កាតនិម្មិតលើទូរស័ព្ទ

​​តើ​អ្វី​ទៅ​ជា​ កាត​និម្មិត​?

​កាត​និម្មិត​ Mastercard​ គឺជា​កាត​ដែល​អាច​បង្កើត​បាន​ភ្លាមៗ​ មាន​លក្ខណៈ​ជា​រូបភាព​លើ​អេ​ក្រង់​ ដោយ​មាន​ភ្ជាប់​ឡូ​ហ្គោ​ Mastercard​, VISA ឬ​ UnionPay​។​ កាត​នេះ​មាន​លក្ខណៈសម្បត្តិ​ និង​អាច​ប្រើប្រាស់​បាន​ដូច​កាត​ផ្លា​ស្ទិ​ក​ដែល​យើង​ប្រើ​រាល់ថ្ងៃ​ដែរ​ គ្រាន់តែ​គ្មាន​រូបរាង​ មិន​អាច​កាន់​ ឬ​ប៉ះ​បាន​តែ​ប៉ុណ្ណោះ​។​ ​

តាម​រយៈ​កាត​និម្មិត​របស់​ធនាគារ​ ABA​ អ្នក​អាច​ធ្វើការ​ទូទាត់​ និង​ទិញ​អីវ៉ាន់​អន​ឡាញ​បាន​ដូច​កាត​ពិតប្រាកដ​ តាម​វិ​ប​សាយ​ធំៗ​ ដែល​មាន​ស្លាក​សញ្ញា​ ទទួលយក​កាត​ទូទាត់​តាម​ Mastercard​, VISA ឬ​ UnionPay​ ​។​

អត្ថប្រយោជន៍

  • មិន​គិតថ្លៃ​បង្កើត​ និង​សេវា​ប្រចាំឆ្នាំ​
  • ​អា​ចប​ង្កើ​ត​បាន​ភ្លាមៗ
  • ទូទាត់​អន​ឡាញ​មាន​សុវត្ថិភាព
  • មានការ​ជូនដំណឹង​គ្រប់​ប្រតិបត្តិការ
  • មានការ​ការពារ​ និង​មិន​បង្ហាញ​ឈ្មោះ​។

ធនាគារ ABA បានឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត ដែលបញ្ជាក់ថាស្របតាម បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាត ទូទាត់ (PCI DSS) ។ ជាមួយធនាគារ ABA អ្នកនឹងមានទំនុកចិត្តថា កាតទូទាត់របស់អ្នក ត្រូវបានការពារ ដោយវិធានការសន្តិសុខបច្ចេកវិទ្យាឈានមុខនៅក្នុងឧស្សាហកម្មទូទាត់។

តើ​វា​ដំណើរការ​យ៉ាងណា​?

បន្ទាប់​ពី​ការ​ស្នើ​សុំ​បង្កើត​កាត​ យើង​នឹង​បង្កើត​លេខ​កូដ​ និង​ព័ត៌មាន​របស់​កាត​ ដែល​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​បញ្ជា​រទិញ​ ឬ​ ទូទាត់​តាម​អន​ឡាញ​ ដោយ​មិន​ចាំបាច់​បង្ហាញ​ព័ត៌មាន​គណនី​ ឬ​ព័ត៌មាន​លម្អិត​របស់​កាត​ឡើយ​។​ អ្នក​គ្រាន់តែ​កំណត់​ចំនួន​បញ្ជា​ទិញ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ជា​ការ​ស្រេច​! ​

របៀប​បង្កើត​កាត​និម្មិត​តាម​កម្មវិធី​ ABA​ Mobile

  1. ​បើក​កម្មវិធី​ ABA​ Mobile​ និង​ចុច​ប៊ូ​តុង​ កាត​
  2. ចុច​ប៊ូ​តុង​ កាត​ថ្មី​ និង​ជ្រើសរើស​ កាត​និម្មិត​​​​
  3. ជ្រើសរើស​កាត​ Visa,​​ Mastercard​ ឬ UnionPay និង​គណនី​ប្រាក់​ដុល្លារ​​ ដើម្បី​ភ្ជាប់​កាត​និម្មិត​
  4. បញ្ចូល​អាសយដ្ឋាន​អ៊ីមែល​ និង​កំណត់​ចំនួន​ទឹកប្រាក់​សម្រាប់​ការ​ទិញ​ប្រចាំ​ថ្ងៃ​របស់​កាត​នេះ​
  5. យល់ព្រម​នឹង​ខ​ និង​លក្ខខណ្ឌ​ រួច​ចុច​លើ​ប៊ូ​តុង​ បើក​ឥឡូវ​

លក្ខខណ្ឌ និងថ្លៃសេវា

លក្ខខណ្ឌ​អាច​បើក​កាត​សម្រាប់​អ្នក​ប្រើ​កម្មវិធី​ ABA​ Mobile
​រូបិយប័ណ្ណ​ដុល្លារ​1
ប្រភេទ​កាតMastercard,​ Visa​ ឬ​ UnionPay​
ចំនួន​កាត​ដែល​អាច​ប្រើ​បានអ្នកប្រើ ABA Mobile ម្នាក់អាចបើកបានសរុប 5 កាត (គិតរួមបញ្ចូលគ្នារវា Mastercard, Visa និង UnionPay)
រយៈពេល​ប្រើប្រាស់​2​ ឆ្នាំ​
ថ្លៃបើកកាតការបើកកាតនឹងគិតថ្លៃ 3 ដុល្លារ សម្រាប់កាតទី 4 និងទី5 ប្រសិនបើ អ្នកប្រើប្រាស់ ឬអតិថិជន មានកាតកំពុងដំណើរការ លើសពី 3 កាតក្នុងពេលតែមួយ។
ចំនួន​កំណត់​នៃ​កាត​ទិញ​ប្រចាំ​ថ្ងៃ​2រហូត​ដល់​ 5,000​ ដុល្លារ​ ក្នុង​មួយ​កាត​
ចំនួន​ដែល​អាច​ទិញ​បាន​ប្រចាំ​ថ្ងៃ​2បាន​រហូត​ដល់​ 30​ ប្រតិបត្តិការ​

*​ខ​ និង​លក្ខខណ្ឌ​ទាំងអស់​ អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​ទាំងស្រុង​របស់​ធនាគារ​ ABA​ ក្នុង​ការ​ផ្លាស់​ប្ដូរ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ដល់​អតិថិជន​ឡើយ​។

