​ធនាគារ​ ABA ​និងធនាគារ​ឯកទេស​វី​ង​ ប្រារព្ធ​ពី​ធី​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់​ និង​ដាក់​ប្រាក់​ចូលគណនី

28/Jan/2020

wing aba partnership 10wing aba partnership 10
wing aba partnership 9wing aba partnership 9
wing aba partnership 18wing aba partnership 18
wing aba partnership 12wing aba partnership 12
wing aba partnership 13wing aba partnership 13

​ធនាគារ​ ABA​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​គេ​នៅ​កម្ពុជា​ ​និងធនាគារ​ឯកទេស​វី​ង​ (​ខេ​ម​បូ​ឌា​)​ លីមីត​ធី​ត​ ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ បាន​ចាប់​ដៃគូ​ជាមួយ​គ្នា​ជា​ផ្លូវការ​ដើម្បី​ផ្តល់​ជូន​នូវ​ការ​ផ្ទេរ​ប្រាក់​ប្រកបដោយ​ភាព​ងាយស្រួល​ និង​មាន​សុវត្ថិភាព​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​ ​អតិថិជន​ធនាគារ​ ABA​ និងអតិថិជន​របស់​ធនាគារ​ឯកទេស​ វី​ង​ ​អាច​ផ្ទេរ​ប្រាក់​ ពី​គណនី​ ABA​ ទៅ​គណនី​ វីង​ ទៅ​វិញ​ទៅ​មក​បាន​។​ ការ​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មកនេះ​ អាច​ធ្វើ​ទៅ​បាន​ដោយ​គ្រាន់តែ​ចុច​ពីរ ​ឬ​បី​ដង​នៅ​លើ​កម្មវិធី​ ABA​ Mobile​ និង​កម្មវិធី​ស្មា​ត​ហ្វូ​ន​ វី​ង​ តែ​ប៉ុណ្ណោះ​។

​លើស​ពី​នេះ​ទៅ​ទៀត​ ភាព​ជា​ដៃគូ​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន​ធនាគារ​ ABA​ អាច​បង់​សង​ប្រាក់​កម្ចី​របស់​ពួក​គាត់​នៅ​តាម​ភ្នាក់ងារ​វី​ង​ ដែល​នៅ​ជិត​បំផុត​ដោយ​មិន​ចាំបាច់​ចំណាយពេល​ធ្វើ​ដំណើរ​ទៅ​កាន់​សាខា​ធនាគារ​ ABA​ ណាមួយ​ក៏​បាន​។​ ដំណើរការ​នៃ​ការ​បង់​សង​ប្រាក់​កម្ចី​នេះ​ កាន់តែ​ចំណាយ​ពេលវេលា​តិច​ និង​មាន​ភាព​ងាយស្រួល​ ដោយ​អតិថិជន​អាច​ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​ខ្លួន​ដោយ​ផ្ទាល់​តាម​រយៈ​ភ្នាក់ងារ​វី​ង​ ដែល​មាន​ជាង​ 7,300​ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ ឬ​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ វី​ង​ ទៅ​គណនី​ ABA​ នៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ នៅ​ផ្នែក​ទូទាត់​វិ​ក្ក័​យ​ប​ត្រ​ ឬ​ប្រើ​ USSD​ កូដ​ *989#​ ក៏​បាន​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​យើង​មាន​ភាព​រីករាយ​សូម​ប្រកាស​ជា​ផ្លូវការ​នូវ​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ធនាគារ​ Wing​ លើ​សេវា​ផ្ទេរ​ប្រាក់​ និង​ទូទាត់​សង​កម្ចី​។​ អតិថិជន​របស់​យើង​ឥឡូវនេះ​អាច​ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​ពួក​គេ​បាន​កាន់តែ​ងាយស្រួល​ ព្រមទាំង​អាច​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មករ​វាង​កម្មវិធី​ ABA Mobile​ និង​កម្មវិធី វីង​ ជាមួយ​តម្លៃ​សមរម្យ​ ហើយ​អាច​ប្រើប្រាស់​សម្រាប់​ការ​ទិញ​ ទំនិញ​ ឬ​ផ្ទេរ​ប្រាក់​ជូន​បងប្អូន​សាច់ញាតិ​របស់​ពួក​គេ​បាន​ថែម​ទៀត​ផង​”​។​ “​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ដ៏​ទំនើប​របស់​ធនាគារ​ ABA​ មាន​សក្តានុពល​នាំ​មក​នូវ​វឌ្ឍនភាព​ដ៏​ធំ​ទូលាយ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ កិច្ចសហការ​របស់​យើង​ជាមួយ​ធនាគារ​ Wing​ ដែល​យើង​ប្រកាស​នា​ថ្ងៃនេះ​ នឹង​ជួយ​ជំរុញ​កម្ពុជា​យើង​ឆ្ពោះទៅ​រក​សង្គម​ទំនើប​ ទូទាត់​បែប​ឌី​ជី​ថ​ល​។​”

