​ធនាគារ​ ABA​ មាន​កំណើន​ខ្លាំង​ក្នុង​ឆ្នាំ​ 2023 ដោយ​បន្ត​ជំរុញ​សេដ្ឋកិច្ច​តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​

09/Apr/2024

stellar growth 2023 kh

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា​ ទើបបាន​ចេញផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ 2023​ ដែល​បាន​ធ្វើ​សវន​កម្ម​រួច​។​ យោង​តាម​របាយការណ៍​នេះ​ ABA​ នៅ​តែ​បន្ត​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ ដោយ​ពង្រឹង​ជំហរ​ ជា​គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី​ចម្បង​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​ និង​ជា​ច​លករ​ដ៏​សំខាន់​ ក្នុង​ការ​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

កំណើន​ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ ឆ្លុះ​បញ្ចាំង​អំពី​ទំនុកចិត្ត​
​ប្រាក់​បញ្ញើ​របស់​អតិថិជន​កើនឡើង​ជាង​ឆ្នាំ​មុន​ 25%​ ដែល​សម្រេច​ឈាន​ដល់​ 9.03​ ពាន់​លាន​ដុល្លារ​។​ តួលេខ​នេះ​ បង្ហាញ​ពី​ទំនុកចិត្ត​កាន់តែ​ច្រើន​ឡើង​របស់​អតិថិជន​ ចំពោះ​សេវា​ហិរញ្ញវត្ថុ​របស់​ ABA​ ។​  ផលប​ត្រ​ប្រាក់​កម្ចី​ ដែល​ផ្ដល់​ជូន​ដល់​ចម្រុះ​វិស័យ​ កើនឡើង​ 21%​ សម្រេច​ឈាន​ដល់​ 7.77​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ 2023​។​ កំណើន​នេះ​ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ក្នុង​ការ​គាំទ្រ​អាជីវកម្ម​ និង​ធុរកិច្ច​កម្ពុជា​ ខណៈ​ដែល​តម្រូវការ​ឥណទាន​មានការ​កើន​ឡើងជា​លំដាប់​ នៅ​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដែល​ងើបឡើង​វិញ​ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ជាស​កល​។​

ផលប​ត្រ​ប្រាក់​កម្ចី​ ស្រប​តាម​កំណើន​
ផលប​ត្រ​ប្រាក់​កម្ចី​កើនឡើង​ 21%​ ដោយសារ​ធនាគារ​បាន​ផ្តល់​ប្រាក់​កម្ចី​ចម្បង​ជា​ច្រើន​ ទៅ​ឲ្យ​បណ្ដា​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​ និង​អាជីវកម្ម​ធំៗ​។​ ការ​ផ្តោត​ជា​យុទ្ធសាស្ត្រ​នេះ​ គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​បង្កើន​សហគមន៍​សហគ្រិន​កម្ពុជា​ និង​ជំរុញ​ឧស្សាហកម្ម​សំខាន់ៗ​ ឲ្យ​បន្ដ​រីក​ចម្រើន​ទៅ​មុខ​។​

ការ​បង្កើន​ដើមទុន​ ជំរុញ​ផែនការ​ពង្រីក​វិសាលភាព​
ដើមទុន​ពី​ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ភាគ​ហ៊ុ​និករ​បស់​ ABA​ បាន​កើនឡើង​ពី​ 660​ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​2022​ ដល់​ 1.10​ ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ឆ្នាំ​2023​។​ ការ​បន្ថែម​ដើមទុន​នេះ​ កាន់តែ​ធ្វើ​ឲ្យ​មូលដ្ឋាន​ហិរញ្ញវត្ថុ​របស់​ ABA​ រឹង​មាំ​ និង​ផ្តល់​នូវ​បង្អែក​ដ៏​មាំមួន​ សម្រាប់​ផែនការ​ពង្រីក​វិសាលភាព​នា​ពេល​អនាគត​។​ ការ​វិនិយោគ​ជា​បន្តបន្ទាប់​ពី​ភាគ​ហ៊ុ​និក​ និង​ការ​វិនិយោគ​ដោយ​រក្សា​ទុក​ប្រាក់​ចំណេញ​ទាំងអស់​នៅ​តែ​ក្នុង​ធនាគារ​ បាន​បញ្ជាក់​ពី​ទំនុកចិត្ត​របស់​ភាគ​ហ៊ុ​និក​មក​លើ​ការ​ដឹកនាំ​របស់​ ABA​ និង​សក្ដានុពល​នៃ​ការ​រីក​ចម្រើន​។​ គិត​មក​ទល់​បច្ចុប្បន្ន​ ដើមទុន​សរុប​របស់​ ABA​ បាន​កើន​ដល់​ 1.78​ ពាន់​លាន​ដុល្លារ​ ។

ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​
​ទ្រព្យសកម្ម​សរុប​របស់​ ABA​ បាន​កើនឡើង​ 27%​ ដែល​សម្រេច​ឈាន​ដល់​ 11.48​ ពាន់​លាន​ដុល្លារ​ ត្រឹម​ដំណាច់ឆ្នាំ​ 2023​។​ សាច់ប្រាក់​ងាយស្រួល​ក្នុង​ធនាគារ​កើនឡើង​ 40%​ ក្នុង​ឆ្នាំ​ 2023​ ស្មើនឹង​ទឹកប្រាក់​ដែល​បាន​តំកល់​ទុកជា​មួយ​ NBC​ និង​ធនាគារ​ផ្សេង​ទៀត​។​ នេះ​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​ នៃ​ស្ថានភាព​សន្ទនីយ​ភាព​ (​កា​រប​ម្លែ​ង​ទ្រព្យសកម្ម​ឱ្យទៅ​ជា​សាច់ប្រាក់​)​ របស់​ធនាគារ​ និង​គូសបញ្ជាក់​អំពី​ភាព​ធន់​ទៅ​កាន់ការ​ប្រែប្រួល​របស់​ទីផ្សារ​។

ប្រាក់​ចំណេញ​ឆ្លុះ​បញ្ចាំង​ពី​ការ​គ្រប់គ្រង​ដ៏​ត្រឹមត្រូវ​
​ប្រាក់​ចំណេញ​សុទ្ធ​សម្រាប់​ឆ្នាំ​ 2023​ បាន​កើនឡើង​ដល់​ 276.48​ លាន​ដុល្លារ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​អនុវត្ត​កិច្ច​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដ៏​ត្រឹមត្រូវ​របស់​ ABA​ ។​ កំណើន​នេះ​ ក៏​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​សញ្ញា​នៃ​កិច្ច​គ្រប់គ្រង​ផ្ទៃក្នុង​ និង​ការ​សម្រេច​ចិត្តជា​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ​។​ ធនាគារ​អាច​រក្សា​បាន​នូវ​កំណើន​ប្រាក់​ចំណេញ​ តាម​រយៈ​ការ​ផ្តល់​ឥណទាន​ (​ប្រាក់​កម្ចី​)​ ជា​ច្រើន​របស់​ខ្លួន​ ។​ ABA​ បាន​បង្កើន​ផលប​ត្រ​ប្រាក់​កម្ចី​របស់​ខ្លួន​ចំនួន​ 1.32​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ 2023​ ដែល​នាំ​ឲ្យ​ធនាគារ​ទទួល​ចំណូល​ជា​ច្រើន​ ពី​ការ​ប្រាក់សុទ្ធ​។

ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​វឌ្ឍនភាព​កម្ពុជា​
ការ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ជូន​រដ្ឋ​ចំនួន​ 70.29​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ 2023​ បាន​គូសបញ្ជាក់​អំពី​តម្លាភាព​ និង​ការ​យកចិត្តទុកដាក់​របស់​ ABA​ ចំពោះ​សុខុមាលភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។​ ការ​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​នេះ​ បង្ហាញ​ពី​សមិទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​របស់​ធនាគារ​ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា​។

បណ្តាញ​ទូលំទូលាយ​ធានា​បាន​នូវ​លទ្ធភាព​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​
ជាមួយនឹង​បណ្តាញ​សាខា​ចំនួន​ 95​ និង​ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1,700​ ទូ​ទាំង​ប្រទេស​ ធនាគារ​ ABA​ ធានា​បាន​នូវ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថ​យ៉ាង​ងាយស្រួល​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​។​ ការ​ប្តេជ្ញា​ចិត្ត​នេះ​ ជំរុញ​ឲ្យ​មាន​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​ផ្តល់​លទ្ធភាព​បន្ថែម​ ជូន​ដល់​រូបវន្ដបុគ្គល​ និង​បណ្ដា​អាជីវកម្ម​ ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សេដ្ឋកិច្ចជាតិ​។​ ដោយ​មាន​បណ្តាញ​សាខា​ដ៏​រឹង​មាំ​ និង​បុគ្គលិក​ប្រកបដោយ​វិជ្ជាជីវៈ​ជាង​ 9,500​ នាក់​ ABA​ បន្ត​វិនិយោគ​លើ​ធនធានមនុស្ស​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​ តាម​រយៈ​កម្មវិធី​បណ្តុះបណ្តាល​ និង​ឱកាស​អប់រំ​នានា​ ដើម្បី​ជំរុញ​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​ហិរញ្ញវត្ថុ​ និង​ធនាគារ​។​

