ធនាគារ​ ABA​ ចាប់​ដៃជាមួយ​ស្មា​ត (“Smart”)​ ជួយ​ឲ្យ​អតិថិជន​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មក

17/Oct/2017

ធនាគារ​ ABA​ ចាប់​ដៃជាមួយ​ស្មា​ត (“Smart”)​ ជួយ​ឲ្យ​អតិថិជន​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មកធនាគារ​ ABA​ ចាប់​ដៃជាមួយ​ស្មា​ត (“Smart”)​ ជួយ​ឲ្យ​អតិថិជន​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មក

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ និង​ ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​សម្ព័ន្ធ​ធនាគារជាតិ​កា​ណា​ដា​ បាន​ពង្រីក​កិច្ចសហការ​ប្រតិបត្តិការ​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Smart​ ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ភ្ជាប់​គណនី​ របស់​ធនាគារ​ ABA​ ជាមួយ​គណនី​របស់​សេវាកម្ម​ SmartLuy​ ដែល​នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​នៃ​ គណនី​ទាំង​ពីរ​ក្នុង​ការ​ផ្ទេរ​ប្រាក់​ទៅ​វិញ​ទៅ​មក​។​

ជាមួយ​កិច្ចសហការ​ជា​ដៃគូ​នេះ​ ឥឡូវ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​ភ្លាមៗ​ រវាង​គណនី​ធនាគារ​ ABA​ និង​SmartLuy​ តាម​រយៈ​ការ​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ និង​ កម្មវិធី​ SmartLuy​។​ អតិថិជន​អាច​មាន​ជម្រើស​ ក្នុង​ការ​ផ្ទេរ​ជា​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​ក្នុង​តម្លៃ​ដ៏​សមរម្យ​បំផុត​។​ លើស​ពី​នេះ​ទៀត​ អតិថិជន​របស់​ធនាគារ​ ABA​ ដែល​ជាប់​កម្ចី​ អាច​បញ្ចូល​ប្រាក់​ទៅ​ក្នុង​គណនី​បង់​កម្ចី​ ទៅ​ជូន​ធនាគារ​ ABA​ តាម​បណ្ដាញ​ភ្នាក់ងារ​ដ៏​ទូលំទូលាយ​របស់​ SmartLuy​ បាន​ទូ​ទាំង​ប្រទេស​។​ នៅ​ពេល​ខាង​មុខ​ទៀត​ អតិថិជន​របស់​ធនាគារ​នឹង​មាន​លទ្ធភាព​ដក​សាច់ប្រាក់​ពី​គណនី​របស់​ខ្លួន​នៅ​តាម​បណ្ដា​ភ្នាក់ងារ​ SmartLuy​ នានា​ផង​ដែរ​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖“​យើង​មាន​សេចក្ដី​រីករាយ​សូម​ប្រកាស​អំពី​ការ​ពង្រីក​កិច្ចសហការ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ជាមួយ​ក្រុមហ៊ុន​ Smart​ ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។​ កិច្ច​សហប្រតិបត្តិការ​នេះ​ គឺជា​ដំណើរ​សមប្រកប​ឆ្ពោះទៅ​រក​គោលដៅ​របស់​យើង​ ក្នុង​ការ​ផ្ដល់​ជូន​នូវ​ដំណោះស្រាយ​សេវាកម្ម​ធនាគារ​ដ៏​ប្រសើរ​បំផុត​ដល់​អតិថិជន​និង​ដើម្បី​ភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​បែប​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​”​ លោក​បាន​បន្ថែម​ទៀត​ថា​៖​ “​ជាក់ស្ដែង​ កិច្ចព្រមព្រៀង​នេះ​ បាន​បើកផ្លូវ​ឲ្យ​អតិថិជន​ធ្វើការ​បង់​កម្ចី​ត្រលប់​មក​ធនាគារ​ ABA​ វិញ​ តាម​រយៈ​បណ្ដាញ​ភ្នាក់ងារ​របស់​ SmartLuy​ បាន​គ្រប់ពេលវេលា​ ទោះជា​ថ្ងៃ​សម្រាក​ ឬ​ ហួស​ម៉ោង​ធ្វើការ​ក៏​ដោយ​ ដែល​ចំណុច​នេះ​នឹង​នាំ​មក​នូវ​ភាព​ងាយស្រួល​បំផុត​ដល់​អតិថិជន​របស់​យើងខ្ញុំ​។​”

