ធនាគារ​ ABA​ ពង្រីក​វត្តមាន​របស់​ខ្លួន​ដោយ​បន្ថែម​សាខា​ថ្មី​នៅ​ក្នុង​ក្រុង​បាត់ដំបង​

18/Dec/2023

ABA Krong Battambang Branch-KHABA Krong Battambang Branch-KH
ABA Krong Battambang Branch KH-2ABA Krong Battambang Branch KH-2
ABA Krong Battambang Branch KH-3ABA Krong Battambang Branch KH-3
ABA Krong Battambang Branch KH-4ABA Krong Battambang Branch KH-4
ABA Krong Battambang Branch KH-5ABA Krong Battambang Branch KH-5

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ មាន​មោទនភាព​សូម​ប្រកាស​អំពី​ការ​បើក​សាខា​បន្ថែម​នៅ​ក្នុង​ក្រុង​បាត់ដំបង​ ដែល​ជា​ទិស​ដៅ​យុទ្ធសាស្ដ្រ​ក្នុង​ការ​ពង្រីក​វិសាលភាព​របស់​ខ្លួន​ និង​បំពេញតម្រូវការ​សម្រាប់​សេវា​ធនាគារ​ប្រកបដោយ​គុណភាព​ខ្ពស់​ដែល​បន្ដ​កើនឡើង​នៅ​ក្នុង​តំបន់​នេះ​។​ សាខា​ថ្មី​នេះ​ នឹង​បំពេញបន្ថែម​សាខា​ ABA​ បាត់ដំបង​ ដែល​មាន​ស្រាប់​ ដែល​បាន​ដំណើរការ​ដោយ​ជោគជ័យ​ និង​បម្រើ​អតិថិជន​តាំងពី​ឆ្នាំ​ 2008​ មក​ម្ល៉េះ​។​ ​

សាខា​ក្រុង​បាត់ដំបង​ថ្មី​ ផ្ដល់​ជូន​ផលិតផល​ និង​សេវាកម្ម​របស់​ ABA​ ពេញលេញ​។​ ឥឡូវ​ អតិថិជន​នៅ​សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ អាច​ប្រើប្រាស់​ផលិតផល​ និង​សេវាកម្ម​នានា​ ដូច​ជា​គណនី​សន្សំ​ និង​គណនី​បញ្ញើ​,​ កម្ចី​អាជីវកម្ម​,​ កាត​ឥណ​ពន្ធ​ និង​ឥណទាន​,​ សេវា​ធនាគារ​អន​ឡាញ​ ដោយ​ទទួល​បានការ​ប្រឹក្សា​ពី​បុគ្គលិក​វិជ្ជាជីវៈ​ ABA​។​ ​

សាខា​ថ្មី​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ ដែល​អាច​ចូល​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​ 24​ ម៉ោង​ លើ​ 24​ ម៉ោង​ សម្រាប់​អតិថិជន​គ្រប់​រូប​ តាម​រយៈ​ម៉ាស៊ីន​ស្វ័​យ​សេវា​ទំនើប​ រួម​មាន​ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ជាដើម​។​ រីឯ​ ម៉ាស៊ីន​បើក​កាត​ ABA​ ដែល​មាននៅ​ផ្នែក​ស្វ័​យ​សេវា​ នៅ​សាខា​ផ្ទាល់​ ក៏​អនុញ្ញាត​ឲ្យ​អតិថិជន​បើក​កាត​ Visa,​ Mastercard,​ UPI​ និង​កាត​ក្នុង​ស្រក​ CSS​ ដោយ​ខ្លួនឯង​ ក្នុង​រយៈពេល​មិន​ដល់​ពីរ​នាទី​ ដោយ​មិន​ចាំបាច់​មានការ​ជួយ​បើក​ជូន​ពី​បុគ្គលិក​សាខា​ផង​ដែរ​។​ ​

លោក​ សុ​ផ​ន​ ច័ន្ទ​ នរិន្ទ​តេជ​ ប្រធាន​សាខា​ ABA​ ក្រុង​បាត់ដំបង​ មាន​ប្រសាសន៍​ថា​ “​ យើងខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​ ដែល​បាន​នាំ​យក​សេវា​ធនាគារ​ជាទី​ទុកចិត្ត​របស់​ ABA​ មក​កាន់​បេះដូង​នៃ​ក្រុង​បាត់ដំបង​។​ សាខា​ថ្មី​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ ក្នុង​ការ​បំពេញតម្រូវការ​ឥត​ឈប់​ឈរ​របស់​អត​ថិ​ជន​សម្រាប់​សេវា​ធនាគារ​ទំនើប​ និង​រួមចំណែក​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ដ៏​រស់​រវើក​របស់​យើង​”​។​ ​

សាខា​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​ 5​ កែង​ផ្លូវ​ 617​ ភូមិ​រំចេក​ 4​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ (​ទីតាំង​ផែនទី​ មាននៅ​ ទី​នេះ​)​ និង​មាន​លេខ​ទំនាក់ទំនង​ 098​ 206​ 548​។​ ​

ជាមួយ​ការ​បន្ថែម​សាខា​ថ្មី​នេះ​ បាន​ធ្វើ​ឲ្យ​ ABA​ បច្ចុប្បន្ន​មាន​ បណ្ដាញ​សាខា​ចំនួន​ 92​ នៅ​ទូ​ទាំង​ប្រទេស​ ព្រម​ជាមួយនឹង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 45​។​