ធនាគារABAគាំទ្រកម្មវិធី សុវត្ថិភាពយើងដើម្បីកុមារ នៅតាខ្មៅ

03/Jun/2015

ធនាគារABA រួមជាមួយនឹងក្រុមហ៊ុនក្នុងស្រុកមួយចំនួន បានគាំទ្រកម្មវិធី “សុវត្ថិភាពយើង” រៀបចំដោយនិស្សិត វ័យក្មេងនៃសកលវិទ្យាល័យហ្សាម៉ាន់ ដើម្បីរួមចំណែក ផ្តល់ចំណេះដឹងស្តីពីសុវត្ថិភាពចរាចរដល់ប្អូន សិស្សានុសិស្សនៅសាលាបឋមសិក្សាតាខ្មៅ។ នេះជា សកម្មភាពសង្គមមួយដែលបណ្តុះចំណេះដឹងពីច្បាប់ចរាចរ ក៏ដូចជាសកម្មភាពដែលបណ្តុះគំនិតគិតគូរដល់កុមារ កម្ពុជាផងដែរ។

គំរោងនេះបានផ្តួចផ្តើមឡើងដោយនិស្សិតវ័យក្មេងនៃ សកលវិទ្យាល័យហ្សាម៉ាន់ ចូលរួមដោយនិស្សិតស្ម័គ្រចិត្ត មួយចំនួនទៀតមកពីសកលវិទ្យាល័យនៅរាជធានីភ្នំពេញ សរុបប្រមាណជា 30 នាក់។ អ្នកស្មគ័្រចិត្តបានបង្ហាញពី សុវត្ថិភាពនៃការយល់ដឹងពីស្លាកសញ្ញាចរាចរ និងចំនុច សំខាន់ៗនៃច្បាប់ចរាចរ ការសំដែងរឿងខ្លីស្តីពីគ្រោះថ្នាក់ចរាចរនិងការការពារ ព្រមទាំងច្រៀងចំរៀងរួមគ្នាទាក់ទិននឹង សុវត្ថិភាពចរាចរ ទៅកាន់ប្អូនសិស្សានុសិស្សបឋមសិក្សាប្រមាណជាង 150 នាក់។

“ធនាគារ ABA មានសេចក្តីរីករាយនឹងគាំទ្រសកម្មភាពទាំងនេះដើម្បីជួយផ្តល់ចំណេះដឹងស្តីពីសុវត្ថិភាពចរាចរដល់ ប្អូនៗកុមារ។ យើងក៏ទទួលស្គាល់ឆន្ទៈនិងការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតដែលបានរៀបចំសកម្មភាពដ៏មាន សារៈសំខាន់ជួយដល់ប្អូនៗជំនាន់ក្រោយ ជាការពិតណាស់យុវវ័យជាក្តីសង្ឃឹមនិងជាអនាគតរបស់ជាតិយើង” នេះ ជាប្រសាសន៏របស់លោកស្រីចាប ចន្ទ័ឌីណាប្រធានទំនាក់ទំនងសាធារណៈនៃធនាគារABA ។ លោកស្រីបានបន្ត ទៀតថា “ទាំងនេះក៏ជាផ្នែកមួយនៃគុណតម្លៃរបស់ធនាគារដែលផ្តល់ត្រលប់ទៅសហគមន៍ និងជាបេសកម្មដែល អាចរួមចំណែកជួយកម្ពុជាមានអនាគតត្រចះត្រចង់ផងដែរ”។

នាឳកាសនោះ និស្សិតវ័យក្មេងក៏បានចែក មួកសុវត្ថិភាពនិងកញ្ចប់សម្ភារៈសិក្សាដល់ប្អូនៗកុមារជាង 150នាក់ និងជូនកញ្ចប់អនុស្សាវរីយ៏ជូនដល់លោកគ្រូអ្នកគ្រូផងដែរ។

អំពីកម្មវិធីសុវត្ថិភាពយើង

កម្មវិធី “សុវត្ថិភាពយើង” គឺជាការងារសហគមន៍ដែលផ្តួចផ្តើមដោយនិស្សិតវ័យក្មេងនៃសកលវិទ្យាល័យ ហ្សាម៉ាន់ ។ គម្រោងមានគោលបំណងចែករំលែកត្រលប់ទៅកាន់សង្គមនិងបានប្រារព្ធធ្វើនៅសាលាបឋមសិក្សា តាខ្មៅ ខេត្តកណ្តាល។