សមត្ថភាព​ខ្ពស់​ក្នុង​បង្កើត​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ជូន​អ្នក​ប្រើប្រាស់​ និង​អាជីវកម្ម​
​ក្នុង​នាម​ជា​ស្ថាប័ន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា​ ABA​ បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ ក្នុង​គ្រប់គ្រង​ហិ​វ​ញ្ញ​វត្ថុ​របស់​ខ្លួន​ តាម​រយៈ​អេប​ធនាគារ​ ដែល​ងាយស្រួល​ប្រើ​ និង​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​។​ អ្នក​ប្រើប្រាស់​អាច​ធ្វើ​ប្រតិបត្តិការ​បង់​ និង​ផ្ទេរ​ប្រាក់​,​ បង់ពន្ធ​ និង​វិ​ក័យ​ប​ត្រ​,​ ព្រមទាំង​អាច​រៀបចំ​ផ្ទាំង​វិចិត្រ​ និង​ប្តូរ​ម៉ូ​ដ​រចនា​របស់​អេប​ ទៅ​តាម​ចំណង់​ចំណូលចិត្ត​ខ្លួន​ បាន​យ៉ាង​ងាយស្រួល​។​ ការ​ប្ដេជ្ញា​ចិត្ត​លើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្មនេះ​ ក៏​បាន​ជួយ​ពង្រឹង​ដល់​សេវា​ធនាគារ​សម្រាប់​អាជីវកម្ម​ផង​ដែរ​ ដោយ​បាន​ជួយ​ឲ្យ​អាជីវកម្ម​ទាំងអស់​ អាច​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ តាម​រយៈ​ការ​គ្រប់គ្រង​លុយកាក់​តាម​បែប​ឌី​ជី​ថ​ល​។​ លើស​ពី​នេះ​ ABA​ ក៏​ឈានមុខ​គេ​ផង​ដែរ​ ក្នុង​ការ​លើកកម្ពស់​ការ​ទូទាត់​ជា​ប្រាក់​រៀល​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​គ្រប់​សេវាកម្ម​ឌី​ជី​ថ​ល​របស់​ខ្លួន​ទាំងអស់​។​ នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​លើក​ស្ទួយ​រូបិយ​បណ្ណ​ជាតិខ្មែរ​។​ អតិថិជន​ ABA​ អាច​បើក​គណនី​សន្សំ​ និង​ដាក់​ប្រាក់​បាន​យ៉ាង​ងាយស្រួល​ ព្រមទាំង​អាច​ដាក់​ ឬ​ដក​ប្រាក់​ជា​លុយ​រៀល​ នៅ​តាម​ម៉ាស៊ីន​ស្វ័​យ​សេវា​ 24​ ម៉ោង​ លើ​ 24​ ម៉ោង​។​

​ដៃគូ​សំខាន់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​
លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​ល្អ​ និង​ការ​ផ្តោត​លើ​កំណើន​របស់​ធនាគារ​ ABA​ បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​ ជា​ដៃគូ​ដ៏​សំខាន់​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដែល​កំពុង​រីក​ចម្រើន​ទៅ​មុខ​របស់​កម្ពុជា​។​ ធនាគារ​នឹង​បន្ដ​គាំទ្រ​ដល់​អាជីវកម្ម​ និង​រូបវន្ដបុគ្គល​ តាម​រយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ ប្រកបដោយ​នវានុវត្តន៍​ ដោយ​ផ្តោត​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​ជូន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​វិបុលភាព​ជាតិ​។​

​ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ ABA​ ទទួលយក​ និង​គាំទ្រ​យ៉ាង​សកម្ម​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​បន្ថែម​ទៀត​។​ ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​នេះ​ បាន​រួម​បញ្ចូល​នូវ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ជា​ច្រើន​ ដូច​ជា​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដោយ​ ABA​ គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោលដៅ​យុទ្ធសាស្ត្រ​នេះ​ និង​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ ក្នុង​ការ​រួមចំណែក​ដល់​ការ​សម្រេច​គោលដៅ​របស់​រដ្ឋាភិបាល​៕