ក្រសួងពាណិជ្ជកម្ម​ និង​ធនាគារ​ ABA​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ភាព​ជា​ដៃគូ​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​រវាង​ ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​ (CambodiaTrade)​ និង​ ABA

08/Dec/2021

ABA MoC 1ABA MoC 1
ABA MoC 2ABA MoC 2
ABA MoC 3ABA MoC 3
ABA MoC 4ABA MoC 4
ABA MoC 5ABA MoC 5

អតិថិជន​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​ ឥឡូវនេះ​ អាច​ប្រើប្រាស់​ ABA​ PAY​ ក្នុង​កម្មវិធី​ផ្សារ​អន​ឡាញ​នេះ​បាន​ហើយ​។​

ក្រសួងពាណិជ្ជកម្ម​ និង​ធនាគារ​ ABA​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ លើ​ភាព​ជា​ដៃគូ​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​ និង​ការ​ចែករំលែក​ចំណេះដឹង​។​

​នៅ​ក្រោម​អនុស្សរណៈ​នេះ​ ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​របស់​ក្រសួងពាណិជ្ជកម្ម​ នឹង​ត្រូវ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផេ​វេ​ (PayWay)​ ដែល​ជា​កម្មវិធី​ទូទាត់​អន​ឡាញ​របស់​ធនាគារ​ ABA​ ដើម្បី​ជួយ​សម្រួល​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​ ដើម្បី​អាច​នាំ​យក​អាជីវកម្ម​របស់​ពួក​គេ​ទៅ​កាន់​ផ្សារ​អន​ឡាញ​បាន​ និង​ទទួល​ការ​ទូទាត់​យ៉ាង​ងាយស្រួល​ និង​ប្រកបដោយ​សុវត្ថិភាព​ ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​នោះ​ទេ​។​ អនុស្សរណៈ​នេះ​ ក៏​គូសបញ្ជាក់​ផង​ដែរ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ចែករំលែក​ចំណេះដឹង​ និង​ការ​បណ្ដុះបណ្ដាល​សម្រាប់​ SMEs​ ដែល​បាន​ចុះ​ឈ្មោះ​ជាមួយ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​។​

អនុស្សរណៈ​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​នា​ព្រឹក​នេះ​ នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​ ក្រោម​អធិបតីភាព​របស់​ លោក​ជំទាវ​ តឹក​រ៉េ​ត​ កំរង​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​។​

លោក​ជំទាវ​ តឹក​រ៉េ​ត​ កំរង​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ បាន​មាន​ប្រសាសន៍​ថា​៖​ "​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​ ជា​ពិសេស​ ធនាគារ​ ABA​ ដើម្បី​បង្កើន​ឱកាស​សេដ្ឋកិច្ច​ជូន​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ តាម​រយៈ​ការ​ដាក់​លក់​ផលិតផល​សម្រាប់​អតិថិជន​ និង​ដៃគូ​អាជីវកម្ម​ជាមួយ​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ដែល​មាន​ទំនុកចិត្ត​ខ្ពស់​"​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​  បាន​មាន​ប្រសាសន៍​ថា​៖​ “​ភាព​ជា​ដៃគូ​នេះ​ អនុញ្ញាត​ឲ្យ​យើង​ផ្ដល់​ជូន​សហគ្រាស​ធុន​តូច​ និង​មធ្យម​នូវ​ឱកាស​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ និង​ទំនាក់ទំនង​អតិថិជន​របស់​ពួក​គេ​នៅ​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ជាមួយ​ការ​ទទួល​ការ​ទូទាត់​ពី​អតិថិជន​បាន​យ៉ាង​ងាយស្រួល​ និង​សុវត្ថិភាព​តាម​រយៈ​ ABA​ PAY​។​ ធនាគារ​ ABA​ នឹង​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ ក្នុង​ការ​ពង្រីក​ចំណេះដឹង​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ ដល់​អាជីវករ​របស់​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ និង​សកម្មភាព​កសាង​សមត្ថភាព​នានា​។​ យើង​ជឿជាក់​ថា​ កា​រត​ភ្ជាប់​ប្រព័ន្ធ​ទាំង​ពីរ​នេះ​ នឹង​ជួយ​ដល់​សហគ្រិន​ក្នុងស្រុក​ ក្នុង​ការ​ពង្រីក​ការ​លក់​ និង​ប្រាក់​ចំណូល​របស់​ខ្លួន​តាម​រយៈ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ខណៈ​ដែល​សកម្មភាព​នេះ​ នឹង​ជំរុញ​ដល់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ និង​វឌ្ឍនភាព​ឌី​ជី​ថ​ល​បន្ថែម​ទៀត​របស់​ប្រទេស​"​។​

ក្រសួងពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​ទទួល​ការ​ចុះ​ឈ្មោះ​ជា​មុន​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា​ ឆ្នាំ2021​ ដោយ​ផ្ដល់​នូវ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដ៏​ពេញលេញ​ ដែល​អនុញ្ញាត​ឲ្យ​មានការ​ពង្រីក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្រៅប្រទេស​ ដែល​នាំ​ឲ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ អាច​ចូល​ទៅ​កាន់​សេដ្ឋកិច្ច​ឌី​ជី​ថលស​កល​ដែល​កំពុង​រីក​ចម្រើន​។​ គិត​មក​ត្រឹម​ខែធ្នូ​ ឆ្នាំ2021​ នេះ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ចំនួន​ 75​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​លក់​ផលិតផល​សរុប​ ប្រមាណ​ជា​ 450​ ផលិតផល​នៅ​លើ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ​។​

ផ្សារ​អេ​ឡិច​ត្រូ​និក​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ​ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​របស់​គម្រោង​ Go4eCAM​ ដែល​ទទួល​បានការ​គាំទ្រ​ ហិរញ្ញប្បទាន​ពី​កម្មវិធី​ពង្រឹង​ក្រប​ខណ្ឌ​សមាហរណកម្ម​ពាណិជ្ជកម្ម​ (EIF)​។​ ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ និង​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ ដែល​មាន​គោលបំណង​បង្កើន​ឱកាស​សេដ្ឋកិច្ច​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ដើម្បី​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។​

PayWay​ របស់​ធនាគារ​ ABA​ គឺជា​កម្មវិធី​ទូទាត់​ប្រាក់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ដែល​បាន​ឈ្នះ​ពានរង្វាន់​ ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ប្រមូល​ការ​ទូទាត់​ និង​គ្រប់គ្រង​ការ​ទូទាត់​ដែល​ធ្វើ​តាម​រយៈ​កាត​ Visa,​ Mastercard,​ UPI​ និង​ ABA​ PAY​។​ PayWay​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អាជីវកម្ម​ក្នុងស្រុក​ ដែល ​PayWay​ គឺជា​កម្មវិធី​ទូទាត់​ងាយស្រួល​ត​ភ្ជាប់​ មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើប្រាស់​ ដែល​ជួយ​ដល់​សហគ្រាស​នានា​ក្នុង​ការ​លក់​ផលិតផល​ និង​សេវាកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ឬ​នៅ​តាម​ហាង​ និង​ទូទាត់​ប្រាក់​ពី​អតិថិជន​បាន​ភ្លាមៗ​។​