គម្រោង​កែ​លម្អ​សាលារៀន​របស់​ ABA​ ធ្វើ​ឲ្យ​សិស្ស​ក្នុង​ខេត្តតាកែវ​សម្រេច​ក្តី​បំណង​

04/Jan/2024

ABA Sok​ An​ Thnol​ Bombek​ High​ School KHABA Sok​ An​ Thnol​ Bombek​ High​ School KH
ABA Sok​ An​ Thnol​ Bombek​ High​ School KH-2ABA Sok​ An​ Thnol​ Bombek​ High​ School KH-2
ABA Sok​ An​ Thnol​ Bombek​ High​ School KH-3ABA Sok​ An​ Thnol​ Bombek​ High​ School KH-3
ABA Sok​ An​ Thnol​ Bombek​ High​ School KH-4ABA Sok​ An​ Thnol​ Bombek​ High​ School KH-4
ABA Sok​ An​ Thnol​ Bombek​ High​ School KH-5ABA Sok​ An​ Thnol​ Bombek​ High​ School KH-5

វិទ្យាល័យ​ សុខ​ អាន​ ថ្នល់បំបែក​ ស្ថិត​នៅ​ចំ​កណ្តាល​ខេត្តតាកែវ​ ដែល​មាន​សិស្សានុសិស្ស​ជាង​ ១២០០​នាក់​ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​ ៦៦​នាក់​។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ អគារសិក្សា​មួយ​ចំនួន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ដែល​បាន​ផ្ដល់​នូវ​ផលវិបាក​ និង​បញ្ហា​ប្រឈម​សម្រាប់​ការ​សិក្សា​។​ ​

បង្អួច​ និង​ទ្វារ​បាក់បែក​ បាន​ធ្វើ​ឲ្យ​ទឹកភ្លៀង​សាច​ចូល​ថ្នាក់រៀន​ ដែល​បង្អាក់​ដល់​ការ​សិក្សា​ និង​ការ​បង្រៀន​ក្នុង​អំឡុង​រដូវវស្សា​ ជា​ហេតុ​ត្រូវ​បង្ខំចិត្ត​បិទ​ថ្នាក់​មុន​ម៉ោង​កំណត់​ ព្រមទាំង​ធ្វើ​ឲ្យ​សម្ភារ​ផ្សេងៗ​រង​ការ​ខូចខាត​ផង​ដែរ​។​ មិនតែប៉ុណ្ណោះ​ តុ​ កៅអី​ និង​ក្ដារខៀន​ ក៏​មាន​សភាព​បែកបាក់​ ដែល​ជា​បញ្ហា​បន្ថែម​ រារាំង​ដល់​ការ​យកចិត្តទុកដាក់​សិក្សា​របស់​សិស្សានុសិស្ស​។

​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ដ៏​លំបាក​នេះ​ ធនាគារ​ ABA​ បាន​ចូល​រូ​ម​ចំណែក​ និង​បរិច្ចាគ​ទឹកប្រាក់​ចំនួន​ 45,000,000​ រៀល​ ដើម្បី​លើកកម្ពស់​បរិយាកាស​សិក្សា​ដល់​វិទ្យាល័យ​ សុខ​ អាន​ ថ្នល់បំបែក​។​ ការ​ទំនុកបម្រុង​នេះ​ ចូលរួម​ផ្លាស់​ប្ដូរ​រូបរាង​សាលារៀន​ តាម​រយៈ​ការ​កែ​លម្អ​ និង​ជួសជុល​។​ អគារសិក្សា​ចំនួន​ពីរ​ខ្នង​ ដែល​ធ្លាប់តែ​បាក់បែក​ដោយសារ​កត្តា​អាយុកាល​នៃ​សំណង់​អាគារ​ ត្រូវ​បាន​ជួសជុល​កែ​លម្អ​ថ្មី​វិញ​ទាំងស្រុង​។​ ​

ការ​ដំឡើង​បង្អួច​ និង​ទ្វារ​ថ្មី​ បានការ​ពារ​សិស្សានុសិស្ស​ពី​បញ្ហា​ប្រឈម​ខាងលើ​ ព្រមទាំង​បង្កើត​បរិយាកាស​សិក្សា​ដ៏​ល្អ​ប្រសើរ​សម្រាប់​ពួក​គាត់​។​ ក្តារខៀន​ និង​តុ​សិស្ស​ថ្មី​ចំនួន​ 50​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ទីធ្លា​ និង​បរិយាកាស​សិក្សា​កាន់តែ​មាន​ភាព​រស់​រវើក​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​បណ្ដុះ​ទឹកចិត្ត​ និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស​កាន់តែ​ខិតខំ​រៀនសូត្រ​បន្ថែម​ផង​ដែរ​។​ ​

សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ ​

នៅ​ខែធ្នូ​ ឆ្នាំ​2023​ ពិធី​សម្ពោធ​អគារសិក្សា​ថ្មី​បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាល័យ​ ដោយ​មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​របស់​ធនាគារ​ ABA​ នាយក​សាលា​ ព្រមទាំង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។

