ធនាគារ ABA ចាប់ដៃគូជាមួយ IME ជំរុញទ្វេរឡើងសេវាកម្ម ផ្ទេរប្រាក់ថ្នាក់តំបន់

07/Oct/2014

ធនាគារ ABA ចាប់ដៃគូជាមួយ IME ជំរុញទ្វេរឡើងសេវាកម្ម ផ្ទេរប្រាក់ថ្នាក់តំបន់

ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេ នៅក្នុងប្រទេសកម្ពុជានិង សេវាផ្ទេរប្រាក់អន្តរជាតិឆាប់រហ័ស (IME) ដែលជាអ្នកផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិពីប្រទេស ម៉ាឡេស៊ី បាន ប្រកាសអំពីភាពជាដៃគូថ្មីរបស់ខ្លួន។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យធនាគារABA  អាចផ្តល់ជូន អតិថិជនខ្លួននូវបណ្តាញបន្ថែម មួយទៀត សម្រាប់ធ្វើការផ្ទេរ និងទទួលប្រាក់នៅក្រៅប្រទេស។ បណ្តាញរបស់ IME មានវិសាលភាពគ្របដណ្តប់លើបណ្តាប្រទេសចំនួន ២៥ និងទីតំាងជាង ១០០.០០០ កន្លែងនៅទូទាំងពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិក អូស្រា្តលី ចិន ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងប្រទេសជាច្រើនទៀត។

លោក Zhiger Atchabarov  ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិនៃធនាគារ ABA បានមានប្រសាសន៍ថា “ធនាគារ ABA តែងតែមានបំណងផ្តល់ជូននូវសេវាកម្មផ្សេងៗជាច្រើន ដើម្បីបំពេញតាមតម្រូវការ និងការរំពឹងទុករបស់អតិថិជន។ យើងជឿជាក់ថាសេវាកម្មផ្ញើប្រាក់របស់ IME ពិតជាអាចប្រកួតប្រជែងជាមួយសេវាកម្មផ្ញើប្រាក់រហ័សដែល កំពុងមានវត្តមានក្នុងទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន ព្រមទាំងចូលទៅបំពេញចន្លោះទីផ្សារជាមួយនឹងអត្រា ដ៏ទាក់ទាញ និងលក្ខណៈបច្ចេកទេសប្រកបដោយគុណតម្លៃបន្ថែមជាច្រើនទៀត”។

លោក Frank Ong ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ IME បានមានប្រសាសន៍ថា “ធនាគារ ABA មានភាពល្បីល្បាញ ផ្នែកអត្តសញ្ញាណសហប្រតិបត្តិការ និង សេវាកម្មប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់ខ្លួន មានគោលជំហររឹងមាំក្នុងការបំពេញតម្រូវការរបស់អតិថិជន IME។ អាស្រ័យហេតុនេះ យើងពិតជាមានបំណង រឹតចំណងកិច្ចសហប្រតិបត្តិការអាជីវកម្មផ្ទេរប្រាក់ជាមួយធនាគារដ៏មានតម្លៃនេះ។ យើងជឿជាក់ថាតាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ធនាគារ ABA និង IME អាចនាំឲ្យប្រតិបត្តិការអាជីវកម្មផ្ទេរប្រាក់ជាមួយ នឹងបណ្តាញរបស់យើងឈានឡើងមួយកម្រិតថែមទៀត”។ លោកបន្ថែមទៀតថា “តាមរយៈមតិត្រឡប់ពីដៃគូរបស់ យើងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន ប៊្រុយណេ មជ្ឈឹមបូព៌ាបានឲ្យដឹងថា តម្រូវការផ្ទេរប្រាក់នៅក្នុង ប្រទេសកម្ពុជា កំពុងត្រូវបានយកចិត្តដាក់យ៉ាងល្អនិងមានសន្ទុះរីកចម្រើន”។ សេវាកម្មផ្ទេរប្រាក់ IME ធានាការផ្ទេរប្រាក់ ប្រកបដោយសុវត្ថិភាព និង ឆាប់រហ័សដោយចំណាយទាបបំផុត។ ការផ្ទេរប្រាក់មានភាពឆាប់រហ័ស ហើយការទូទាត់ និងការទទួលសាច់ប្រាក់ក៏មានលក្ខណៈរួចរាល់ក្នុងពេលតែមួយ ព្រមទាំងពុំមានការគិតថ្លៃសម្រាប់អ្នកមកទទួល ប្រាក់បញ្ញើនេះឡើយ។ ឥឡូវនេះ សេវាកម្មផ្ទេរប្រាក់ IME  អាចរកបាននៅតាមបណ្តាសាខាធនាគារ ABA ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

IME ផ្តល់សេវាផ្ទេរ និង ទទួលប្រាក់ជាលក្ខណៈអន្តរជាតិតាមរយៈបណ្តាញភ្នាក់ងារ និង ធនាគារឆ្លើយឆ្លងរបស់ខ្លួន ទូទាំងពិភពលោកតាមរយៈ៖

  • វិធីផ្ទេរប្រាក់ និងទទួលប្រាក់ដែលគ្មានភាពស្មុគស្មាញ និង សាមញ្ញ។
  • កម្មវិធីផ្នែកទន់នៃសេវាកម្មផ្ទេរប្រាក់ IME ប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតធ្វើឲ្យ ប្រតិបត្តិការ ផ្ទេរប្រាក់ នេះមានភាពឆាប់រហ័ស ប្រកបដោយទំនុកចិត្ត និង សុវត្ថិភាព។
  • បុគ្គលិកបម្រើសេវាទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ និង មានភាពរាក់ទាក់ចំពោះអតិថិជន តែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការស្តាប់ និងជួយដល់អតិថិជនទាំងអស់។

 

អំពីសេវាកម្មផ្ទេរប្រាក់ IME ៖
IME (www.imeremit.com) គឺជាក្រុមហ៊ុនសមាជិកនៃក្រុមហ៊ុនមេ IME Group ដែលមានទីស្នាក់ការអន្តរជាតិនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុននេះ ជាអ្នកផ្តល់សេវាកម្មផ្ទេរប្រាក់មិនមែនធនាគារធំបំផុតក្នុងប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្ន IME មានធនាគារឆ្លើយឆ្លងចំនួន ១៣៦ និងភ្នាក់ងារផ្ទេរប្រាក់ដែលមានកន្លែងផ្តល់សេវាជាង ១០០.០០០ កន្លែងនៅទូទាំងពិភពលោកសម្រាប់អតិថិជនផ្ទេរប្រាក់។
IME បានបង្កើតបណ្តាញសាខាអន្តរជាតិដ៏ធំទូលាយ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ធនាគារឆ្លើយឆ្លង និងភ្នាក់ងារទូទាំងសកលលោកនៅ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី បារេន បង់ក្លាដេស ប៊្រុយណេ ចិន កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ហ្សកដានី គេនយ៉ាគូវ៉ែត ឡាវ លីបង់ មីយ៉ាន់ម៉ា នេប៉ាល់ អូម៉ង ប៉ាគីស្ថាន ហ្វីលីពីន កាតា អារ៉ាប់ប៊ីសាអ៊ូឌីត ថៃ សិង្ហបុរី ស្រីលង្កា សហភាពអារ៉ាប់រួម និងប្រទេសវៀតណាម។