ABA​ ចូលរួម​ផ្ដល់​ជូន​អ្នក​អប់រំ​ និង​សហគ្រិន​វ័យក្មេង​នូវ​ជំនាញ​ចាំបាច់​សំខាន់ៗ​ ដោយ​ឧបត្ថម្ភ​កម្មវិធី​ UniPreneur​ របស់​សហគ្រិន​ខ្មែរ​

30/Jan/2024

ABA UniPreneurCamp KHABA UniPreneurCamp KH
ABA UniPreneurCamp KH-1ABA UniPreneurCamp KH-1
ABA UniPreneurCamp KH-2ABA UniPreneurCamp KH-2
ABA UniPreneurCamp KH-3ABA UniPreneurCamp KH-3
ABA UniPreneurCamp KH-4ABA UniPreneurCamp KH-4

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​របស់​កម្ពុជា​ មាន​មោទនភាព​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ UniPreneur​ ដែល​ជា​គំនិត​ផ្តួចផ្តើម​គ្រប់​ជ្រុងជ្រោយ​ រៀបចំ​ឡើង​ដោយ​សហគ្រិន​ខ្មែរ​ (KE)​ ដើម្បី​បណ្តុះ​សហគ្រិន​វ័យក្មេង​ជំនាន់​ថ្មី​នៅ​កម្ពុជា​។​ កម្មវិធី​នេះ​ ជំរុញ​ផ្នត់គំនិត​បែប​សហគ្រិន​ និង​ផ្តល់​ជូន​អ្នកចូលរួម​ទាំងអស់​នូវ​ជំនាញ​ និង​ចំណេះដឹង​ចាំបាច់​ ដើម្បី​ប្រែក្លាយ​គំនិត​អាជីវកម្ម​របស់​ពួក​គេ​ ឲ្យ​ក្លាយជា​ការ​ពិត​ និង​ទទួល​បាន​ជោគជ័យ​។

​នៅ​ថ្ងៃ​ទី​ 23-25​ ខែមករា​ សហគ្រិន​ខ្មែរ​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្រាប់​ UniPreneurCamp​ B3​ ដែល​ជា​កម្មវិធី​ប្រកួតប្រជែង​គំនិត​ធុរកិច្ច​ថ្មី​រយៈពេល​បី​ថ្ងៃ​ ដោយ​បង្ហាញ​ពី​ស្មារតី​សហគ្រិនភាព​របស់​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ​ (KIT)​។​ កម្មវិធី​នេះ​ ត្រូវ​បាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ដំណើរ​សហគ្រិនភាព​របស់​ពួក​គេ​។​ ​

និស្សិត​ចំនួន​ 10​ ក្រុម​ បាន​ធ្វើការ​បង្ហាញ​គំនិត​អាជីវកម្ម​របស់​ខ្លួន​ ប្រកបដោយ​នវានុវត្តន៍​ ជូន​គណៈកម្មការ​ ដោយ​ប្រកួតប្រជែង​ដើម្បី​បានការ​ទទួលស្គាល់​ និង​ការ​គាំទ្រ​សម្រាប់​ការ​បណ្តាក់ទុន​សម្រាប់​គំនិត​របស់​ពួក​គេ​។​ ​

ក្នុង​នាម​ជា​ធនាគារ​ដែល​គាំទ្រ​យ៉ាង​យកចិត្តទុកដាក់​ ចំពោះ​ប្រព័ន្ធ​អេកូ​ស៊ី​ស្ទែ​ម​សហគ្រិន​នៅ​កម្ពុជា​ ធនាគារ​ ABA​ បាន​សហការ​ជាមួយ​សហគ្រិន​ខ្មែរ​ ដើម្បី​ប្រាកដ​ថា​កម្មវិធី​ UniPreneur​ ដំណើរការ​ទៅ​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​។​ ការ​ចូលរួម​ឧបត្ថម្ភ​របស់​ធនាគារ​កម្រិត​ Gold​ Sponsor​ បាន​ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​រៀបចំ​ផ្តល់​នូវ​វេទិកា​សមរម្យ​មួយ​ជូន​ដល់​សិស្សានុសិស្ស​ ក្នុង​ការ​បង្ហាញ​ទេព​កោសល្យ​របស់​ពួក​គេ​ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ រៀមច្បង​ (mentor)​ សម្រាប់​ការ​ណែនាំ​ និង​បណ្ដុះបណ្ដាល​ ព្រមទាំង​វិនិយោគិន​ផង​ដែរ​។​ ​