​លោក​ Thomas​ Hundt​ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Smart​ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​៖​ “​សេវាកម្ម​ថ្មី​ដែល​ SmartLuy​ ផ្ដល់​ជូន​ដល់​អតិថិជន​នេះ​ គឺ​ស្រប​ជាមួយ​ឆន្ទៈ​របស់​យើង​ក្នុង​ការ​ជំរុញ​ដល់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ ដោយ​កិច្ចសហការ​រួម​គ្នា​ជាមួយ​ធនាគារ​ ABA​ នោះ​អតិថិជន​របស់​យើង​ទាំង​ពីរ​ នឹង​មាន​លទ្ធភាព​បញ្ចូល​ប្រាក់​ក្នុង​គណនី​ និង​ផ្ទេរ​ប្រាក់​បាន​លឿន​និង​ងាយស្រួល​ជាង​មុន​។​”​ លោក​ក៏​បាន​បន្ត​ទៀត​ថា​៖​ “​តាម​រយៈ​ការ​ពង្រីក​បន្ថែម​នូវ​បណ្ដាញ​ភ្នាក់ងារ​ ក៏​ដូច​ជា​ពាណិជ្ជករ​ដៃគូ​ ដែល​យើងខ្ញុំ​បាន​នឹង​កំពុង​តែ​ពង្រីក​ជា​បន្តបន្ទាប់​នេះ​ អតិថិជន​នឹង​អាច​រីករាយ​ជាមួយ​សមត្ថភាព​ដ៏​ពេញលេញ​ របស់​ SmartLuy​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។​”

បច្ចុប្បន្ន​នេះ​ ភ្នាក់ងារ​របស់​ SmartLuy​ មាន​ច្រើន​ជាង​ 1,000​ ភ្នាក់ងារ​ ដែល​បាន​នឹង​កំពុង​តែ​បម្រើសេវា​ដល់​បុគ្គល​ និង​អាជីវកម្ម​នានា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ជាមួយ​ SmartLuy​ អតិថិជន​អាច​បង់​វិក្កយបត្រ​,​ដាក់​ ឬ​ ដក​ប្រាក់​,​ បញ្ចូល​កាត​ទូរស័ព្ទ​ដៃ​,​ ផ្ទេរ​ប្រាក់​ និង​ទិញ​ទំនិញ​អន​ឡាញ​បាន​យ៉ាង​ងាយស្រួល​។​

​អំពី​ក្រុមហ៊ុន​ ស្មា​ត​ អា​ស្យា​តា​
​ក្រុមហ៊ុន​ ស្មា​ត​ អា​ស្យា​តា​ ខូ​ អិ​ល​ធី​ឌី​ (“Smart”)​ គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​នា​ពេល​បច្ចុប្បន្ន​បាន​នឹង​កំពុង​បំរើ​អតិថិជន​ច្រើន​ជាង​៨​ (​ប្រាំបី​)​លាន​នាក់​ ក្រោម​ស្លាក​សញ្ញា​ “​ស្មា​ត​”​។​ ក្រុមហ៊ុន​ Smart​ គឺជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ​ មានឈ្មោះ​ថា​ Axiata​ Group​ Berhard​ ដែល​ ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ ទូរគមនាគមន៍​ធំ​ជាងគេ​បង្អស់​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​នានា​ក្នុង​ទ្វិ​ប​អាស៊ី​។​