1​ កាត​និម្មិត​អាច​បើក​បាន​ជាមួយ​គណនី​ដុល្លារ​ប៉ុណ្ណោះ​។​
2​ អ្នក​អាច​កំណត់​ និង​ប្ដូរ​ចំនួន​កំណត់​នៃ​កាត​ទិញ​ប្រចាំ​ថ្ងៃ​ និង​ចំនួន​ដែល​អាច​ទិញ​បាន​ប្រចាំ​ថ្ងៃ​ បាន​គ្រប់ពេល​។​ អ្នក​អាច​បង្កក​ និង​លែង​បង្ក​កកាត​និម្មិត​ តាម​តម្រូវការ​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ បាន​ផង​ដែរ​។​

រាល់​កម្រៃ​ និង​ថ្លៃ​សេវា​ទាំងអស់​ដែល​ទូទាត់​រួច​ មិន​អាច​ប្រគល់​ត្រលប់​ទៅ​វិញ​បាន​ទេ​។​ ធនាគារ​ ABA​ នឹង​ជូនដំណឹង​អំពី​ការ​ផ្លាស់​ប្ដូរ​នានា​ដល់​អ្នក​ តាម​រយៈ​បណ្ដាញ​ជូនដំណឹង​ និង​ទំនាក់ទំនង​របស់​ ABA​ ដូច​ជា​កម្មវិធី​ ABA​ Mobile​ ឬ​ iBanking​។​ល​។​

របៀបដោនឡូត ABA Mobile?

សូមចុចរូបភាព​ខាងក្រោម​ ដើម្បី​ទាញ​យក​កម្មវិធី​ ABA​ Mobile​ ពី​ App​ store​ របស់​ Apple​ Play​ Store​ របស់​ Google​ ឬ Huawei AppGallery ។​ បន្ទាប់​ពី​ទាញ​យក​រួច​ហើយ​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ការ​ស្រេច​!​

    

ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនដែលជួយការពារអ្នក រាល់ពេលធ្វើការទូទាត់តាមអុីនធឺណិត៖

  • ត្រូវប្រាកដដោយខ្លួនអ្នកថា អ្នកបានស្គាល់អ្នកជួញដូរតាមអុីនធឺណិត ហើយបានដឹងពីកេរ្តិ៍ឈ្មោះរបស់គេថាល្អត្រឹមត្រូវ មុនពេលបើកបង្ហាញព័ត៌មានលម្អិតនៃកាតរបស់អ្នក។ ដើម្បីការពារប្រាក់របស់អ្នក យើងសូមណែនាំឲ្យអ្នកទិញតែទំនិញពីហាងល្បីៗមានប្រភព និងពីពាណិជ្ជករដែលគួរទុកចិត្តបានប៉ុណ្ណោះ។
  • មុនពេលដែលបញ្ចូលព័ត៌មានលម្អិត អំពីកាតរបស់អ្នកនៅលើអុីនធឺណិត អ្នកត្រូវប្រាកដថាអាសយដ្ឋានគេហទំព័រចាប់ផ្តើមដោយ (https://) មានន័យថារាល់ព័ត៌មានដែលបានបញ្ចូលត្រូវបានការពារដោយលេខកូដបិទ និង មិនអាចថតទុកដោយជនខិលខូច។
  • សូមកុំធ្វើការឆ្លើយតបទៅអុីមែលណាដែលសុំឲ្យអ្នកបញ្ជាក់ព័ត៌មានកាតរបស់អ្នក ឬឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ដែលអ្នកបានចុះឈ្មោះប្រើសេវាណាមួយតាមអនឡាញ។
  • យើងសូមណែនាំឲ្យអ្នកទិញទំនិញនៅតាមហាងណា ដែលគេហទំព័ររបស់ហាងមានស្លាកសញ្ញា “Secure Code និង “3D-Secure ដែលចេញដោយ Mastercard។ ទាំងនេះជាប្រព័ន្ធទំនើបចុងក្រោយបំផុតដែលជួយការពារសុវត្ថិភាព រាល់ពេលផ្ទេរទិន្នន័យ និងទូទាត់នៅតាមអុីនធឺណិត។  

សូមចងចាំថា ធនាគារ ABA មិនដែល ហើយនឹងមិនធ្វើការស្នើសុំ លេខ និង ព័ត៌មានពេញលេញអំពីកាត ឬលេខកូដសម្ងាត់របស់អ្នកឡើយ។

​លក្ខខណ្ឌ​ទាំងនេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​កាត​និម្មិត​ Visa និង​ Mastercard របស់​ ABA​ (“​កាត​និម្មិត​”)​ ដែល​នឹង​បាន​ចេញ​ជូន​លោក​អ្នក​ដោយ​ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (“ABA”)​ តាម​ការ​ស្នើ​សុំ​របស់​លោក​អ្នក​។​ ការ​ទទួលយក​ និង​/​ឬ​ ប្រើប្រាស់​កាត​និម្មិត​នេះ​ មាន​ន័យ​ថា​លោក​អ្នក​ ទទួល​យល់ព្រម​តាម​លក្ខខណ្ឌ​ដែល​មាននៅ​ក្នុង​ឯកសារ​នេះ​ និង​ ​លក្ខខណ្ឌ​ស្ដី​ពី​ការ​ប្រើប្រាស់​កាត​ឥណ​ពន្ធ​ ABA​ ដូច​បាន​កំណត់​នៅ​ក្នុង​លីង​នេះ

​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ឯកសារ​នេះ​ មិន​តំណាង​ឲ្យ​​លក្ខខណ្ឌ​ទាំងអស់​ នៃ​ផលិតផល​ និង​សេវា​ធនាគារ​ដែល​បាន​ផ្ដល់​ជូន​នោះ​ឡើយ​។​ ប៉ុន្តែ​លក្ខខណ្ឌ​បន្ថែម​អាច​នឹង​អនុវត្ត​ដោយ​ច្បាប់​ ព្រមទាំង​​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួន​។​ លោក​អ្នក​ ត្រូវ​អាន​ឯកសារ​នេះ​ អម​ជាមួយ​ ​លក្ខខណ្ឌ​ទូទៅ​ ដែល​មាន​វិសាលភាព​លើ​ការ​ប្រើប្រាស់​គណនី​ និង​អត្ថប្រយោជន៍​ដូច​មាន​កំណត់​ក្នុង​គេហទំព័រ​នេះ

