ធនាគារ​ ABA​ ឧបត្ថម្ភ​សន្និបាត​បញ្ញវន្ត ​ពិភពលោក​ឆ្នាំ ​2017​

21/11/2017

ធនាគារ​ ABA​ ឧបត្ថម្ភ​សន្និបាត​បញ្ញវន្ត​ពិភពលោក​ឆ្នាំ​ 2017​ ​ស្រប​តាម​គោលការណ៍​គាំទ្រ​វិស័យ​អប់រំ​ និង​លើកទឹកចិត្ត​ផ្នែក​ធុរៈកិច្ច​ ធនាគារ​ ABA​ បាន​ចូលរួម​សន្និបាត​បញ្ញវន្ត​ពិភពលោក​លើក​ទី​បី​ដោយ​ ឧបត្ថម្ភ​ជា​ Gold​ sponsor​ ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ សុខា​ ភ្នំពេញ​។​ ព្រឹត្តិការណ៍​បាន​ប្រព្រឹត្ត​ឡើង​ ថ្ងៃ​17-18​ ខែ​ វិច្ឆិកា​ ឆ្នាំ​2017​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ 500​ នាក់​ និង​មានការ​បើក​សន្និបាត​ដោយ​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ត្រី​ ក្រសួងការបរទេស​និង​ទំនាក់ទំនង​អន្តរជាតិ​។​

សន្និបាត​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ IDP​ Education​ Cambodia​ ដោយឡែក​សន្និបាត​បញ្ញវន្ត​ពិភពលោក​ឆ្នាំ ​2017​ ផ្តោត​លើ​ចំណុច​គោលៗ​ចំនួន​ 3​ ការ​ពិភាក្សា​ធុរៈកិច្ច​អន្តរជាតិ​ និង​សន្និបាត​អប់រំ​ ពិ​ពរ​ណ៍​អប់រំ​អន្តរជាតិ​ផ្នែក​ការ​សិក្សា​ និង​ ការ​ជួបជុំ​ពិសារ​អាហារ​ពេល​ល្ងាច​សម្រាប់​និស្សិត​បញ្ញវន្ត​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅប្រទេស​។ ការ​ពិភាក្សា​ធុរៈកិច្ច​អន្តរជាតិ​បាន​ជជែក​លើ​ប្រធានបទ​សំខាន់ៗ​ ដូច​ជា​ វិស័យ​កសិកម្ម​បែប​ជំនួញ​ វិស័យ​ទំនាក់ទំនង​ធុរៈកិច្ច​ក្នុង​សម័យ​ឌី​ជី​ថ​ល​ ការ​ដឹកនាំ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​ប្រធានបទ​ផ្សេងៗ​ទៀត​។​

​សន្និបាត​ប្រចាំឆ្នាំ​នេះ​បាន​ពាំនាំ​បញ្ញវន្ត​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​ផ្សេងៗ​ ដូច​ជា​ កម្ពុជា​ អូស្ត្រាលី​ កា​ណា​ដា​ ញូ​ហ្សែ​ឡែ​ន​ ចិន​ ម៉ា​ឡេ​ស៊ី​ ស​ង្ហិ​បុរី​ និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ ដើម្បី​ជួប​សំណេះសំណាល​ ផ្តល់​មតិយោបល់​និង​ជជែក​ជាមួយ​អ្នកជំនាញ​ អ្នកធ្វើការ​សម្រេចចិត្ត​ និង​ថ្នាក់ដឹកនាំ​ តំណាង​ពី​រដ្ឋាភិបាល​ ស្ថាប័នឯកជន​ និង​សង្គម​ស៊ី​វិល​។​

​ថ្លែង​ក្នុង​ឪ​កាស​នេះ​ផង​ដែរ​ កញ្ញា​ លឹ​ម​ ស៊ា​ង​ហេង​ ប្រធាន​ទំនាក់ទំនង​សាធារណៈ​របស់​ធនាគារ​ ABA​ បាន​លើក​ឡើង​ថា​៖ ”​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ធនាគារ​ ABA​ បាន​ ឧបត្ថម្ភ​សន្និបាត​បញ្ញវន្ត​ពិភពលោក​ ហើយ​យើង​មាន​ភាព​រីករាយ​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​បែប​នេះ​ពីព្រោះ​វា​បាន​ដើរតួ​នាទី​យ៉ាង​ចំបង​ក្នុង​ការ​បង្កើត​នូវ​ឪ​កាស​ជំនួញ​ថ្មី​ជា​ច្រើន​។ ​សន្និបាត​បញ្ញវន្ត​ពិភពលោក​ក៏​បាន​ផ្តល់​នូវ​បរិយាកាស​សម្រាប់​ បញ្ញវន្ត​បញ្ចប់​ការ​សិក្សា​ទូ​ទាំង​ពិភពលោក​មក​ជួបជុំ​និង​ តំណាង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ តំណាង​ស្ថានទូត​ នាយក​ អគ្គនាយក​ប្រតិបត្តិ​ និង​បុគ្គលិក​ជាន់ខ្ពស់​ដែល​បាន​ជួបនឹង​ចែករំលែក​ មតិយោបល់​ក្នុង​វិស័យ​អប់រំ​ អាជីព​ការងារ​ និង​ការ​បង្កើត​អាជីវកម្ម​ ដែល​សុត​ទ្ធ​តែ​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ និង​ពង្រឹង​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​។​”

​អំពី​សន្និបាត​បញ្ញវន្ត​ពិភពលោក​
សន្និបាត​បញ្ញវន្ត​ពិភពលោក​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ IDP​ Education​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​កម្រិត​ពិភពលោក​ក្នុង​ការ​ផ្តល់​សេវាកម្ម​អប់រំ​ ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​ដល់​សិស្ស​និស្សិត​អន្តរជាតិ​។​សន្និបាត​បញ្ញវន្ត​ពិភពលោក​ មាន​គោលបំណង​ផ្សារ​ភ្ជាប់​ ការ​សិក្សា​ ចំណេះដឹង​ និង​ផ្តល់​ការ​លើកទឹកចិត្ត​ខ្ពស់​ដល់​ សិស្ស​និស្សិត​ជំនាន់​ក្រោយ​ និង​ផ្តល់​ជា​សក្តានុពល​ដែល​ការ​សិក្សា​នៅ​ក្រៅប្រទេស​អាច​ជា​យាន​ក្នុង​ការ​បង្កើត​ អាជីព​ ជម្រើស​នៃ​ការងារ​ ប្រវត្តិ​ជោគជ័យ​របស់​សិស្ស​ជំនាន់​មុនៗ​ និង​ផ្តល់​ព័​ត៍​មាន​ពី​កម្ពុជា​ទៅ​ដល់​ពិភពលោក​។​ សន្និបាត​នេះ​ផង​ដែរ​ ក៏​ជា​ការ​សន្ទនា​ជាន់ខ្ពស់​សម្រាប់​ការ​ជជែក​ និង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ អ្នកជំនួញ​ និង​ស្ថាប័ន​សង្គម​ស៊ី​វិល​ក្នុង​ប្រទេស​កម្ពុជា​ និង​អន្តរជាតិ​។​