លោក​ ម៉ា​នូ​ រ៉ា​ចាន់​ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​ វី​ង​ (​ខេ​ម​បូ​ឌា​)​ លីមីត​ធី​ត​ បាន​មាន​ប្រសាសន៍​ថា​៖​ “​យើង​តាំងចិត្ត​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ភាព​ងាយស្រួល​ និង​មាន​សុវត្ថិភាព​ នៅ​ពេល​ដែល​ប្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​មួយ​នេះ​។​ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង​ ដែល​ភាព​ជា​ដៃគូ​នេះ​ អាច​ឲ្យ​យើង​បម្រើ​តម្រូវការ​ផ្ទេរ​ប្រាក់​ និង​ដាក់​ប្រាក់​ដ៏​សម្បូរ​បែប​ជូន​ដល់​អតិថិជន​របស់​យើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ និង​ជួយ​សន្សំ​សំចៃ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សាខា​របស់​ធានា​គារ​។​ លើស​ពី​នេះ​ទៀត​ នេះ​ជា​ឧទាហរណ៍​ថ្មី​មួយទៀត​ ដែល​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​របស់​យើង​ក្នុង​ការ​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​និង​សេវាកម្ម​ធានា​គារ​ផ្លូវការ​មួយ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ធំ​របស់​យើង​ និង​បាន​ជម្រុញ​ឌី​ជី​ថ​ល​ យេ​ន​ឌ័​រ​ ព្រមទាំង​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។​”

​ធនាគារ​ ABA​ និងធនាគារ​ឯកទេស​វី​ង​ ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ ស្រប​ពេល​នេះ​ដែរ​ ធនាគារ​ ABA​ ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ទាំង​ថ្នាក់​ជាតិ​និង​អន្តរជាតិ​ ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល​ ដោយ​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​ និង​ធនាគារ​ចល័ត​ប្រកបដោយ​ភាព​ងាយស្រួល​។​ ធនាគារ​ឯកទេស​វី​ង​ តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពាំនាំ​ផលិតផល​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ជម្រុញ​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ ដោយ​រួម​បញ្ចូល​ទាំង​អ្នកមាន​គណនី​ធនាគារ​ ​និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ស្តី​ពី​សេវាកម្ម​ដែល​ផ្តល់​ដោយ​វី​ង​ និង ​ABA​ សូម​ទាក់ទង​មក​សេវា​អតិថិជន​របស់​ វី​ង​តាម​រយៈ​ លេខ​ទូរស័ព្ទ​៖​ 023​ 999​ 989​ ឬ​សេវា​អតិថិជន​របស់​ ABA​ ទូរស័ព្ទ​លេខ​ 023​ 225​ 333​ ។​

អំពី​ធនាគារ​ឯកទេស​វី​ង​ (​ខេ​ម​បូ​ឌា​)​ លីមីត​ធី​ត​
ធនាគារ​ឯកទេស​វី​ង​ (​ខេ​ម​បូ​ឌា​)​ លីមីត​ធី​ត​ គឺជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ និង​ជា​ធនាគារ​ឯកទេស​មួយ​ក្នុង​ចំណោម​ធនាគារ​ឯកទេស​មួយ​ចំនួន​តូច​នៅ​លើ​ពិភពលោក​។​ បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2009​ វី​ង​ បាន​ផ្លាស់​ប្តូរ​របៀប​ដែល​ប្រជាជន​កម្ពុជា​ផ្ញើ​និង​ទទួល​ប្រាក់​ដោយ​ប្រើ​ទូរស័ព្ទ​ចល័ត​គ្រប់ពេល​និង​គ្រប់​ទីកន្លែង​យ៉ាង​ងាយស្រួល​។​
ធនាគារ​ឯកទេស​ វី​ង​ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាមួយ​សេវា​គ្របដណ្ដប់​ 100%​ តាម​រយៈ​បណ្ដាញ​ភ្នាក់ងារ​ វី​ង​ជាង​ 7300​ កន្លែង​ នៅ​ទូ​ទាំង​ប្រទេស​ ។​ វី​ង​ បាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង​ 4​ ម៉ឺន​កន្លែង​ និង​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ពិភពលោក​មួយ​ចំនួន​ដូច​ជា​៖​ ម៉ា​ស្ទ័​រកា​ត​ វី​សា​ MoneyGram​ Alipay​ WeChat​ Pay​ និង​ Western​ Union​ ជាដើម​។​
​វី​ង​ ក៏​ផ្តល់​នូវ​ដំណោះស្រាយ​ទូទាត់​ការ​ចំណាយ​ និង​ថវិកា​ផ្សេងៗ​ដល់​ក្រុមហ៊ុន​សាជីវកម្ម​តាម​រយៈ​សេវាកម្ម​សហគ្រាស​របស់​យើង​។​ ជាមួយនឹង​វី​ង​ សហគ្រាស​ធុន​ តូច​និង​មធ្យម​ និង​ក្រុមហ៊ុន​ផ្សេងៗ​អាច​ប្រើប្រាស់​សេវា​បើកប្រាក់​បៀវត្សរ៍​ និង​ទូទាត់​ប្រាក់​របស់​វី​ង​ ដើម្បី​ជួយ​ដល់​ការ​លូតលាស់​និង​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​អេកូ​ទូទាត់​ការ​ចំណាយ​។​
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ www.wingmoney.com