​1.​ និយម​ន័យ​

  • “​កាត​និម្មិត​”​ សំដៅលើ​ កាត​និម្មិត​ ម៉ា​ស្ទ័​រកា​ត​ ឬ​ វី​សា​កាត​ ដែល​បើក​ជូន​លោក​អ្នក​ដោយ​ធនាគារ​ ABA​ យោង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​ និង​លក្ខខណ្ឌ​ត្រឹមត្រូវ​ សម​ស្រប​តាម​តម្រូវការ​កំណត់​របស់​ ABA​ ដើម្បី​ផ្ដល់​ជូន​សេវា​នេះ​។​
  • “​គណនី​”​ មាន​ន័យ​ថា​គណនី​ធនាគារ​ ដែល​អាច​ជា​គណនី​សន្សំ​ គណនី​ចរន្ត​ ឬ​ គណនី​ច​ន្ត​រ​ Plus​ ដែល​អ្នក​ប្រើ​ជា​គណនី​បង្គោល​សម្រាប់​កាត​និម្មិត​របស់​អ្នក​ និង​ជា​គណនី​ត្រួតពិនិត្យ​លើ​ប្រតិបត្តិការ​របស់​អ្នក​។​
  • “​អ្នក​”​ និង​ “​របស់​អ្នក​”​ សំដៅលើ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​ទទួល​បាន​កាត​និម្មិត​ ហើយ​ជា​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​កាត​និម្មិត​ដូច​មាន​ចែង​ក្នុង​ឯកសារ​នេះ​។​
  • “​យើង​”​ និង​ “​របស់​យើង​”​ សំដៅលើ​ធនាគារ​ ABA,​ អ្នក​ស្នង​,​ អ្នក​ទទួល​ចែកចាយ​,​ ឬ​អ្នក​ដែល​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទទួលខុសត្រូវ​។​

2.​ កាត​និម្មិត​របស់​អ្នក​

កាត​និម្មិត​ គឺជា​ប្រភេទ​កាត​ដាក់​ប្រាក់​មុន​ ហើយ​ជា​កាត​ដែល​អាច​បញ្ចូល​ប្រាក់​បន្ថែម​បាន​។​ អ្នក​អាច​កំណត់​សមតុល្យ​នៃ​កាត​និម្មិត​ដែល​ផ្ដល់​ជូន​ដោយ​ ABA​ ។​

3.​ កាត​និម្មិត​ មិនមែន​ជា​កាត​ឥណទាន​ទេ​

កាត​និម្មិត​នេះ​ មិនមែន​ជា​អំណោយ​ ឬ​ ត្រូវ​បាន​ធ្វើ​ជា​អំណោយ​នោះ​ទេ​។​ អ្នក​នឹង​មិន​អាច​ទទួល​បានការ​ប្រាក់​ពី​ប្រាក់​ដែល​មាននៅ​ក្នុង​កាត​នេះ​ឡើយ​។​ ដោយ​សម្រេច​ប្រើប្រាស់​កាត​នេះ​ មាន​ន័យ​ថា​អ្នក​បាន​យល់ព្រម​អនុលោម​ និង​ទូទាត់​ថ្លៃ​សេវា​ និង​កម្រៃ​ផ្សេងៗ​ ដូច​មាន​បញ្ជាក់​ខាងក្រោម​៖​

  • ​មិន​គិតថ្លៃ​ សម្រាប់​ការ​បង្កើត​កាត​និម្មិត​ ។​
  • ​ថ្លៃ​សេវា​ និង​កម្រៃ​ផ្សេងៗ​ ដែល​បាន​ទូទាត់​រួច​នឹង​មិន​ត្រូវ​បាន​ប្រគល់​ត្រលប់​វិញ​ឡើយ​។​
  • ​ថ្លៃ​សេវា​ និង​កម្រៃ​ផ្សេងៗ​ អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​នៅ​ពេល​ក្រោយ​។​ ABA​ នឹង​ផ្ដល់​ព័ត៌មាន​ជុំវិញ​ការ​ផ្លាស់​ប្ដូរ​តម្លៃ​សេវា​ និង​កម្រៃ​ផ្សេងៗ​ដល់​អ្នក​ អំឡុង​ពេល​អ្នកធ្វើការ​ទិញ​ឬ​ទូទាត់​ដោយ​ប្រើ​កាត​និម្មិត​តាម​រយៈ​បណ្ដាញ​របស់​ ABA​ ដូច​ជា​កម្មវិធី​ ABA​ Mobile,​ iBanking​ ។​ល​។​
  • ​អ្នក​យល់ព្រម​បង់ថ្លៃ​ទូទាត់​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ជាមួយ​កាត​និម្មិត​នេះ​។​ អ្នក​បាន​យល់ព្រម​ថា​ យើង​អាច​នឹង​ធ្វើការ​ផ្លាស់​ប្ដូរ​តម្លៃ​ និង​កម្រៃ​ខាងលើ​ជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​ជាមួយ​កាត​និម្មិត​ស្រប​តាម​ឆន្ទានុសិទ្ធិ​របស់​យើង​។​ អ្នក​បាន​យល់ព្រម​ថា​ រាល់​កម្រៃ​ទូទាត់​ណាមួយ​ អាច​នឹង​ត្រូវ​ដក​ចេញពី​គណនី​របស់​អ្នក​។​

4.​ ការ​ប្រើប្រាស់​កាត​និម្មិត

​ប្រសិនបើ​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​ប្រើ​កាត​និម្មិត​របស់​អ្នក​ អ្នក​ត្រូវ​ទទួលខុសត្រូវ​រាល់​ប្រតិបត្តិការ​តាម​រយៈ​កាត​និម្មិត​,​ លេខ​កាត​ ឬ​លេខ​គណនី​,​ ក៏​ដូច​ជា​កម្រៃ​ និង​បន្ទុក​ផ្សេងៗ​ដែល​អាច​កើត​មាន​ក្រោម​ហេតុផល​ទាំងនោះ​។​ អ្នក​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​លើ​ការ​ប្រើប្រាស់​លេខ​កាត​និម្មិត​ ដោយ​យោង​ទៅ​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ឯកសារ​ទាំងនេះ​។​

