យើងមានមោទនភាព ដែលត្រូវបានឧទ្ទេសនាមថា ជាធនាគារឆ្នើម នៅកម្ពុជាជាថ្មីម្ដងទៀត

07/Jul/2016

យើងមានមោទនភាព ដែលត្រូវបានឧទ្ទេសនាមថា ជាធនាគារឆ្នើម នៅកម្ពុជាជាថ្មីម្ដងទៀត

ធនាគារ ABA បានទទួលពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2016” ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Euromoney។ ពានរង្វាន់ធនាគារឆ្នើម ដែលបានផ្ដល់ជូនធនាគារ ABA នេះ បានក្លាយជាពានរង្វាន់លើកទីបី បន្តបន្ទាប់គ្នាពីទស្សនាវដ្ដីដ៏ល្បីល្បាញនេះ។

បន្ទាប់ពីការប្រកាសធនាគារជ័យលាភីរួចមក លោក Askhat Azhikhanov ដែលជាប្រធានអគ្គនាយក នៃធនាគារ ABA បានថែ្លងថា “យើងមានកិត្តិយសណាស់ ដែលត្រូវបានឧទ្ទេសនាមថា ជាធនាគារឆ្នើមនៅកម្ពុជា ចំនួនបីលើកជាប់ៗគ្នា ហើយការប្រកាសទទួលស្គាល់នេះ ជាការសបញ្ជាក់អំពីការអភិវឌ្ឍគំរូអាជីវកម្ម ដ៏ត្រឹមត្រូវរបស់យើង។ កាលពីឆ្នាំកន្លងទៅ យើងបានជួយដល់ដល់អាជីវកម្មខ្នាតតូចបំផុត និងសហគ្រាសខ្នាតមធ្យមជាច្រើនពាន់ នៅទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីឥណទានអាជីវកម្មរបស់យើង។ យើងបានពាំនាំមកនូវបច្ចេកវិទ្យា ធនាគារឌីជីថលថ្មី ដាក់ឲ្យប្រើប្រាស់នូវកម្មវិធីចល័តពេញលេញ ដំបូងបំផុតនៅក្នុងប្រទេស និងបានវិនិយោគទឹកប្រាក់ជាច្រើន សម្រាប់ការពង្រីកបណ្ដាញសាខារបស់យើង។ ក្នុងចំណោមលទ្ធផលសម្រេចបាន របស់យើងទាំងនេះ យើងបានខិតខំប្រឹងប្រែង ប្រកបដោយជោគជ័យ ក្នុងការចាប់ដៃគូជាមួយធនាគារជាតិនៃកាណាដា ដែលថ្មីៗនេះបានក្លាយជាភាគទុនិក ធំជាងគេបង្អស់របស់យើង ទើបយើងអាចទទួលបានពានរង្វាន់កិត្តិយសនេះ”។

នៅក្នុងអត្ថបទចុះផ្សាយរបស់ខ្លួន អំពីពានរង្វាន់របស់ធនាគារ ABA នៅក្នុងឆ្នាំនេះ ពិពន្ធនាយកនៃទស្សនាវដ្តី Euromoney លោក Clive Horwood បានមានប្រសាសន៍ថា “ធនាគារដែលមានភាពរឹងមាំបំផុតនៅប្រទេសកម្ពុជា គឺធនាគារ ABA ដែលប្រាក់ចំណេញសុទ្ធបានកើន ឡើងលើសពីពីរដងនៅក្នុងឆ្នាំ2015 ស្របពេលដែលមូលដ្ឋានទ្រព្យសកម្មរបស់ធនាគារនេះ បានកើនឡើងចំនួន60%។ ផលរបរធៀប នឹងទ្រព្យម្ចាស់ចំនួន19.2% គឺជាអត្រាជាប់លំដាប់ខ្ពស់ជាង គេនៅក្នុងតំបន់អាស៊ី។ នៅក្នុងការបោះឆ្នោតសម្ដែងសេចក្តីទុកចិត្ត ធនាគារជាតិនៃកាណាដា បានបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ ABA ពី 30% ទៅ 90% ដែលធ្វើឲ្យធនាគារនេះ ទទួលបានទឹកប្រាក់បន្ថែម ដើម្បីជួយដល់ការពង្រីកសាខា ការផ្ដល់ឥណទានសម្រាប់មីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូច និងមធ្យម ដែលនឹងក្លាយជាកម្លាំង ចលករជំរុញដល់វិស័យឯកជន ដ៏ក្មេងខ្ចីរបស់ប្រទេសកម្ពុជា”

ដូចជាពេលកន្លងមកដែរ កម្មវិធីប្រគល់ពានរង្វាន់ធនាគារឆ្នើម ដល់ធនាគារដែលទទួលជ័យលាភី នៅទូទាំងតំបន់អាស៊ីនឹងត្រូវរៀបចំឡើងនៅសណ្ឋាគារ Island Shangri-La ទីក្រុងហុងកុងនៅថ្ងៃទី14 ខែកក្កដា នៅក្នុងកម្មវិធីលៀងសាយភោជ ពេលល្ងាចសម្រាប់កម្មវិធីប្រគល់ពានរង្វាន់ឧត្តមភាព ប្រចាំឆ្នាំ របស់ទស្សនាវដ្ដី Euromoney។

ពានរង្វាន់លើកចុងក្រោយរបស់ ទស្សនាវដ្ដី Euromoney នេះជាពានរង្វាន់មួយ ក្នុងចំណោមជ័យលាភី ជាច្រើនដែលធនាគារ ABA បានទទួលកាលពីពេលកន្លងទៅនេះ។ ធនាគារ ABA បានឈ្នះពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជា” របស់ទស្សនាវដ្ដី Euromoney នៅក្នុងឆ្នាំ2015 និង 2014 និងត្រូវបានឧទ្ទេសនាមថាជា “ធនាគារឆ្នើមប្រចាំឆ្នាំ 2014” ពីទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ផងដែរ។ ធនាគារ ABA ក៏ទទួលបានពានរង្វាន់កិត្តិយសជា “ធនាគារឆ្នើមនៅកម្ពុជា” ពីទស្សនាវដ្ដី Global Finance នៅក្នុងឆ្នាំ2015 និង 2016 ផងដែរ។ ពានរង្វាន់ទាំងនេះជាការបង្ហាញ អំពីស្ថានភាពរឹងមាំរបស់ធនាគារ ABA នៅលើទីផ្សារ និងបំណងប្រាថ្នារបស់ខ្លួនដើម្បីក្លាយជា ធនាគារដែលផ្ដល់សេវាល្អបំផុត សម្រាប់អតិថិជនទាំងអស់។