លោកស្រី​ ធា​ម​ រមណីយ​ នាយិកា​ទំនាក់ទំនង​គូភាគី​ -​ ប្រធាន​គ្រប់គ្រង​តំបន់​របស់​ ABA​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​គន្លឹះ​ថា​ “​នៅ​ធនាគារ​ ABA​ យើង​ជឿជាក់​លើ​ការ​ជំរុញ​ និង​លើកទឹកចិត្ត​អ្នកដឹកនាំ​ធុរកិច្ច​កម្ពុជា​ជំនាន់​ក្រោយ​”​។​ ​លោកស្រី​បាន​បន្ថែម​ថា​ “​តាម​រយៈ​ការ​សហការ​ជាមួយ​សហគ្រិន​ខ្មែរ​ និង​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដូច​ជា​ UniPreneurCamp​ នេះ​ យើង​មាន​គោលបំណង​ដើម្បី​ផ្សារ​ភ្ជាប់​គោល​គំនិត​នៃ​ការ​យល់​ឃើញ​ទៅ​លើ​ផ្នែក​ធុរកិច្ច​ ទៅ​កាន់ការ​បណ្តាក់ទុន​ដ៏​ពិតប្រាកដ​។​ យើង​យល់​ថា​ ការ​គាំទ្រ​ និង​ការ​ណែនាំ​តាំងពី​ចំណុច​ចាប់ផ្ដើម​ដំបូង​ គួប​ផ្សំ​នឹង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ការ​ណែនាំ​ បណ្ដាញ​ទំនាកទំនង​ និង​លទ្ធភាព​ទទួល​បានការ​ប្រឹក្សា​ពី​អ្នកជំនាញ​ គឺជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​ភាព​ជោគជ័យ​របស់​សហគ្រិន​"​។

​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​ UniPreneurCamp​ B3​ នេះ​ មាន​ក្រុម​ចំនួន​ 3​ បាន​ទទួល​ជ័យ​លា​ភី​សម្រាប់​ការ​បង្ហាញ​អំពី​គំនិត​ធុរកិច្ច​ របស់​ពួក​គេ​ ដែល​មាន​ភាព​លេចធ្លោ​ ប្រកបដោយ​នវានុវត្តន៍​។​ ទោះជា​យ៉ាងនេះ​ក្ដី​ អ្នក​ឈ្នះ​ពិតប្រាកដ​នៃ​កម្មវិធី​នេះ​ គឺជា​និស្សិត​ដែល​បាន​ចូលរួម​ទាំងអស់​ ព្រោះ​ពួក​គេ​ហ៊ាន​សុបិន​ធំ​ តស៊ូ​ឆ្លងកាត់​គ្រប់​ឧបសគ្គ​ និង​បង្ហាញ​ពី​សក្តានុពល​សហគ្រិនភាព​របស់​ ខ្លួន​។​ ជាមួយនឹង​ស្មារតី​ឥត​ងាករេ​ ព្រមទាំង​គំនិត​ច្នៃប្រឌិត​ដ៏​លេចធ្លោ​ និស្សិត​ទាំងនេះ​ តំណាង​ឲ្យ​អនាគត​ដ៏​ត្រចះត្រចង់​នៃ​ទិដ្ឋភាព​អាជីវកម្ម​របស់​កម្ពុជា​។​ ​

ធនាគារ​ ABA​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ទំនុកបម្រុង​ សហគ្រិន​វ័យក្មេង​នៅ​គ្រប់​ដំណាក់កាល​នៃ​ដំណើរ​សហគ្រិនភាព​របស់​ពួក​គេ​។​ តាម​រយៈ​កិច្ចសហការ​ជា​បន្តបន្ទាប់​ ជាមួយ​ស្ថាប័ន​ឈានមុខ​គេ​ ដូច​ជា​សហគ្រាស​ខ្មែរ​ និង​គំនិត​ផ្តួចផ្តើម​នានា​ដូច​ជា​ UniPreneurCamp​ B3​ ធនាគារ​នៅ​តែ​បន្ត​វិនិយោគ​សម្រាប់​អនាគត​របស់​យុវជន​កម្ពុជា​ ដែល​ផ្ដោត​លើ​ការ​ជំរុញ​នវានុវត្តន៍​ ភាព​ច្នៃប្រឌិត​ និង​សក្តានុពល​ឥត​ព្រំដែន​។

​UniPreneur​ ផ្តល់​នូវ​វិធីសាស្ត្រ​បី​យ៉ាង​ ក្នុង​ការ​បណ្តុះ​សហគ្រិន​កម្ពុជា​ជំនាន់​ក្រោយ​៖​ UnipreneurCamp​ ពង្រឹងសមត្ថភាព​និស្សិត​ចំនួន​ 120​ នាក់​ ក្នុង​ការ​នាំ​យកគំនិត​របស់​ពួក​គេ​ ដុសខាត់​ ដោយ​មានការ​ណែនាំ​ពី​អ្នកជំនាញ​,​ UnipreneurSprint​ ផ្ដល់​ជូន​ អាជីវកម្ម​បង្កើត​ថ្មី​ចំនួន​ 30​ ជាមួយនឹង​ជំនាញ​ទីផ្សារ​ដ៏​សំខាន់​ ហើយ​ UnipreneurEducator​ ពង្រឹងសមត្ថភាព​ សាស្ត្រាចារ្យ​ចំនួន​ 28​ នាក់​ មក​ពី​សកល​វិទ្យាល័យ​ចំនួន​ 23​ ជាមួយនឹង​ផ្នត់គំនិត​សហគ្រិន​នា​ពេល​អនាគត​។​ កម្មវិធី​គ្រប់​ជ្រុងជ្រោយ​ និង​ទូលំទូលាយ​បែប​នេះ​ ជំរុញ​នវានុវត្តន៍​ និង​រៀបចំ​អ្នកដឹកនាំ​វ័យក្មេង​ក្នុង​ការ​ត្រៀមខ្លួន​កំណត់​អនាគត​របស់​កម្ពុជា​៕