អ្នក​ត្រូវ​ប្រើ​កាត​និម្មិត​ តាម​ដែល​អាច​ប្រើប្រាស់​បាន​ ដើម្បី​ទិញ​ឬ​ទូទាត់​ថ្លៃ​ទំនិញ​ ឬ​ សេវាកម្ម​ផ្សេងៗ​ដែល​អាច​ប្រើប្រាស់​កាត​នេះ​បាន​ ដរាបណា​មិន​លើស​ចំនួន​សមតុល្យ​ដែល​មាននៅ​ក្នុង​គណនី​ និង​/​ឬ​ចំនួន​កំណត់​ដោយ​កាត​ ឬ​កំណត់​ដោយ​ខ្លួន​អ្នក​ផ្ទាល់​។​ អ្នក​ត្រូវ​ជ្រាប​ថា​ កន្លែង​ផ្ដ​ត់​ផ្គង់​សេវា​និង​ផលិតផល​ខ្លះ​ដូច​ជា​ ក្រុមហ៊ុន​អាកាសចរណ៍​,​ រោង​ភាពយន្ត​,​ ឬ​សណ្ឋាគារ​ អាច​នឹង​តម្រូវ​ឲ្យ​អ្នក​បង្ហាញ​កាត​ជាក់ស្ដែង​ដើម្បី​បញ្ជាក់​ ហើយ​អាច​នឹង​មិន​ទទួល​ការ​ទូទាត់​តាម​រយៈ​កាត​និម្មិត​ឡើយ​។​ ហេតុ​ដូច្នេះ​ អ្នក​ត្រូវ​អាន​ ខ​និង​លក្ខខណ្ឌ​នៃ​អ្នក​ផ្គត់ផ្គង់​សេវា​និង​ផលិតផល​ជា​មុន​សិន​ មុន​ពេល​អ្នកធ្វើការ​ទិញ​ផលិតផល​/​សេវា​នោះ​។​ ABA​ មិន​ទទួលខុសត្រូវ​លើ​ការ​បដិសេធ​មិន​ទទួល​ពី​សំណាក់​អ្នក​ផ្គត់ផ្គង់​សេវា​និង​ផលិតផល​ទាំងនោះ​ឡើយ​។​

អ្នក​ថែម​ទាំង​បាន​យល់ព្រម​ទៀត​ថា​ អ្នក​នឹង​មិន​ប្រើប្រាស់​កាត​និម្មិត​នេះ​ក្នុង​ប្រតិបត្តិការ​ខុសច្បាប់​នានា​ ដូច​ជា​សកម្មភាព​អាសគ្រាម​,​ ល្បែងស៊ីសង​,​ ឬ​សកម្មភាព​ដែល​ធនាគារ​ ABA​ ចាត់​ទុក​ថា​ខុសច្បាប់​ឬ​ មិន​អាច​ទទួលយក​បាន​។​

5.​ ការ​កំណត់​កាត​និម្មិត​

ABA​ អាច​ធ្វើការ​កំណត់​ផ្សេង​គ្នា​ ដើម្បី​ការពារ​ និង​ធានា​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​កាត​និម្មិត​។​ តាម​ឆន្ទានុសិទ្ធិ​របស់​កាត​ ទម្រង់​នៃ​ការ​កំណត់​ខ្លះ​ ផ្ដល់​ជូន​អ្នក​តាម​គោលបំណង​នៃ​ការ​ប្រើប្រាស់​។​ ស្ដង់ដារ​នៃ​ការ​កំណត់​មួយ​ចំនួន​ ត្រូវ​បាន​បង្ហាញ​ក្នុង​បញ្ជី​ ដែល​រួម​បញ្ចូល​ដោយ​មិន​កំណត់​ចំពោះ​,

  • ចំនួន​កាត​និម្មិត​សកម្ម​អតិបរមា​ដែល​អាច​បង្កើត​បាន​គឺ​ 10​ ដែល​អាច​រួម​មាន​ទាំង​ ម៉ា​ស្ទ័​រកា​ត​ និង​/​ឬ​ វី​សា​កាត​ ដោយ​មិន​គិត​ពី​ Channel​ ដែល​បង្កើត​កាត​និម្មិត​។​
  • ការ​ទូទាត់​ដែល​កំណត់​ក្នុង​មួយ​ថ្ងៃ​គឺ​ច​ម្លោះ​ពី​ 1​ដុល្លារ​អា​មេ​រិ​ក​ដល់​ 5,000​ដុល្លារ​អា​មេ​រិ​ក​។​ អ្នក​អាច​កំណត់​ និង​ផ្លាស់​ប្ដូរ​ចំនួន​កំណត់​នៃ​ការ​ទិញ​បាន​គ្រប់ពេលវេលា​ក្នុង​ចន្លោះ​ដូច​ចំនួន​ខាងលើ​។​
  • អ្នក​អាច​បង្កក​ និង​បិទ​ដំណើរការ​នៃ​កាត​នេះ​បាន​គ្រប់ពេល​ដែល​អ្នក​ត្រូវការ​។​
  • ​កាត​នីមួយៗ​ នឹង​មាន​សុពលភាព​ក្នុង​ការ​ប្រើប្រាស់​រយៈពេល​ 2​ឆ្នាំ​។​

6.​ ការ​កាត់​ទុក​

​អ្នក​មិន​មាន​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ការ​ទូទាត់​លើ​រាល់​ប្រតិបត្តិការ​ណាមួយ​ដែល​ធ្វើ​ឡើង​តាម​រយៈ​កាត​និម្មិត​ បន្ទាប់​ប្រតិបត្តិការ​នោះ​ ត្រូវ​បាន​យល់ព្រម​។​ នៅ​ពេល​អ្នក​ប្រើ​កាត​និម្មិត​របស់​អ្នក​ដើម្បី​ទិញ​ទំនិញ​ ឬ​សេវាកម្ម​ យើង​នឹង​ដកហូត​ចំនួន​ទឹកប្រាក់​ក្នុង​គណនី​របស់​អ្នក​ដើម្បី​ធ្វើការ​ទូទាត់​។​ ប្រាក់​ដែល​ដកហូត​ នឹង​មិនមែន​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​គោលបំណង​ណាមួយ​ឡើយ​ រហូត​ដល់​ប្រតិបត្តិការ​នោះ​ត្រូវ​បាន​ទូទាត់​រួចរាល់​។​ យើង​នឹង​ដក​ប្រាក់​ពី​គណនី​របស់​អ្នក​ណាមួយ​ដែល​អាច​ធ្វើ​បាន​ នៅ​ពេល​មានការ​ស្នើ​សុំ​ទូទាត់​ពី​ធនាគារ​ បើ​ទោះជា​កាត​នោះ​ផុត​សុពលភាព​ក៏​ដោយ​។​