ក្រុមហ៊ុន​ Smart​ គឺ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ នា​ឆ្នាំ​២០១៤​ ស្មា​ត​ គឺជា​ប្រតិបត្តិ​ករ​ដំបូង​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​នាំ​មក​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​សេវា​ 4G​ LTE​ ហើយ​ក៏​បាន​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ថែប​ទៀត​តាម​ រយៈ​ការ​ដាក់​ឲ្យ​ដំណើ​ការ​សេវា​បច្ចេកវិទ្យា​ 4G+​ (LTE​ Advanced)​ នា​ដើមឆ្នាំ​២០១៦​ និង​នា​ដើមឆ្នាំ​២០១៧​ ក៏​បាន​ធ្វើការ​ណែនាំ​នូវ​សេវា​បច្ចេកវិទ្យា​ថ្មី​មួយទៀត​គឺ​ 4G+​ HD​ Voice​ ឬ​ VoLTE​ ដែល​សេវា​នេះ​បាន​ធ្វើ​ឲ្យ​ Smart​ កាន់តែ​មាន​ភាព​ជា​ អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ជាមួយ​ទៅ​នឹង​បច្ចេកវិទ្យា​ដ៏​សម្បូរ​បែប​រូ​ម​មាន​៖​ សេវា​បច្ចេកវិទ្យា​ 2G,​ 2.5G,​ 3G​ និង​3.75G​ ស្មា​ត​បាន​នឹង​កំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង​៩៨​ (​កៅសិប​ប្រាំបី​)​ ភាគរយ​ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ក៏​មាន​ផ្តល់​សេវា​ទំនាក់ទំនង​ទៅ​កាន់​អន្តរជាតិ​ (Roaming)​ ច្រើន​ជាង​១៩០(​មួយ​រយ​កៅសិប​)​ ប្រទេស​លើ​សាកលលោក​។​

​ដើម្បី​ឲ្យ​កាន់តែ​ទំនើប​ទាន់សម័យ​ស្រប​ទៅ​តាម​បរិបទ​សង្គម​រស់នៅ​ ក្រុមហ៊ុន​ Smart​ បាន​នឹង​កំពុង​ប​ម្លែ​ង​ខ្លួន​ យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិ​ករ​បែប​ឌី​ជី​ថ​ល​ តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ឌី​ជី​ថ​ល​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​៖​ ការ​ចាប់ដៃ​ គូរ​ជាមួយ​ភាគី​អន្តរជាតិ​ដែល​មានឈ្មោះ​ល្បី​រន្ទឺ​នានា​ដូច​ជា​៖​ Universal​ Music,​ Apple,​ Facebook​ និង​ iflix​ ហើយ​ក៏​មាន​ សេវាកម្ម​បែប​ឌី​ជី​ថ​ល​នានា​ទៀត​ដូច​ជា​ SmartLuy,​ Smart​ Insurance,​ SmartPay,​ Smart​ Music​ និង​ SmartNas​។​ ក្រុមហ៊ុន​ ស្មា​ត​ មាន​ទស្សនៈវិស័យ​យ៉ាង​ម៉ុ​ត​មាំ​នឹង​ក្លាយ​ខ្លួន​ជា​ប្រតិបត្តិ​ករ​បែប​ឌី​ជី​ថ​ល​ឈានមុខ​គេ​បង្អស់​ ស្រប​ពេល​គ្នា​ផង​ ដែរ​ទៅ​នឹង​ការ​ដើ​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​

​ក្រុមហ៊ុន​ Smart​ មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង​១,០០០​ (​មួយ​ពាន់​)​នាក់​ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ និយោជិត​ក្នុងស្រុក​ និង​និយោជិត​បរទេស​។​ ក្រុមហ៊ុន​ Smart​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជាទី​បំផុត​ចំពោះ​អតិថិជន​ បុគ្គលិក​និយោជិត​របស់​ខ្លួន​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយៈ​ការ​នាំ​មក​នូវ​សេវា​បច្ចេកវិទ្យា​ លំដាប់​ពិភពលោក​,​ បទ​ពិសោធ៍​បែប​ឌី​ជី​ថ​ល​ល្អ​ឥត​ខ្ចោះ​ និង​ពិសេស​គឺ​ការ​ចូលរួម​យ៉ាង​សកម្ម​ទៅ​លើ​ការងារ​ទទួលខុសត្រូវ​ សង្គម​។​

Live.​ Life.​ Be​ Smart.
​ស្មា​ត​ ជិ​វិត​រស់​រវើក​