងជាមួយ JCB ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ពិភពលោកលើផ្នែកសេវាទូទាត់ប្រាក់។ ក្នុងកិច្ចព្រមព្រៀងនេះ ពាណិជ្ជករ ABA និងម្ចាស់កាត JCB នឹងអាចពង្រីកឱកាសនៃការទូទាត់របស់ខ្លួនតាមរយៈបណ្តាញទូលំទូលាយ នៅទូទាំងប្រទេស។ ដោយមានចំណងសេដ្ឋកិច្ច និងធុរកិច្ចដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវអត្ថប្រយោជន៍ដល់អាជីវកម្ម និងប្រជាជនជប៉ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងពង្រឹងប្រសិទ្ធភាពឧស្សាហកម្មទូទាត់ប្រាក់នៅប្រទេសកម្ពុជា”។
លោក Yoshiki Kaneko ប្រធាន និងនាយកប្រតិបត្តិការនៃក្រុមហ៊ុន JCB International Co., Ltd. មានប្រសាសន៍ថា៖ "យើងមានកិត្តិយសក្នុងការប្រកាសពីភាពជាដៃគូជាមួយធនាគារ ABA។ ការទទួលប្រើប្រាស់កាត JCB នៅតាមពាណិជ្ជករ ABA នឹងបង្កើនភាពងាយស្រួលដល់អតិថិជនរបស់យើងនៅទាំងក្នុង និងក្រៅប្រទេសកម្ពុជា។ យើងខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងរួមចំណែកដល់ការរីកចម្រើនបន្ថែមនៃឌីជីថលូបនីយកម្មនៅក្នុងទីផ្សារដ៏មានសក្តានុពលមួយនេះ ហើយយើងខ្ញុំសង្ឃឹមថានឹងស្វែងរកឱកាសធុរកិច្ចបន្ថែមជាមួយធនាគារ ABA”។
អំពីក្រុមហ៊ុន JCB
JCB ជានិមិត្តសញ្ញាសេវាទូទាត់លំដាប់សកលលោកដ៏ធំមួយ និងជាក្រុមហ៊ុនចេញកាត និងទទួលកាតទូទាត់ឈានមុខរបស់ប្រទេសជប៉ុន។ ក្រុមហ៊ុន JCB បានដាក់ឲ្យដំណើរការអាជីវកម្មកាតរបស់ខ្លួនក្នុងឆ្នាំ 1961 និងចាប់ផ្តើមពង្រីកប្រតិបត្តិការទូទាំងសកលលោក ក្នុងឆ្នាំ 1981។ បណ្តាញប្រតិបត្តិការកាតរបស់ខ្លួន មានពាណិជ្ជករជាង 36 លាន នៅទូទាំងពិភពលោក។ កាត JCB ឥឡូវនេះចេញភាគច្រើននៅប្រទេសនិងតំបន់នៅអាស៊ី ដែលមានម្ចាស់កាតជាង 140 លាននាក់។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនអន្តរជាតិរបស់ខ្លួន ក្រុមហ៊ុន JCB បានបង្កើតសម្ពន្ធជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរាប់រយ ទូទាំងសកលលោក ដើម្បីបង្កើនវិសាលភាពពាណិជ្ជករ និងចំនួនម្ចាស់កាត។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយទូទាត់ប្រាក់ដ៏ទូលំទូលាយមួយ ក្រុមហ៊ុន JCB ប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយគុណភាព និងឆ្លើយតបខ្ពស់ជូនអតិថិជនទាំងអស់ទូទាំងសកលលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.global.jcb/en/។