7.​ ការ​បង្វិលប្រាក់​ត្រលប់​ និង​ការ​សង​ប្រាក់​វិញ​

ប្រសិនបើ​អ្នក​ត្រូវ​ទទួល​សំណង​ជា​ទឹកប្រាក់​ត្រលប់​មក​វិញ​ ចំពោះ​ការ​ទិញ​ទំនិញ​ ឬ​សេវា​តាម​រយៈ​កាត​និម្មិត​របស់​អ្នក​ អ្នក​យល់ព្រម​ឲ្យ​បង្វិលប្រាក់​សំណង​នោះ​ចូល​ទៅ​ក្នុង​គណនី​ដែល​ភ្ជាប់​ជាមួយ​កាត​និម្មិត​របស់​អ្នក​។​ អ្នក​នឹង​មិន​អាច​ទទួល​សំណង​នេះ​បាន​ឡើយ​ ប្រសិនបើ​គណនី​របស់​អ្នក​ត្រូវ​បាន​បិទ​។​

8.​ ការ​លុប​កាត​ និង​ការ​បង្ក​កកាត​

​យើង​រក្សា​សិទ្ធិ​ស្រប​តាម​ឆន្ទានុសិទ្ធិ​របស់​យើង​ក្នុង​ការ​កំណត់​ការ​ប្រើប្រាស់​កាត​និម្មិត​របស់​អ្នក​ ដោយ​រួម​បញ្ចូល​ទាំង​ការ​កំណត់​ ឬ​ការ​ហាមឃាត់​លើ​ប្រតិបត្តិការ​មួយ​ចំនួន​។​ យើង​អាច​បដិសេធ​មិន​ចេញ​កាត​ ឬ​លុប​កាត​និម្មិត​របស់​អ្នក​ ដោយ​មាន​ ឬ​មិន​មាន​ជូនដំណឹង​ជា​មុន​។​ អ្នក​បាន​យល់ព្រម​មិន​ប្រើប្រាស់​ ឬ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ប្រើប្រាស់​កាត​ដែល​ផុត​សុពលភាព​,​ ដកហូត​,​ លុប​ចោល​,​ បង្កក​,​ ឬ​កាត​និម្មិត​មិន​ត្រឹមត្រូវ​។​ មិនមែន​គ្រប់​សេវា​ដែល​មាន​បញ្ជាក់​ក្នុង​ឯកសារ​នេះ​ សុទ្ធតែ​មាន​សម្រាប់​គ្រប់​អតិថិជន​ ឬ​គ្រប់​បណ្ដាញ​នោះ​ទេ​។​ យើង​រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​យើង​ក្នុង​ការ​កំណត់​,​ សំ​វិធាន​ នៃ​សេវា​ទាំងនេះ​ដល់​អ្នក​ណា​ម្នាក់​ ឬ​តាម​បណ្ដាញ​ណាមួយ​។​ សេវា​ណាមួយ​ដែល​មាន​ផ្ដល់​ជូន​ក្នុង​ឯកសារ​នេះ​ ត្រូវ​ទុកជា​មោឃៈ​ប្រសិនបើ​មានការ​ហាមឃាត់​។​ យើង​អាច​ដក​ចេញ​ ឬ​ពន្យារពេល​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​យើង​ក្រោម​កិច្ចព្រមព្រៀង​នេះ​ ដោយ​មិន​ប៉ះពាល់​ ឬ​បាត់បង់​សិទ្ធិ​ទាំងនោះ​ឡើយ​។​

9.​ កម្រៃ​សម្រាប់​ប្រតិបត្តិការ​អន្តរជាតិ​

​ប្រសិនបើ​អ្នក​ធ្វើ​ប្រតិបត្តិការ​ក្នុង​រូបិយប័ណ្ណ​ ឬ​ប្រទេស​ផ្សេង​ ក្រៅពី​រូបិយប័ណ្ណ​ឬ​ប្រទេស​ដែល​អ្នក​បាន​បើក​កាត​នេះ​ នោះ​ចំនួន​ប្រាក់​ដែល​ដក​ចេញ​ និង​ត្រូវ​ដូរ​ដោយ​ Payment​ Schemes​ (​ដូច​ជា​ វី​សា​,​ ម៉ា​ស្ទ័​រកា​ត​)​ ទៅ​ជា​ចំនួន​តាម​រូបិយប័ណ្ណ​នៃ​កាត​និម្មិត​របស់​អ្នក​។​ វី​សា​ ឬ​ ម៉ា​ស្ទ័​រកា​ត​ U.S.A.​ Inc​ នឹង​បង្កើត​អត្រា​ប្ដូរ​រូបិយប័ណ្ណ​ជា​ស្រេច​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​នូវ​អត្រា​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ វី​សា​ ឬ​ម៉ា​ស្ទ័​រកា​ត​ U.S.A.Inc​ ពី​បណ្ដា​អត្រា​ដែល​មាននៅ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​ សម្រាប់​កាលបរិច្ឆេទ​ដំណើរការ​ដែល​អាច​អនុវត្ត​បាន​ ដែល​អាច​ខុស​គ្នា​ពី​អត្រា​ដែល​វី​សា​ ឬ​ម៉ា​ស្ទ័​រកា​ត​ U.S.A.​ Inc​ ទទួល​បាន​ ឬ​ អត្រា​កំណត់​របស់​រដ្ឋាភិបាល​សម្រាប់​កាល​បរិ​ច្ចេ​ទ​ដែល​អាច​អនុវត្ត​បាន​។​ ក្នុង​ករណី​នីមួយៗ​ ប្រសិនបើ​អ្នក​ទទួល​បាន​ទឹកប្រាក់​ជា​រូបិយប័ណ្ណ​ ឬ​នៅ​ប្រទេស​ផ្សេង​ ក្រៅពី​រូបិយប័ណ្ណ​ ឬ​ប្រទេស​ដែល​អ្នក​បាន​បើក​កាត​ យើង​នឹង​បង្កើន​អត្រា​ប្ដូរ​រូបិយប័ណ្ណ​លើ​ចំនួន​ប្រតិបត្តិការ​ និង​រក្សា​ចំនួន​នេះ​ជា​ថ្លៃ​សេវាកម្ម​របស់​យើង​។​ ការ​ទូទាត់​នេះ​ គឺ​អាស្រ័យ​លើ​ និង​បន្ថែម​លើ​អត្រា​ប្ដូរ​រូបិយប័ណ្ណ​ ដែល​បង្កើត​ឡើង​ដោយ​ វី​សា​ ឬ​ ម៉ា​ស្ទ័​រកា​ត​ U.S.A.​ Inc​ ។​