​ ​មន្ទីរ​អប់រំ​ខេត្ត​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ ABA​ ក្នុង​ការ​រួមចំណែក​យ៉ាង​សំខាន់​ សម្រាប់​គ្រឹះស្ថាន​អប់រំ​។​ វិភាគទាន​ដ៏​មាន​សារ​ប្រយោជន៍​នេះ​ មិន​ត្រឹមតែ​ជួសជុល​កែ​លម្អ​ហេ​ដ្ឋ​រចនា​សម្ពន្ធ​រូប​វន្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​លើកកម្ពស់​ស្មារតី​សិស្សានុសិស្ស​ និង​លោកគ្រូ​អ្នកគ្រូ​ផង​ដែរ​។

​ ​កុមារី​ ឡុ​ច​ ស្រី​និ​ច​ ជា​សិស្ស​វិទ្យាល័យ​ សុខ​ អាន​ ថ្នល់បំបែក​ បាន​សម្ដែង​នូវ​សេចក្តី​ត្រេកអរ​ ចំពោះ​ថ្នាក់រៀន​ដែល​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ ដោយ​បាន​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ ដែល​ធ្លាប់​ជួប​ប្រទះ​កន្លង​មក​។​ ស្រី​និ​ច​ បាន​និយាយ​ថា​ “​ខ្ញុំ​រីករាយ​ណាស់​ ដែល​នៅ​ទីបំផុត​ ខ្ញុំ​បាន​សិក្សា​នៅ​ក្នុង​ថ្នាក់រៀន​ ដែល​មាន​សម្ភារ​ និង​គ្រឿង​បរិក្ខារ​គ្រប់គ្រាន់​ដូច​សាលា​ដទៃ​ទៀត​។​ សូម​អរគុណ​ដល់​ធនាគារ​ ABA​ ចំពោះ​ទឹកចិត្ត​សប្បុរស​នេះ​”​។

​ ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​វឌ្ឍនភាព​សហគមន៍​ ​

លោកស្រី​ លី​ វិទ្យា​ នាយិកា​ធនធានមនុស្ស​របស់​ធនាគារ​ ABA​ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ក្នុង​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ ដល់​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ក្រៅពី​ការ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ ABA​ យល់​ច្បាស់​ពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ ក្នុង​ការ​រួមចំណែក​យ៉ាង​សកម្ម​ ដល់​ភាព​រីក​ចម្រើន​របស់​សហគមន៍​។​ ​

លោកស្រី​មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​កិត្តិយស​ក្រៃ​លែង​ ដែល​បាន​ផ្ដួចផ្ដើម​នូវ​កិច្ចការ​ដ៏​មាន​សារ​ប្រយោជន៍​មួយ​នេះ​ ចំពោះ​សហគមន៍​ដែល​យើងខ្ញុំ​កំពុង​ប្រតិបត្តិ​អាជីវកម្ម​។​ ធនាគារ​ ABA​ យល់​យ៉ាង​ច្បាស់​អំពី​សារសំខាន់​ នៃ​ការ​វិនិយោគ​លើ​វិស័យ​អប់រំ​ ដែល​ជា​ជំហាន​ដ៏​សំខាន់​មួយ​ ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​"​។​ ​

លោកស្រី​បន្ដ​ថា​ “​គំនិត​ផ្តួចផ្តើម​នេះ​មិនមែន​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដាច់​ដោយឡែក​នោះ​ទេ​ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​មាន​និរន្តរភាព​ និង​យូរអង្វែង​។​ បន្ទាប់​ពី​ការ​ឧបត្ថម្ភ​គាំទ្រ​ដ៏​ជោគជ័យ​របស់​យើង​ ចំពោះ​គម្រោង​កែ​លម្អ​សាលារៀន​នៅ​ខេត្តស្វាយរៀង​ កាលពីដើម​ខែសីហា​ ឆ្នាំ​ 2023​ រួច​មក​ វិទ្យាល័យ​ សុខ​ អាន​ ថ្នល់​បែក​ នេះ​ គឺជា​វិទ្យាល័យ​មួយទៀត​ ដែល​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​ ABA​។​ ធនាគារ​យើង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ចំពោះ​កិច្ចការ​ទទួលខុសត្រូវ​សង្គម​ប្រកបដោយ​និរន្តរភាព​ ហើយ​គ្រោង​នឹង​ជួយ​ដល់​សាលារៀន​បន្ថែម​ទៀត​ សំដៅ​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​កម្ពុជា​យើង​ជា​បន្តបន្ទាប់​”​។​ ​

ក្នុង​នាម​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ ABA​ នៅ​តែ​ប្ដេជ្ញា​យ៉ាង​មុតមាំ​ ក្នុង​ការ​លើកកម្ពស់​វឌ្ឍនភាព​របស់​សហគមន៍​មូលដ្ឋាន​ និង​រួមចំណែក​កសាង​អនាគត​ដ៏​ត្រចះត្រចង់​របស់​យុវជន​កម្ពុជា​៕