10.​ វិក្កយបត្រ​

អ្នក​គួរ​យក​ ឬ​សុំ​វិក្កយបត្រ​រាល់ពេល​អ្នក​ធ្វើ​ប្រតិបត្តិការ​។​ អ្នក​យល់ព្រម​ រក្សា​ទុក​វិក្កយបត្រ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ប្រតិបត្តិការ​របស់​អ្នក​។​ បន្ថែម​លើ​នេះ​ទៀត​ អ្នក​អាច​ផ្ទៀងផ្ទាត់​ប្រតិបត្តិការ​នៅ​ក្នុង​ប្រវត្តិ​ ប្រតិបត្តិការ​ និង​របាយការណ៍​គណនី​ធនាគារ​ ជាមួយ​វិក្កយបត្រ​ដែល​អ្នក​បាន​ទិញ​។​ អ្នក​យល់ព្រម​ផ្ដល់​ដំណឹង​ដល់​យើង​ សម្រាប់​រាល់​ដំណើរ​អាក់ខាន​,​ អ​ប្រក្រតី​ភាព​,​ ភាព​មិន​ស៊ីគ្នា​,​ ការ​ដក​ ឬ​ដក​មិន​ត្រឹមត្រូវ​នូវ​ទឹកប្រាក់​ ឬអ្វី​ផ្សេងៗ​,​ ដំណើរការ​ ឬ​ការ​បង់ប្រាក់​ ដែល​បង្ក​ឡើង​ដោយ​ប្រតិបត្តិការ​ខុសច្បាប់​,​ ការ​បន្លំ​,​ ឬ​ខ្លះ​ភាព​ត្រឹមត្រូវ​,​ ការ​ធ្វេស​ប្រហែល​ ឬ​អំពើ​ណាមួយ​ដោយ​អ្នក​ណា​ម្នាក់​។

​អ្នក​ថែម​ទាំង​យល់ព្រម​ទៀត​ថា​ ប្រសិនបើ​អ្នក​មិន​បាន​ជូនដំណឹង​ដល់​យើង​ជា​លាយលក្ខណ៍អក្សរ​ សម្រាប់​រាល់​ដំណើរ​អាក់ខាន​,​ អ​ប្រក្រតី​ភាព​,​ ភាព​មិន​ស៊ីគ្នា​,​ ការ​ដក​ ឬ​ដក​មិន​ត្រឹមត្រូវ​នូវ​ទឹកប្រាក់​ ឬអ្វី​ផ្សេង​ក្នុង​រយៈពេល​ម្ភៃ​មួយ​ (21)​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​នៃ​ការ​ជូនដំណឹង​ នោះ​គណនី​ឬ​កំណត់​ត្រា​របស់​ធនាគារ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ភស្តុ​តាង​នៃ​ប្រតិបត្តិការ​ និង​សមតុល្យ​ក្នុង​គណនី​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​អ្នក​បាន​ទទួលយក​ យល់ព្រម​លើ​កំណត់​ត្រា​ទាំងអស់​។​

11.​ ការ​ទទួល​បាន​ព័ត៌មាន​សមតុល្យ​ និង​ប្រតិបត្តិការ​សម្រាប់​កាត​និម្មិត​របស់​អ្នក​

អ្នក​គួរ​តាមដាន​លើ​ចំនួន​ទឹកប្រាក់​ដែល​នៅ​សល់​ក្នុង​គណនី​របស់​អ្នក​។​ អ្នក​អាច​នឹង​ទទួល​បាន​ព័ត៌មាន​ឬ​ពិនិត្យ​មើល​ចំនួន​ទឹកប្រាក់​ដែល​នៅ​សល់​ក្នុង​គណនី​របស់​អ្នក​ តាម​កម្មវិធី​ ABA​ Mobile​ ឬ​ បណ្ដាញ​ឌី​ជី​ថ​ល​ណាមួយ​ផ្ដល់​ជូន​ដោយ​ ABA​។​

12.​ ការ​រក្សា​ការ​សម្ងាត់

​យើង​អាច​នឹង​ផ្ដល់​ព័ត៌មាន​នេះ​ទៅ​ភាគី​ទី​បី​ អំពី​កាត​និម្មិត​របស់​អ្នក​ ឬ​ ប្រតិបត្តិការ​ដែល​អ្នក​បាន​ធ្វើ​ឡើង​ដោយ​ប្រើប្រាស់​កាត​និម្មិត​របស់​អ្នក​ ចំពោះ​ករណី​ (1)​ ពេល​មាន​ភាព​ចាំបាច់​សម្រាប់​ការ​បញ្ចប់​ប្រតិបត្តិការ​ (2)​ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​លក្ខខណ្ឌ​របស់​កាត​និម្មិត​សម្រាប់​ភាគី​ទី​បី​ (3)​ ដើម្បី​អនុលោម​តាម​ស្ថាប័ន​រដ្ឋាភិបាល​,​ សាលដីកា​តុលាការ​ ឬ​ តម្រូវការ​ផ្នែក​ច្បាប់​ផ្សេងៗ​ (4)​ អ្នក​ផ្ដល់​ការ​អនុញ្ញាត​ដល់​យើង​ជា​លាយលក្ខណ៍អក្សរ​ (5)​ ចំពោះ​និយោជិត​,​ សវ​នករ​,​ ដៃគូ​ចែកចាយ​,​ អ្នក​ផ្គត់ផ្គង់​សេវា​ ឬ​មេធាវី​តាម​តម្រូវការ​។​

13.​ ការ​ទទួលខុសត្រូវ​របស់​យើង​ចំពោះ​ប្រតិបត្តិការ​មិន​បាន​សម្រេច​

​មិន​មាន​ករណី​ណាមួយ​ដែល​យើង​ទទួលខុសត្រូវ​លើ​ការ​ខូចខាត​ (​រួម​មានការ​បាត់បង់​កម្រៃ​),​ ការ​ខូចខាត​ខ្លាំង​,​ ខូចខាត​ធ្ងន់ធ្ងរ​នោះ​ឡើយ​។​ យើង​នឹង​មិន​ទទួលខុសត្រូវ​ក្នុង​ករណី​ដូច​ជា​ (1)​ មិនមែន​ជា​កំហុស​របស់​យើង​ ដោយសារ​អ្នក​មិន​មាន​សមតុល្យ​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​ប្រតិបត្តិការ​នោះ​ (2)​ អ្នក​ផ្គត់ផ្គង់​ផលិតផល​ ឬ​សេវា​មិន​ទទួលយក​ការ​ទូទាត់​តាម​កាត​និម្មិត​ ឬ​មិន​ព្រម​សង​ប្រាក់​អ្នក​វិញ​ (3)​ ប្រសិនបើ​ម៉ាស៊ីន​ទូទាត់​នោះ​ មិន​ដំណើរការ​ត្រឹមត្រូវ​ឬ​មាន​ភាព​មិន​ប្រក្រតី​ ហើយ​អ្នក​ក៏​បានដឹង​ពី​បញ្ហា​នេះ​មុន​ធ្វើ​ប្រតិបត្តិការ​នេះ​ដែរ​ (4)​ ប្រសិនបើ​កាត​របស់​អ្នក​ត្រូវ​បាន​បិទ​មិន​ឲ្យ​បើក​ប្រើ​បាន​ បន្ទាប់​ពី​អ្នក​បាន​ជូនដំណឹង​ថា​កាត​នោះ​ត្រូវ​បាន​គេ​លួច​ ឬ​បាត់​ (5)​ ប្រសិនបើ​មាន​ប្រាក់​បង្កក​ ឬ​ប្រាក់​នោះ​ត្រូវ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ ឬ​បន្ទុក​កំណត់​ក្នុង​ការ​ប្រើប្រាស់​ផ្សេង​ទៀត​ (6)​ ប្រសិនបើ​យើង​ពិនិត្យ​ឃើញ​ថា​ប្រតិបត្តិការ​របស់​អ្នក​ធ្វើ​ឡើង​ដោយ​ខុសច្បាប់​ (7)​ករណី​ប្រធាន​ស័ក្តិ​កើត​មាន​ឡើង​ដែល​ហួស​ពី​សមត្ថភាព​គ្រប់គ្រង​របស់​យើង​ (​ដូច​ជា​អគ្គិភ័យ​,​ ទឹកជំនន់​,​ កុំព្យូទ័រ​ ឬ​ទំនាក់ទំនង​មិន​ដំណើរការ​)​ ក្នុង​ការ​ការពារ​ឲ្យ​ប្រតិបត្តិការ​បាន​ជោគជ័យ​ ឬ​ (8)​ ករណី​លើកលែង​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ជាមួយ​អ្នក​ក្នុង​កិច្ចព្រមព្រៀង​នេះ​។​

14.​ ក្នុង​ករណី​មាន​បញ្ហា​អាក់​ដំណើរការ​ ឬ​ បញ្ហា​នានា​អំពី​កាត​និម្មិត​ និង​គណនី​ភ្ជាប់​ជាមួយ​

អ្នក​ត្រូវ​ទូរស័ព្ទ​មក​មជ្ឈមណ្ឌល​ប្រឹក្សា​សេវា​អតិថិជន​របស់​យើង​ តាម​រយៈ​លេខ​ (855)​ 23​ 225​ 333​ ឲ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ប្រសិនបើ​អ្នក​ជួប​បញ្ហា​អាក់​ដំណើរការ​ណាមួយ​កើតឡើង​ក្នុង​គណនី​ដែល​ភ្ជាប់​ជាមួយ​កាត​និម្មិត​របស់​អ្នក​។​

15.​ បញ្ហា​បាត់​កាត​ ឬ​កាត​ត្រូវ​គេ​លួច​/​ប្រតិបត្តិការ​ខុសច្បាប់​

​ប្រសិនបើ​អ្នក​ជឿជាក់​ថា​ព័ត៌មាន​កាត​និម្មិត​របស់​អ្នក​ត្រូវ​បាន​គេ​លួច​ហើយ​ សូម​ទូរស័ព្ទ​មក​លេខ​ (+855)​ 23​ 225​ 333​ ឬ​អ្នក​អាច​បិទ​ដំណើរការ​កាត​និម្មិត​របស់​អ្នកជា​បន្ទាន់​តាម​រយៈ​កម្មវិធី​ ABA​ Mobile​។​

16.​ ការ​ទទួលខុសត្រូវ​របស់​អ្នក​ចំពោះ​ប្រតិបត្តិការ​ខុសច្បាប់​

​អ្នក​យល់ព្រម​ប្រើប្រាស់​កាត​និម្មិត​ និង​ លេខសម្ងាត់​ (PIN), OTP(One​ Time​ Passcode),​ ឈ្មោះ​ប្រើ​ (Username),​ពាក្យ​សម្ងាត់​(password)​ និង​កូដ​ណាមួយ​សម្រាប់​ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក​តាម​បណ្ដាញ​ឌី​ជី​ថ​ល​ដោយ​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​បំផុត​នៅ​ពេល​ដែល​អ្នក​ចូល​ប្រើប្រាស់​សេវា​ឌី​ជី​ថ​ល​ ដូច​ជា​កម្មវិធី​ ABA​ Mobile,​ iBanking​ ។​ល​។ សូម​ជូនដំណឹង​មក​ដល់​យើង​ភ្លាម​ ប្រសិនបើ​អ្នក​ជឿជាក់​ថា​កាត​និម្មិត​របស់​អ្នក​ និង​/​ឬ​ OTP​ ត្រូវ​បាន​គេ​លួច​ ឬ​បាត់​។​

ដូច​គ្នា​នេះ​ដែរ​ ប្រសិនបើ​អ្នក​ឃើញ​ថា​ប្រវត្តិ​ប្រតិបត្តិការ​របស់​អ្នក​ មាន​ប្រតិបត្តិការ​ខ្លះ​កើត​មាន​ឡើង​ ដោយ​អ្នក​មិន​បាន​ធ្វើ​ រួម​ជាមួយ​ប្រតិបត្តិការ​ជាមួយ​លេខ​កាត​ ឬ​លេខ​គណនី​របស់​អ្នកផង​ ឬ​អ្នក​ជឿជាក់​ថា​ មាន​ប្រតិបត្តិការ​ខ្លះ​ធ្វើ​ឡើង​ដោយ​មិន​មានការ​អនុញ្ញាត​ពី​អ្នក​ សូម​ជូនដំណឹង​មក​យើង​ជា​បន្ទាន់​ ឬ​បិទ​ដំណើរការ​កាត​របស់​អ្នក​ភ្លាម​តែ​ម្ដង​។​ ​អ្នក​ត្រូវ​ទទួលខុសត្រូវ​រាល់​ប្រតិបត្តិការ​បង្ហាញ​ក្នុង​គណនី​ដែល​ភ្ជាប់​ជាមួយ​កាត​និម្មិត​របស់​អ្នក​។​ ទាំង​អស់នោះ​ជា​ការ​ត្រូវ​ទទួលខុសត្រូវ​របស់​អ្នក​ទាំងស្រុង​ក្នុង​ការ​រក្សា​សេចក្ដី​លម្អិត​អំពី​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​អ្នក​ ដែល​រួម​បញ្ចូល​ដោយ​មិន​កំណត់​លើ​ ឈ្មោះ​ប្រើ​,​ កូដ​ PIN,​ លេខ​កាត​,​ កាល​ផុត​សុពលភាព​,​ OTP​ ។​ល​។​ សូម​ជូនដំណឹង​មក​ដល់​យើង​ភ្លាម​ ប្រសិនបើ​អ្នក​ជឿជាក់​ថា​កាត​និម្មិត​របស់​អ្នក​ និង​/​ឬ​ OTP​ ត្រូវ​បាន​គេ​លួច​ ឬ​បាត់​។​ ដូច​គ្នា​នេះ​ដែរ​ ប្រសិនបើ​អ្នក​ឃើញ​ថា​ប្រវត្តិ​ប្រតិបត្តិការ​របស់​អ្នក​ មាន​ប្រតិបត្តិការ​ខ្លះ​កើត​មាន​ឡើង​ ដោយ​អ្នក​មិន​បាន​ធ្វើ​ រួម​ជាមួយ​ប្រតិបត្តិការ​ជាមួយ​លេខ​កាត​ ឬ​លេខ​គណនី​របស់​អ្នកផង​ ឬ​អ្នក​ជឿជាក់​ថា​ មាន​ប្រតិបត្តិការ​ខ្លះ​ធ្វើ​ឡើង​ដោយ​មិន​មានការ​អនុញ្ញាត​ពី​អ្នក​ សូម​ជូនដំណឹង​មក​យើង​ជា​បន្ទាន់​ ឬ​បិទ​ដំណើរការ​កាត​របស់​អ្នក​ភ្លាម​តែ​ម្ដង​។

​អ្នក​ត្រូវ​ទទួលខុសត្រូវ​រាល់​ប្រតិបត្តិការ​បង្ហាញ​ក្នុង​គណនី​ដែល​ភ្ជាប់​ជាមួយ​កាត​និម្មិត​របស់​អ្នក​។​ ទាំង​អស់នោះ​ជា​ការ​ត្រូវ​ទទួលខុសត្រូវ​របស់​អ្នក​ទាំងស្រុង​ក្នុង​ការ​រក្សា​សេចក្ដី​លម្អិត​អំពី​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​អ្នក​ ដែល​រួម​បញ្ចូល​ដោយ​មិន​កំណត់​លើ​ ឈ្មោះ​ប្រើ​,​ កូដ​ PIN,​ លេខ​កាត​,​ កាល​ផុត​សុពលភាព​,​ OTP​ ។​ល​។​

17.​ ការ​កែសម្រួល​ និង​ការ​លុប​ចោល​

​យើង​អាច​នឹង​ធ្វើការ​កែសម្រួល​ ឬ​ផ្លាស់​ប្ដូរ​ ខ​និង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ​បាន​គ្រប់ពេលវេលា​។​ អ្នក​នឹង​ទទួល​បានការ​ជូនដំណឹង​អំពី​ការ​ផ្លាស់​ប្ដូរ​ដែល​ស្រប​តាម​ច្បាប់​ មុន​ពេល​ការ​ផ្លាស់​ប្ដូរ​នោះ​ចូល​ជា​ធរមាន​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ប្រសិនបើ​ការ​ផ្លាស់​ប្ដូរ​នោះ​ធ្វើ​ឡើង​ដើម្បី​ការពារ​សុវត្ថិភាព​ យើង​នឹង​ធ្វើការ​ផ្លាស់​ប្ដូរ​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​ យើង​អាច​នឹង​លុប​ចោល​ ឬ​បង្ក​កកាត​របស់​អ្នក​ ឬ​កិច្ចព្រមព្រៀង​នេះ​បាន​គ្រប់ពេលវេលា​។​

18.​ មិន​មានការ​ធានា​ចំពោះ​ផលិតផល​ និង​សេវា​

យើង​មិន​ទទួលខុសត្រូវ​លើ​គុណភាព​,​ សុវត្ថិភាព​,​ ភាព​ស្របច្បាប់​ ឬ​ លក្ខណសម្បត្តិ​ផ្សេង​ទៀត​នៃ​ផលិតផល​ ឬ​សេវា​ដែល​អ្នក​បាន​ទិញ​ដោយ​ប្រើប្រាស់​កាត​និម្មិត​របស់​អ្នក​ឡើយ​។​ អ្នក​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ ក្នុង​ការ​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​ជាមួយ​អ្នក​ផ្គត់ផ្គង់​សេវា​និង​ផលិតផល​ ដើម្បី​ធានា​ថា​ អ្នក​ទទួល​បាន​ផលិតផល​និង​សេវា​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទិញ​លក់​ជាមួយ​អ្នកលក់​៕​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader